អន្តរជាតិ

ហេតុអ្វីបានជាកិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រំា និងលោក គីម ត្រូវជ្រើសយកទីតាំងនៅក្រុងហាណូយ?

ហាណូយ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ជំនួបកំពូលជាលើកទី២របស់លោក និងលោក គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង នឹងធ្វើឡើងនៅក្នុងក្រុងហាណូយ ប្រទេសវៀតណាម ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ។

ជំនួបកំពូលរវាងមេដឹកនាំទាំងពីរនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ ដោយការចរចាគ្នា គេរំពឹងថានឹងផ្តោតសំខាន់ទៅលើការបញ្ចុះបញ្ចូល រដ្ឋកុម្មុយនីស្តមួយនេះឲ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

គេបានមើលឃើញថា ទំនាក់ទំនងជាមួយប្រទេសវៀតណាម គឺជាគំរូដ៏ល្អមួយសម្រាប់ចំណងមេត្រីភាពរវាងអាមេរិក និងកូរ៉េខាងជើង ។

លោក ត្រាំ បានថ្លែងថា បេសកកជនរបស់អាមេរិក បានធ្វើការចរចា “បានល្អណាស់” ជាមួយនឹងកូរ៉េខាងជើង ដើម្បីរៀបចំកិច្ចប្រជុំកំពូលថ្មីមួយនេះ ។

គេបានដឹងថា កិច្ចប្រជុំកំពូលលើកដំបូង និងត្រូវបានគេចាត់ទុកជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន ដោយបានបង្កើតឲ្យមានសុទិដ្ឋិនិយមជាច្រើន ប៉ុន្តែ អ្វីដែលស្តែងចេញពីកិច្ចប្រជុំនោះ ហាក់បីដូចជាមានការរីកចម្រើនតិចតួចប៉ុណ្ណោះ ។

គេបានដឹងថា ភាគីទាំងពីរបានថ្លែងយ៉ាងដូច្នេះថា ពួកគេបានប្តេជ្ញាចិត្តក្នុងការជំរុញឲ្យលុបបំបាត់ចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយដែល ត្រូវបានអនុវត្តន៍ ឬធ្វើការផ្ទៀងផ្ទាត់នោះទេ ។

ហេតុអ្វីត្រូវជ្រើសរើសកិច្ចប្រជុំកំពូលលើកទី២នៅក្រុងហាណូយ?

លោក ត្រាំ បានប្រកាសក្តែងៗនៅក្នុងពេលថ្លែងសុន្ទរកថាមួយរបស់លោកកាលពីថ្ងៃអង្គារកន្លងទៅនេះថា លោក នឹងជួបជាមួយលោក គីម នៅក្នុងទឹកដីនៃប្រទេសវៀតណាម ប៉ុន្តែមិនបានថ្លែងថាពិតប្រាកដនោះទេសម្រាប់ជំនួបកំពូលនេះ ។

អ្វីដែលគេដឹងច្បាស់ទៀតនោះ កាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ម៉ោងនៅក្រុង Washington គាត់បានថ្លែងឲ្យដឹងតាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ថា “ដើម្បីបុព្វហេតុសន្តិភាព” កិច្ចប្រជុំកំពូលនឹងប្រព្រឹត្តទៅនៅក្រុងហាណូយ ប្រទេសវៀតណាម ។

តែអ្វីដែលគេបានដឹងច្បាស់នោះ ទោះបីជាមានការប្តេជ្ញាចិត្តពីសំណាក់កូរ៉េខាងជើងក្តី ក៏ក្រុមអ្នកជំនាញការអាមេរិកមួយចំនួនធ្លាប់បានលើកឡើង និងបានបញ្ចេញរបាយការណ៍ផងដែរថា ប្រទេសកូរ៉េខាងជើង នៅមិនទាន់បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននៅឡើយទេ ។ ម្យ៉ាងទៀត ប្រទេសនេះក៏នៅតែស្ថិតនៅក្រោមសម្ពាធនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដដែល ដរាបណា កម្មវិធីនុយក្លេអ៊ែរត្រូវបានលុបបំបាត់ទាំងស្រុងនៅឧបទ្ធីបកូរ៉េ ។ នេះបើតាមសម្តីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែលបានថ្លែងកាលពី ពេលកន្លងទៅ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top