នយោបាយ

លោកសុខ ឥសាន៖ សម រង្ស៊ី មិនហ៊ានចូលស្រុកខ្មែរ ដោយសារខ្លាចគុកព្រៃស

ភ្នំពេញ៖​ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(ប្រ.ជ) លោកសុខ ឥសាន បានថ្លែងចំអកទៅកាន់លោកសមរង្ស៊ី អតីគណប្រធានគណបក្សសង្រ្គោះជាតិ(CNRP)ថា មិនហ៊ានចូលស្រុកខ្មែរវិញដោយសារតែខ្លាចជាប់គុកព្រៃសខណៈលោកជាប់បណ្ដឹងជាច្រើននៅតុលាការ។

សូមរំលឹកថាលោកសមរង្ស៊ីតែងតែអះអាងថា ខ្លួននឹងវិលត្រឡប់ចូលមកស្រុកខ្មែរវិញនៅឆ្នាំ២០១៩នេះ តែមិនបានបញ្ជាក់ថា មកថ្ងៃណាឲ្យពិតប្រាកដឡើយ។ស្របជាមួយនឹងការ ប្រកាសខ្លួន វិលចូលស្រុកនេះផងដែរ អតីតសមាជិក គណបក្សសង្រ្គោះជាតិ ក៏បាននាំគ្នាត្រៀមរៀបចំថវិកាចំនួន៣០ម៉ឺនដុល្លារ ដើម្បីទុកទទួលលោកសមរង្ស៊ីផងដែរ។

យោងតាមបណ្ដាញទំនាក់ទំនងតេឡេក្រាម របស់លោកសុខ ឥសាន នៅថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៩បានឲ្យដឹងថា “តើនរណាខ្លាចនរណា ? ទណ្ឌិតសម រង្ស៊ី មិនហ៊ានចូលស្រុក ខ្មែរតាមការអះអាងរបស់ខ្លួន ពីព្រោះទណ្ឌិតខ្លាចខ្នោះដៃ ដែលនៅរង់ចាំទណ្ឌិត ឲ្យតែឃើញមុខនឹងត្រូវខ្នោះស្វាគមន៍ភ្លាម ។ ទណ្ឌិតខ្លាចគុកព្រៃស ពីព្រោះគុកព្រៃស មិនមែនជាសណ្ឋាគារ ឬជាសេតវិមានទេ ខុសគ្នាឆ្ងាយណាស់”។

លោកបន្ថែមថា លោកសម រង្ស៊ីបានតែមាត់ក្អេងក្អាង ដូចក្អាត់ក្នុងក្អម បានតែស្រែកពីក្រៅប្រទេសតែប៉ុណ្ណោះ ហើយខ្លាចគ្មានអ្នកគាំទ្រមកទទួល ដូចការអួតអាងដែលដឹងថា គ្មានអ្នកណាត្រូវការលោក សម រង្ស៊ីឡើយ ។

អ្នកនាំពាក្យគណបក្សកាន់អំណាចសង្កត់ធ្ងន់ថា ចំណែកសម្តេចតេជោហ៊ុន សែនលោក ខ្លាចដែរតែខ្លាច ដោយសារ ខ្លាចលោកសម រង្ស៊ីមិនហ៊ានមកចូលស្រុកខ្មែរដូចការអះអាងរបស់ លោកសម រង្ស៊ី។ ដោយសម្ដេចខ្លាចលោកសម រង្ស៊ីមិនគោរព តាមពាក្យសន្យាក្នុងការភ្នាល់ រឿងដោះលែងឬមិនដោះលែងលោកកឹម សុខានិងខ្លាចរឿងលោកសមរង្ស៊ីងាប់មុនមកជាប់ គុក នៅក្នុងស្រុកខ្មែរ។

លោកបន្តថា ដូច្នេះ ការខ្លាចមានលក្ខណៈខុសគ្នា រវាងទណ្ឌិតសម រង្ស៊ីនិងសម្តេចតេជោហ៊ុន សែន។បើចង់បញ្ជាក់ថាមិនខ្លាច ស្នើឲ្យលោកសម រង្ស៊ី វិលចូលមកក្នុងស្រុកខ្មែរវិញ ឲ្យប្រជាជនកម្ពុជាបានឃើញជាក់ស្តែង ។ បើមិនមក បានសេចក្តីថា ខ្លាចពិតប្រាកដ ។ បើលោកសម រង្ស៊ីមកដល់ស្រុកខ្មែរហើយ សម្តេចតេជោ មិនហ៊ានចាប់ លោកសម រង្ស៊ី ដាក់ខ្នោះទេនោះ មានន័យថាសម្តេច ពិតជាខ្លាចលោកសម សង្ស៊ីប្រាកដមែន៕

ដោយ៖ធី លីថូ

Facebook Comments

To Top