ព័ត៌មានជាតិ

ជប៉ុនផ្ដល់សម្បទានជិត ៦០ម៉ឺនដុល្លារ សម្រាប់វិស័យអប់រំនៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនតាមរយៈ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានផ្ដល់ជំនួយឥតសំណង ជាទឹកប្រាក់ចំនួន៥២៩,០៦៨ដុល្លារ ដល់អង្គការសន្តិស្ម័គ្រចិត្ត សម្រាប់គម្រោងមត្តេយ្យសិក្សាធនធានគំរូ ផ្ដោតលើបណ្ណាល័យ ដែលស្ថិតនៅខេត្តបាត់ដំបង ។

ការផ្តល់នេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត មានគោលបំណងធ្វើឲ្យប្រសើរឡើង នៃគុណភាពការអប់រំកុមារតូច តាមរយៈការបង្កើតសាលាមត្តេយ្យ គំរូបំពាក់ដោយបណ្ណាល័យ និងការបង្កើនសមត្ថភាពគ្រូមត្តេយ្យសិក្សា និងបណ្ណារក្សនៅក្រុងបាត់ដំបង។

តាមរយៈគម្រោងនេះ ជាពិសេសកុមារប្រហែល ៤៥០នាក់ នៅសាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបងនឹងអាចទទួលបាន បរិយាកាសល្អប្រសើរ សម្រាប់អប់រំកុមារតូច។ កុមារប្រហែល ១០,០០០នាក់ នៅខេត្តបាត់ដំបង ត្រូវបានគេរំពឹងថា នឹងទទួលបានការអប់រំកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា កម្មវិធីផ្ដល់ជំនួយឥតសំណង សម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង៣៥លានដុល្លារ ដល់គម្រោងចំនួន១១៤ ដែលផ្ដោតសំខាន់ ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសំអាតមីនផងដែរ៕
ដោយ៖ធី លីថូ

Facebook Comments

To Top