សេដ្ឋកិច្ច & អចលនទ្រព្យ

ដើមឆ្នាំ២០១៩ ទំហំជួញដូរភាគហ៊ុន ជាង៧ម៉ឺនភាគហ៊ុន ស្មើនឹង៥ពាន់លានរៀល

ភ្នំពេញ ៖ លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា បានបញ្ជាក់ថា ដើមឆ្នាំ២០១៩នេះ ទំហំជួញដូរភាគហ៊ុនសរុប ប្រមាណ៧៥៥.៥៦៨ភាគហ៊ុន សើ្មនឹង ៥ ពាន់លានរៀល និងមានមូលធនីយកម្មទីផ្សារ ប្រមាណ ២.២៩៧.៨៥៣ លានរៀល ។

ក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ អំពីអនុក្រឹត្យស្តីពីការ លើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ និងបទប្បញ្ញត្តិក្នុងវិស័យមូលបត្រថ្មីៗ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ស៊ូ សុជាតិ បានថ្លែងថា គិតត្រឹមដំណាច់ឆ្នំា២០១៨ ទំហំជួញដូរភាគហ៊ុនសរុបចំនួន ៣.៧៨១.២៣១ ភាគហ៊ុន ប្រហែលនឹង ២៥ពាន់លានរៀល និងមានមូលធនីយកម្មទីផ្សារ ចំនួន ១.៧៧១.៦៧៨ លានរៀល ហើយគណៈកម្មការមូលបត្រកម្ពុជា បានផ្តល់អត្តសញ្ញាណវិនិយោគិន ដល់អ្នកវិនិយោគបានចំនួន២០.៥៤៩ នាក់។

លោកមានប្រសាសន៍ថា “ដោយឡែក គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នំា២០១៩ ទំហំជួញដូរសរុបមានចំនួន ៧៥៥.៥៦៨ ភាគហ៊ុន សើ្មនឹង ៥ ពាន់លានរៀល និងមានមូលធនីយកម្មទីផ្សារ ចំនួន ២.២៩៧.៨៥៣ លានរៀល ហើយគណៈកម្មការមូលបត្រកម្ពុជា បានផ្តល់អត្តសញ្ញាណវិនិយោគិន ដល់អ្នកវិនិយោគចំនួន ២០.៧៥០ នាក់”។

ឆ្លៀតឱកាសនោះ លោក ស៊ូ សុជាតិ លើកឡើងទៀតថា បច្ចុប្បន្នក្រុមហ៊ុនដែលបានចុះបញ្ជី ក្នុងផ្សារមូលបត្រកម្ពុជា មានចំនួន ៦ ក្រុមហ៊ុន-សហគ្រាស មានបុគ្គលចុះបញ្ជី លក់មូលបត្រកម្មសិទ្ធិចំនួន៥ រួមមាន ៖ ទី១-រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ (PWSA) , ទី២-ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) , ទី៣-កំពង់ផែ ស្វយ័តភ្នំពេញ (PPAP) , ទី៤-ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី (PPSP) និងទី៥-កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (PAS) ។ ចំណែកបុគ្គល ចុះបញ្ជីលក់មូលបត្របំណុលចំនួន ១ គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលទើបតែ ចុះបញ្ជីនៅ ផ.ម.ក. កាលពីថ្ងៃ៥ ធ្នូ៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top