នយោបាយ

សម្តេចតេជោ ៖ កម្ពុជាមិនអាចរំពឹង លើជំនួយបរទេសតែមួយមុខទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា សេដ្ឋកិច្ចកម្ពុជាមិនអាចរំពឹង លើជំនួយបរទេសតែ មួយមុខនោះទេ ហើយក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន ទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។

ការលើកឡើងរបស់សម្តេចតេជោ ក្រោយមួយថ្ងៃពីសហភាពអឺរ៉ុប(EU) បានសម្រេចដកការអនុគ្រោះពន្ធមកលើកម្ពុជា។ សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការ ដែលអាចនាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នូវការទទួលបានអាទិភាព របស់កម្ពុជា លើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម គ្រប់យ៉ាងលើកលែងតែអាវុធ ឬ EBA ។ EBA អាចត្រូវបានលុបចោល ប្រសិនបើប្រទេសទទួលផល មិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ថា ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ កំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ធគយ គឺបានកើនឡើងជាបន្តបន្ទាប់។ សេដ្ឋកិច្ចកម្ពុជា ដែលពីមុនហ៊ុព័ទ្ធទៅដោយទារុណកម្ម និងការគៀបសង្កត់នោះ ប៉ុន្តែពេលនេះ បានងើបលូតលាស់ និងកាន់តែរឹងមាំ។

សម្តេចបន្តថា កម្ពុជាពីមុនដែលធ្លាប់ជាប្រទេសក្រីក្រ ធ្លាក់ដល់បាតដាល ប៉ុន្តែឥឡូវបានងើបលេចធ្លោររួចផុតពីភាពក្រីក្រ ជាមួយនឹងកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧%។ ដោយសារចំណូលពន្ធកាន់តែខ្ពស់ ការព្យាករណ៍ទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

នាយករដ្ឋមន្រ្តីបញ្ជាក់ថា “កម្ពុជាមិនអាចរំពឹង លើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន ទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អ ជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់ឃើញកម្ពុជារីកចម្រើន ទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសជាតិ”។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានអរគុណ អាជីវករ ពាណិជ្ជករ និងវិនិយោគគិនដែលបានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគកាន់តែធំឡើងៗនៅក្នុងប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុបនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩បានឲ្យដឹងថា ការបើកដំណើរការនីតិវិធីដក EBA បណ្តោះអាសន្ន មិនតម្រូវឲ្យការដកពន្ធនាំចូលភ្លាមៗនោះទេ ផ្ទុយទៅវិញ វាចាប់ផ្តើមរយៈពេល នៃការត្រួតពិនិត្យយ៉ាងល្អិតល្អន់។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ កាលពីឆ្នាំ២០១២។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា បានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប៕ ដោយ៖ ស សំណាង

Facebook Comments

To Top