ព័ត៌មានជាតិ

មន្រ្តីរាជការទាំងអស់ លែងព្រួយបារម្មណ៍ រឿងលុយថ្លៃសេវាព្យាបាល នៅពេលមានបញ្ហាសុខភាព ទៀតហើយ

ភ្នំពេញ៖ ការថ្លែងឡើង របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារឹទ្ធ ជាមួយគ្នា និងការលើកឡើង ដូចខាងលើ លោកក៏បានបន្តលើកសរសើរ ពីបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ នៅពេលដែលលោកអញ្ជើញចូលរួម នៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ១៧២៧ ប័ណ្ណ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងព័ត៌មាន នាថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីតំណាង ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ សរុបប្រមាណជាង ២០០នាក់ ស្ថិតនៅក្នុងទីស្តីការក្រសួងព័ត៌មាន ដោយផ្ទាល់នៅព្រឹកមិញនេះ ។

លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ទាំងមន្រ្តីរាជការ និងបងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស ទាំងអស់ នឹងលែងបារម្មណ៍ ពេលពួកគាត់ចាស់បម្រើការលែងកើត ព្រោះ ប.ស.ស បានរៀបចំរបបផ្នែកប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ជូនដល់ពួកគាត់ផងដែរ ។

លោក ស៊ុ សោភ័ណ នាយករង ប.ស.ស និងជាតំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទូកជានាយក ប.ស.ស បានបញ្ជាក់ថា ៖ របបសន្តិសុខសង្គម គឺជាសមិទ្ធផលថ្មីមួយ របស់រាជរដ្ឋាភិបាល ដែលពីមុនកម្ពុជាមិនធ្លាប់មាននោះទេ។

នេះគឺជាការ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅ របស់មន្រ្តីរាជការ រួមទាំងបងប្អូនជាកម្មករនិយោជិត របស់យើងផងដែរ៕

Facebook Comments

To Top