អន្តរជាតិ

រដ្ឋាភិបាលអ៊ីតាលី គ្រោងប្រើប្រាស់មាសបម្រុង ដើម្បីជៀសវាងការដំឡើងពន្ធ

បរទេស៖ កាសែត La Stampa បានផ្សាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលអ៊ីតាលី គ្រោងនឹងប្រើប្រាស់មាសបម្រុង របស់ប្រទេសនេះ ដែលត្រូវបានរក្សាទុកនៅធនាគារអ៊ីតាលី ដើម្បីចៀសវាងការដំឡើងពន្ធ លើតម្លៃបន្ថែម (VAT) នៅឆ្នាំ ២០២០ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹង ដោយយោងតាមកាសែត La Stampa ថា សេចក្តីថ្លែងការណ៍ របស់លោកឧបនាយករដ្ឋមន្ត្រី Luigi Di Maio និងលោក Matteo Salvini ដែលបានអំពាវនាវ ឱ្យមានការផ្លាស់ប្តូរទាំងស្រុង នៃភាពជាអ្នកដឹកនាំ របស់ធនាគារកណ្តាលអ៊ីតាលីនោះ គឺចង់បានការត្រួតពិនិត្យជាក់ស្តែង លើទុនបម្រុងជាមាសរបស់ប្រទេស។

ធនាគារអ៊ីតាលី មានស្វ័យភាពទូលំទូលាយ ដោយដំណើរការ សម្រេចចិត្តរបស់ខ្លួនឯករាជ្យ ពីរដ្ឋាភិបាលរបស់ប្រទេស។ ទោះជាយ៉ាងណាក៏ដោយ សមាជិកនៃខុទ្ទកាល័យ បានបន្ទោសមេដឹកនាំ ដែលកំពុងកាន់អំណាចរបស់ធនាគារ ចំពោះការខកខានត្រួតពិនិត្យ ប្រព័ន្ធធនាគារអ៊ីតាលី ឱ្យបានត្រឹមត្រូវ ដែលនាំឱ្យមានការដួលរលំ នៃស្ថាប័នឥណទានមួយចំនួន៕
ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top