នយោបាយ

រដ្ឋមន្រ្តីព័ត៌មានសុំទោស អង្គការក្រៅរដ្ឋាភិបាលទាំង១៩ បន្ទាប់ពីលោកប្រតិកម្មខុស

ភ្នំពេញ ៖ រដុ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសុំទោស ក្រុមអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ ដោយសារកន្លងទៅ លោកបានបញ្ចេញប្រតិកម្មខុស ទៅលើអង្គការទាំងនោះ។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ខៀវ កាញារីទ្ធ បានប្រតិកម្មទៅលើអង្គការ ក្រៅរដ្ឋាភិបាលទាំង១៩ ដែលបានស្នើឲ្យស្ថាប័នរដ្ឋពាក់ព័ន្ធពន្លឿន ការអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មានឲ្យបានឆាប់ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន ខណៈច្បាប់ដែលអូសបន្លាយ ជាច្រើនឆ្នាំមកហើយនៅពេលនេះ កំពុងស្ថិតក្នុងដៃក្រសួងព័ត៌មាន ដោយកំពុងបន្តនីតិវិធី ឲ្យមានការជជែកពិភាក្សា ជាអន្តរក្រសួងបន្តទៀត។ ក្រោយកាសែតភ្នំពេញប៉ុស្តិ៍បានចេញផ្សាយ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១២ កុម្ភៈ បានឲ្យដឹងថា “ស្តាប់តែការផ្សាយរបស់កាសែត ធ្វើឲ្យខ្ញុំមានប្រតិកម្មមិនសមរម្យ ជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលបានផ្ញើលិខិតគាំទ្រ ការប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការរៀបចំច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ។ ខ្ញុំសូមទោសចំពោះសំដីធំៗ របស់ខ្ញុំចំពោះអង្គការទាំង ១៩ ហើយពេលនេះ ខ្ញុំកំពុងរៀបចំ​ សេចក្ដីជូនដំណឹងមួយឆ្លើយតប ចំពោះស្មារតី នៃលិខិតខាងលើនេះហើយ” ។

យោងតាមលិខិតផ្ញើទៅអង្គការទាំង១៩ របស់លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា បច្ចុប្បន្នសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន ត្រូវបានព្រាងរួចរាល់ជាស្ថាពរ ដែលមាន៩ជំពូក និង៣៨មាត្រា និងត្រូវបានតាក់តែងឡើង ក្នុងគោលបំណង ធានាឲ្យសាធារណជន គ្រប់រូបនូវសិទ្ធិ និងសេរីភាពក្នុងការទទួលព័ត៌មាន។

លិខិតបន្តថា ជុំវិញការសម្ដែងការគាំទ្រ របស់បណ្ដាអង្គការសង្គមស៊ីវិលទាំង១៩ ក្រសួងក៏បានបញ្ចូល សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅក្នុងគម្រោងកម្មវិធីណៃ តម្រូវការសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាក្នុងរយៈពេល៥ឆ្នាំ (២០១៩-២០២៣)រួចរាល់ហើយ ។ ក្នុងនោះ ក៏មានសេចក្ដីព្រាងច្បាប់ ស្ដីពីសោតទស្សន៍ ការធ្វើវិសោធន៍កម្មច្បាប់ ស្ដីពីរបបសារព័ត៌មាន និងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម៕ ដោយ៖ធី លីថូ

Facebook Comments

To Top