ព័ត៌មានជាតិ

លោក ព្រាប កុល បង្ហាញហេតុផល សំខាន់១២យ៉ាង ដែលធ្វើឲ្យជាតិសាសន៍ មួយធ្លាក់ចុះខ្សោយ (មានវីដេអូ)

ភ្នំពេញ៖ លោកព្រាប កុលនាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជាបាន លើកហេតុផលសំខាន់ៗនៃ ទំលាប់ និងអត្តចរិត ១២ យ៉ាង ដែលនាំឲ្យជាតិសាសន៍ មួយធ្លាក់ខ្លួនចុះខ្សោយ។

លោកព្រាបកុលបានលើកឡើង តាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២កុម្ភៈ នៃចំណុចទាំង១២រួមមាន៖
១.ពូកែផ្អើលតាមគ្នា ដោយប្រើអារម្មណ៍ ជាងប្រើប្រាជ្ញា
២.ចេះឈឺឆ្អាលរឿងអយុត្តិធម៌ ប៉ុន្តែមិនហ៊ានតតាំង និងទាមទាររកយុត្តិធម៌
៣.បើឈឺឆ្អាលរឿងអ្វីមួយគឺនាំគ្នាផុសផុលខ្លាំងតែមួយភ្លែត រួចក៏ឆាប់សាបរលាបទៅវិញដូចភ្លើងចំបើង
៤.ចិត្តងាយ ហើយបណ្តោយឲ្យព្រឹត្តិការណ៍ និងហេតុការណ៍ទាក់ទាញអារម្មណ៍ និងខ្ជះខ្ជាយពេលវេលា ដែលជារឿយៗជាប់រវល់រឿងតូចតាចភ្លេចគិតពីបញ្ហាធំៗ
៥.ចូលចិត្តចំណាយពេល ដើម្បីកំដរអារម្មណ៍ សុីអារម្មណ៍ (ដ្រាមា/drama) ជាងចំណាយពេលដើម្បីរៀនសូត្រ និងបង្កើនប្រាជ្ញាខ្លួនឯង
៦.ពូកែអួត សម្ងែង ឲ្យឮសូរខ្ទរខ្ទារ ដូចស្គរ ប៉ុន្តែប្រហោងក្នុង (សុខចិត្តជំពាក់លុយគេ ដើម្បីភាពឡូយឆាយ និងហំហួនពីសំបកក្រៅ)
៧. ធ្វើការងារចុងដៃ ចុងជើង គម្រប់កិច្ច មិនសូវយកចិត្តទុកដាក់ ទទួលខុសត្រូវ ឬផ្តោតលើគុណភាពទេ ប៉ុន្តែចង់បានប្រាក់ខែច្រើន និងចង់ឡើងមុខដំណែងឆាប់
៨.បើផឹកស្រាមិនស្រវឹង មិនឈប់ ហើយលើកកែវញឹកញាប់ព្រោះខ្លាចអ្នកលក់ស្រាចំណេញតិចពេក
៩.ចូលចិត្តញ៉ាំអាហារពេលល្ងាចច្រើន ខ្លាចអត់មានក្បាលពោះ និងចង់បានជាតិស្ករ ឬខ្លាញ់ច្រើន ព្រោះចង់ជួយគ្រូពេទ្យ និងអ្នកលក់ថ្នាំពេទ្យឲ្យមានប្រាក់ចំណូលខ្ពស់។
១០. ចូលចិត្តប្រកួតប្រជែង យកឈ្នះចាញ់​ ជាមួយជាតិសាសន៍ខ្លួនឯង ប៉ុន្តែខ្លាច និងមិនហ៊ានតតាំងប្រឈម ឬប្រកួតជាមួយជាតិសាសន៍ដទៃ។
១១.ស្អប់អំពើពុករលួយ ប៉ុន្តែមិនហ៊ានរិះគន់អ្នកប្រព្រឹត្តិពុករលួយ ហើយបើមានឱកាស និងផលចំណេញដល់ខ្លួនដែរ ចូលរួមសហការណ៍ប្រព្រឹត្តអំពើ ពុករលួយបានដោយងាយ។
១២.យកកិច្ចការនយោបាយ ធ្វើជាមុខរបរ និងប្រើលិ្បចកលប្រជែងគ្នា តាមក្បួនរបស់ល្បែង៕ដោយ​:ស​សំណាង​

Facebook Comments

To Top