ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ​ករណីបាត់ក្មេង ​

កំពង់ចាម ៖ បន្ទាប់ពីទទួលព័ត៌មាន ថា មានករណីបាត់ក្មេង លោកគួច ចំរើន អភិ បាលខេត្តកំពង់ចាម បានអញ្ជើញ ចុះទៅពិនិត្យ សាកសួរអាណាព្យាបាលក្មេងរង គ្រោះ ដោយផ្ទាល់ កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅភូមិកៀនជ្រៃ កៀនជ្រៃ ស្រុកកំពង់សៀម ។ ប៉ុន្តែ​ជាង​២ ម៉ោងក្រោយមក មានគេប្រទះឃើញក្មេងនោះ បានស្លាប់ដោយសារលង់ទឹកព្រែក ។

បើតាមមេឃុំកៀនជ្រៃ អ្នកស្រី អ៊ា ចាន់ថុល បានប្រាប់ឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះស៊ានសុខជា អាយុ ៦ ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុ បានបាត់ ខ្លួនកាលពីម៉ោង ៦ ល្ងាច ថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០១៩ ។ លុះមកដល់ម៉ោង ៩ ព្រឹក ថ្ងៃទី ១១ ខែកុម្ភៈនេះ ក៏បានឃើញវត្តមានរបស់ លោកគួច ចំរើន អភិ បាលខេត្តកំពង់ចាម បានអញ្ជើញចុះទៅពិនិត្យ និងសួរនាំអាណាព្យាបាលក្មេងរងគ្រោះ ដោយផ្ទាល់នៅទីកន្លែងកើតហេតុ ។
ប៉ុន្តែជាង ២ ម៉ោងក្រោយមក ស្រាប់តែមានប្រជាពលរដ្ឋក្នុងភូមិ បានប្រទះ ឃើញសាកសពក្មេង ផុសចេញពីក្នុងទឹកព្រែក ដែលមានចម្ងាយពីផ្ទះកើតហេតុ ប្រមាណជា ១០០ ម៉ែត្រ ។

អ្នកស្រីមេឃុំបានបន្តទៀតថា សាកសពកុមារីរងគ្រោះ ត្រូវបានស្រង់យកមកពិនិត្យ ធ្វើកោសល្យវិច័្ចយ ជាលទ្ធផលសមត្ថកិច្ចបានបញ្ជាក់ថា សាកសពពិតជាបានស្លាប់ ដោយសារលង់ទឹកព្រែកពិតប្រាកដមែន ដោយហេតុថា នៅលើរាងកាយសពកុមារីរងគ្រោះ ពុំមានឃើញស្លាកស្នាមអ្វីនោះទេ បច្ចុប្បន្នសពកុមារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ផងដែរថា អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បាន អញ្ជើញចុះទៅពិនិត្យ និងសួរនាំអាណាព្យាបាល កុមារីរងគ្រោះដោយផ្ទាល់ នោះ ក្នុងខណៈពេល ដែលកំពុងប្រារព្ធ ពិធីសន្និបាតបូកសរុបការងារ របស់មន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ ខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០១៨ និងលើកទិសដៅឆ្នាំ ២០១៩ កំពុងដំណើរការមិនទាន់ចប់៕

Facebook Comments

To Top