ព័ត៌មានជាតិ

លោក ឃួង ស្រេង ក្លាយជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហម ប្រចាំរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា បានប្រកាសសមាសភាព លោក ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមប្រចាំ រាជធានីភ្នំពេញ ដើម្បីរអនុវត្តសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។

ពិធីប្រកាសនេះ ធ្វើឡើងក្រោមវត្តមានលោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមន្ត្រីកាកបាទ ក្រហមរាជធានីជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងនោះ ក៏បានប្រកាសលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាប្រធានកិត្តិយស និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី ជាអនុប្រធាន ។

លោក ឃួង ស្រេង បានប្តេជ្ញាបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តម ជាពិសេសការផ្តល់សេវាកម្ម ជួយជនរងគ្រោះ ប្រកបដោយការទទួលខុសត្រូវ។ លោកថា នឹងប្រកាន់ភ្ជាប់ នូវគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។

ក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បានជំរុញដល់សាខាកាកបាទក្រហមរាជធានីភ្នំពេញ ត្រូវបន្តអនុវត្តភារកិច្ច និងខិតខំបម្រើការងារមនុស្សធម៌ ឲ្យស័ក្តសមជាកាកបាទក្រហមកម្ពុជា ដែលជាជំនួយការមនុស្សធម៌ ដល់រាជរដ្ឋាភិបាល និងជាជំនួយការ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលផងដែរ៕

ដោយ ម៉ៅ ដារាត់

Facebook Comments

To Top