អន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងត្បូង ៖ ជំនួបកំពូល រវាងលោក ត្រាំ និងមេដឹកនាំ កូរ៉េខាងជើង នឹងជារបត់ដ៏សំខាន់

បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍នៅថ្ងៃចន្ទថា ជំនួបកំពូលទីពីរ នាពេលខាងមុខនេះ រវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង នឹងក្លាយជារបត់ដ៏សំខាន់មួយ សម្រាប់ការលុបបំបាត់នុយក្លេអ៊ែទាំងស្រុង នៅលើឧបទ្វីបកូរ៉េ និងជាដំណើរការបង្កើតសន្តិភាព។

លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ ក៏បានថ្លែងផងដែរ នៅក្នុងជំនួបមួយជាមួយលេខានិងជំនួយការប្រធានាធិបតីនានាថា ជំនួបកំពូលសហរដ្ឋអាមេរិក-កូរ៉េខាងជើង ដែលធ្វើឡើងនៅថ្ងៃទី២៧និង២៨ ខែកុម្ភៈ នៅក្នុងប្រទេសវៀតណាម នឹងប្រើជាឱកាសមួយឲ្យកូរ៉េទាំងពីរ បង្កើនចំណងមិត្តភាពរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគ្រោងប្រារព្ធធ្វើជំនួបកំពូលទីពីរ នៅចុងខែនេះ ក្នុងទីក្រុងហាណូយ រដ្ឋធានីរបស់ប្រទេសវៀតណាម បន្ទាប់ពីមានជំនួបកំពូលជាប្រវត្តិសាស្ត្រទីមួយរបស់ប្រទេសទាំងពីរ នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនាឆ្នាំមិញ៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top