ព័ត៌មានជាតិ

មជ្ឈមណ្ឌលជាតិផ្តល់ឈាម ចុះទទួលអំណោយឈាម ពីបុគ្គលិកក្រុមហ៊ុន ឌី ខេ អេស អេច ជាលើកទី២ ក្រោមពាក្យស្លោក «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ សង្គ្រោះជីវិត»

ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន ឌី ខេ អេស អេច ខេមបូឌាកម្ពុជា ជាច្រើននាក់ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាននាំគ្នាបរិច្ចាគឈាមដោយស្មគ្រចិត្ត ក្រោមពាក្យស្លោកថា «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ សង្គ្រោះជីវិត» ដោយមានវត្តមានរបស់ លោក វង្ស យ៉ក់លី អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ថ្នាក់គ្រប់គ្រង និងនិយោជិតក្រុមហ៊ុន ឌី ខេ អេស អេច ជាច្រើននាក់ ។

លោក វង្ស យ៉ក់លី អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា “យើងពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះបុគ្គលិកក្រុមហ៊ុន ឌី ខេ អេស អេច ខេមបូឌា សំរាប់ការជួយគាំទ្រ និងរៀបចំយុទ្ធនាការបរិច្ចាគឈាមនេះ ដើម្បីបង្ហាញពីភាពស្រឡាញ់ និងជួយសង្រ្គោះជីវិត នេះ” ។

លោកអនុប្រធាន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបន្តថា​ ការបរិច្ចាគឈាម គឺមិនបានប៉ះពាល់ដល់សុខភាព របស់យើងទេ ។

លោកយ៉ាង ណាវុធ ប្រធានផ្នែកធនធានមនុស្ស របស់ក្រុមហ៊ុន ឌី ខេ អេស អេច ខេមបូឌាបានមានប្រសាសន៍ថា “នេះជាលើកទី២ ហើយដែលយើងរៀបចំយុទ្ធនាការ បរិច្ចាគឈាមនេះ ។ យើងពិតជាកោតសរសើរ ហើយសូមអរគុណយ៉ាងជ្រាលជ្រៅ ដល់បុគ្គលិកយើង ដែលបានចូលរួមកម្មវិធីនេះ ការបរិច្ចាគឈាម គឺជាអំណោយគួរអាយស្រឡាញ់ និងមានន័យបំផុត ដែលយើងអាចផ្តល់អោយអ្នកដែលត្រូវការវា ” ។

ជាមួយគ្នានោះ តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រគល់វិញ្ញាបនបត្រសរសើរ ដល់ DKSH កម្ពុជាសម្រាប់ សកម្មភាព ដែលមានន័យជ្រាលជ្រៅ និងចូលរួមជួយដល់សង្គម។

ជាក្រុមហ៊ុនស្វីស ដែលបានចាក់រឹសយ៉ាងមាំនៅ តំបន់អាស៊ីជាង១៥០ឆ្នាំ មកហើយនោះ ការយកចិត្តទុកដាក់ ចំពោះសង្គមជានិច្ចជាកាល គឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងក្រុមហ៊ុន ឌី ខេ អេស អេច ។ សំរាប់នៅប្រទេសកម្ពុជា ក្រុមហ៊ុន ឌី ខេ អេស អេច មានវត្តមាន ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៥០ និងសព្វថ្ងៃនេះគឺ ជាអ្នកផ្តល់សេវាថែទាំ សុខភាពដ៏ធំបំផុត មួយនៅក្នុងប្រទេស។ DKSH ប្តេជ្ញាចិត្តធ្វើអាជីវកម្ម ដោយប្រកាន់នូវគោលការណ៏ គោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ របស់សហគមន៍ ។ ការបរិច្ចាគឈាម គឺជាវិធីមួយដែលបង្ហាញ ពីក្តីស្រឡាញ់និង ការយកចិត្តទុកដាក់ ការបរិច្ចាកឈាមមួយដំណក់មានន័យថាផ្តល់នូវពិភពដ៏អស្ចារ្យចំពោះមនុស្សម្នាក់ទៀត ៕

ដោយ ៖ ផូ ហុង

Facebook Comments

To Top