ព័ត៌មានជាតិ

ព្រាប កុល ៖ EU អាចឈានទៅរកការព្យួរ EBA នៅខែកុម្ភៈ ឆ្នាំ២០២០

ភ្នំពេញ ៖ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា សហភាពអឺរ៉ុប (EU) នឹងចាប់ផ្តើមនីតិវិធី ជាផ្លូវការលើការផ្អាកជា បណ្តោះអាសន្នការអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែ អាវុធ(EBA) នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ មុននឹងអាចឈានទៅ រកការព្យូរនៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវ។

លោក ព្រាប កុល បានលើកឡើងក្នុងសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ កុម្ភៈថា ដើម្បី ជៀសវាងការភាន់ច្រឡំ អំពីការវិវត្តន៍ចុងក្រោយ នៃចំណាត់ការរបស់សហភាព អឺរ៉ុបចំពោះគោលនយោបាយ អនុគ្រោះពន្ធ EBA និងដើម្បីស្វែងរកដំណោះស្រាយ លោកបានផ្តល់ដំណោះស្រាយ មួយចំនួន។

លោកថា “សហភាពអឺរ៉ុបនឹងចាប់ផ្តើម នីតិវិធីជាផ្លួវការ ចាប់ពីថ្ងៃទី១៣ខែកុម្ភៈ នេះ ដែលអាចឈាន ទៅរកការព្យួរ EBA នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើ EU រកឃើញថា កម្ពុជាមិនមានការវត្តន៍ ទៅរកភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ”។

ដំណោះស្រាយដែលលោកអះអាង នោះគឺ “ក្នុងរយៈពេល១២ ខែនេះ មានការបែងចែកដំណាក់កាលដូចខាងក្រោម ត្រួតពិនិត្យយ៉ាងហ្មត់ចត់ រយៈពេល៦ខែ (គិតចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០១៩ តទៅរហូតដល់ ខែកក្កដា ២០១៩) ។ ត្រូវសរសេររបាយការណ៍ និងប្រមូលភស្តុតាង ៣ ខែ (ខែសីហា រហូតដល់ ខែតុលា ២០១៩) ។ ទទួលយកការបកស្រាយ និងឆ្លើយតបពីរដ្ឋាភិបាល កម្ពុជាក្នុងរយៈពេល១ ខែ (ខែវិច្ឆិកា ដល់ខែធ្នូ ២០១៩)” ។

នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា ឲ្យដឹងទៀតថា គណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបប្រជុំសម្រេច២ខែ (ខែមករា ដល់ខែកុម្ភៈ២០២០ ដូច្នេះពេលនេះ កម្ពុជាមិនទាន់បាត់បង់ EBA នៅឡើយទេ ប៉ុន្តែអាចនឹងបាត់បង់ ប្រសិនបើកម្ពុជាមិនកែលម្អរស្ថានការបានល្អ គ្រប់គ្រាន់ក្នុងរយៈពេល១២ ខែខាងមុខ ហើយកិច្ចការនេះគួរត្រូវបានចាត់ទុក ជាអាទិភាព និងដោយមិនគួរអូស បន្លាយពេលវេលាឡើយ។

លោកថា បញ្ហា EBA មិនមែនជាបញ្ហាពាក់ព័ន្ធ តែជាមួយអ្នកនយោបាយ ប៉ុណ្ណោះទេ តែជាបញ្ហាដែលជះឥទ្ធិពល ដល់ពលរដ្ឋខ្មែររាប់លាននាក់ និងប៉ះពាល់ដល់អ្នកជំនួញ ពាណិជ្ជករ ដែលវិនិយោគនៅ កម្ពុជាជាច្រើននាក់។

លោកបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមចំណែកស្វែងរកដំណោះស្រាយ តាមលទ្ធភាព និងសមត្ថភាព ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលអាចក្លាយជាជនរងគ្រោះ នៃទំនាស់នយោបាយខ្មែរ និងក្នុងនាមជាបុគ្គលដែលមានមុខងារ នៅលើឆាកអន្តរជាតិដែលមានឱកាសជួប ប្រាស្រ័យទាក់ទជាមួយ តួរអង្គសំខាន់ៗ និងដឹងពីគន្លឹះនៃដំណោះស្រាយ៕

Facebook Comments

To Top