តារា

ផលិតកម្ម មរតកមេឌៀប្រមូលតារាខ្មែរ និងខ្មែរសុរិន្ទត្រៀមបទចម្រៀង ជាង៦០បទក្នុងឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ដើម្បីផ្លាស់ប្តូរអារម្មណ៍ទូរទស្សនិកជនផលិតកម្ម មរតកមេឌៀ បាននិងកំពុងបញ្ចេញជាហូរហែរួចមកហើយដើម្បីត្រៀមអបអរឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដែលមានបទចម្រៀងប្រជាប្រិយខ្មែរប្រមាណជាង៦០បទ ។

បទចម្រៀងដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺក្រោយពេលផលិតកម្មគៀងគរតារាក្មេងចាស់ប្រុសស្រីក្នុងស្រុក និងរស់នៅខ្មែរសុរិន្ទបានប្រមាណ១៦នាក់ឲ្យមកចូលរួមច្រៀងក្រោមដំបូលតែមួយ។ ការប្រកាសជាផ្លូវការ និងបង្ហាញមុខសិល្បករជាច្រើននេះធ្វើឡើងកាលពី រសៀលថ្ងៃទី១២ខែកុម្ភៈនេះនៅស្នាក់ការផលិតកម្ម។

បើតាមការឲដឹងពីលោកសុខលីម រក្សាអ្នកផលិតនិងគ្រប់គ្រងទូទៅប្រចាំផលិតកម្ម«មរតកមេឌៀ»បានឲដឹងថាផលិតកម្មចង់ទស្សនិកជនជ្រាបថាការបង្កើតក្រុមមួយនេះគឺចង់យក អ្នកមានសំឡេងល្អគ្មានកន្លែងជ្រកមកច្របាច់ចូលគ្នាបង្កើតជា ក្រុមចម្រៀងផ្លូវការ។លោកថាស្នាដៃដែលផលិតកម្មបង្កើតឡើងគឺចូលរួមថែរក្សាស្នាដៃមរតកដើមនិងបង្កើតស្នាដៃថ្មី សម្រាប់ទស្សនិកជនដើម្បីចម្រាញ់ជារសជាតិថ្មី។

លើសពីនេះយើងមានបទចម្រៀងសម្រាប់បង្ហាញនារដូវកាលចូលឆ្នាំខាងមុខនេះក៍ដូចជាក្រោយចូលឆ្នាំ។លោកថាតារាចម្រៀងក្នុងស្រុក១២នាក់សុទ្ធតែជាតារាដែលមានទឹកដមសំឡេងល្អ និងតារាចម្រៀងមកពីសុរិន្ទ៤នាក់ គឺស្ម័គ្រចិត្តចូលរួមលើកស្ទួយសិល្បៈចម្រៀងខ្មែរ។

លោកយឹង យន ដែលគេស្គាល់ថា ជាតារាចម្រៀងមានទឹកដមសំនៀងពិរោះនោះបានបញ្ជាក់ថា បទចម្រៀងមានច្រើនក៏ជាជម្រើសកាន់តែច្រើនសម្រាប់ប្រជាជនខ្មែរ ចូលរួមស្តាប់កម្សាន្តក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។ លោកសប្បាយចិត្តដែលមានវត្តមានសិល្បករជាច្រើនដែលមានទឹកដមសំនៀងពិរោះរណ្តំចិត្ត ចូលរួមគ្នាបង្កើតបានជាក្រុមដែលអាចបម្រើការកម្សាន្តរបស់ទស្សនិកជន។

ជាមួយគ្នានេះដែរកញ្ញា មន្តត្រា និងលោក ដាកា ដែលគេស្គាល់ថាជាតារាចម្រៀងសំនៀងរដឺនអ្នកស្រុកសុរិន្ទនោះបានបង្ហាញពីក្តីរំភើបដែលបានចូលរួមបង្ហាញស្នាដៃបទចម្រៀង ផ្ទាល់ជាច្រើនបទចែកជូនពុកម៉ែបងប្អូននៅកម្ពុជា នៅសុរិន្ទ និងនៅបណ្តាប្រទេសនានាជុំវិញពិភពលោក។ ពួកគាត់ថាក្នុងនាមឈាមជ័រជាខ្មែរ ពិតជាមោទនភាពនិងការបង្ហាញ ស្នាដៃបទចម្រៀងបែបខ្មែរ រសជាតិជាខ្មែរ និងចូលរួមថែរក្សាសិល្បៈវប្បធម៌ប្រពៃណីជាតិខ្មែរឲ្យបានស្ថិតស្ថេរគង់វង្សរៀងទៅ។

សូមជម្រាបថា ក្រោយពីបើកដំណើរការផលិតបទចម្រៀងប៉ុន្មានខែចុងក្រោយនេះ ផលិតកម្ម មរតកមេឌៀបានបញ្ចេញស្នាដៃបទចម្រៀងជាច្រើនបន្តបន្ទាប់។ផលិតកម្មបានប្រមូល យកតារាចម្រៀងខ្មែរមានទឹកដមពិរោះនិងធ្លាប់ជាបេក្ខជនលេចធ្លោរក្នុងកម្មវិធីប្រកួតចម្រៀងល្បីៗផងដែរមានដូចជា លោក សយ រតនា លោក យឹន យន លោក ខែមអ៊ីសាក់ យាយ យ៉យ នាយព្រែក កញ្ញា ដានីកា អ្នកនាង គ្រីប លក្ខិណា លោក នាង ប្រាក់សុគន្ធ អ្នកស្រី ជិន ចាន់ធឿន លោក ឈុន ចិត្រា កញ្ញា រំដួល កញ្ញា យ៉ាង ណារី លោក សាម សុភ័ស លោក អ៊ិន ច័ន្ទរតនាជាដើមខណៈដែលតារាចម្រៀងខ្មែរសុរិន្ទមានដូចជា កញ្ញា មន្តត្រា លោក ដាកា លោកសុងសែងជាដើម៕

ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top