នយោបាយ

រាជរដ្ឋាភិបាល មិនឲ្យតម្លៃលើរបាយការណ៍ របស់ស្ថាប័នអន្តរជាតិ ដែលថាបញ្ហាសិទ្ធិមនុស្សកម្ពុជា ដើរថយក្រោយ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផានឮ បានច្រានចោល និងមិនឲ្យតម្លៃលើ របាយការណ៍ថ្មី ពីស្ថានប័នលំដាប់អន្តរជាតិមួយ ដែលបានលើកឡើងថា កម្ពុជាជាប្រទេសដែលមិនមាន សិទ្ធសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ កំពុងដើរថយក្រោយជាលំដាប់។

ការលើកឡើង របស់លោកផៃ ស៊ីផានបែបនេះបន្ទាប់ពី ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានលើកយករបាយការណ៍ថ្មី ពីស្ថានប័នលំដាប់អន្តរជាតិមួយនិយាយថា ប្រទេសកម្ពុជា មិនសេរី។ របាយការណ៍នេះ លើកឡើងពីជំហាន គួរឲ្យកត់សម្គាល់មួយចំនួន ដែលដើរថយក្រោយ លើបញ្ហាសិទ្ធិមនុស្សនិង ប្រជាធិបតេយ្យ។

លោកផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០១៩ថា របាយការណ៍នេះគឺជា បទចម្រៀងដដែលៗ ដែលស្ថាប័នអន្តរជាតិ បានប្រើប្រាស់ ជាឧបករណ៍ដើម្បីឆ្កឹះ ឆ្កៀលវាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា “នេះគឺជារឿងដដែល ដែលការប្រើប្រាស់ទឡ្ហីករណ៍ សិទ្ធិមនុស្ស ហើយនិងលទ្ធិប្រជាធិបតេយ្យជាយានមួយសម្រាប់ ធ្វើការវាយប្រហារ មកលើកម្ពុជា ដើម្បីបម្រើនិន្នាការនយោបាយ របស់គេតែប៉ុណ្ណោះ។ជារបាយការណ៍ ដែលយើងមិនឲ្យតម្លៃ”។

ទាក់ទិនករណីនេះដែរ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា សិទ្ធិសេរីភាពនៅកម្ពុជា មានភាពទូលំទូលាយ ក៏ត្រូវមានការទទួល ខុសត្រូវដែរ ទើបមិនគងសិទ្ធិគ្នា ហើយគ្មានទំនាស់ ដែលនាំឲ្យសង្គម មានសុខដុមរមនា ដែលទទួលបានការស្វាគមន៍ពីប្រជាជនកម្ពុជាទូទៅ។ ប៉ុន្តែករណីនេះ ក៏មានជនបរទេស ខ្លះ ដែលមិនចេះហូប ប្រហុកខ្មែរ មានយោបល់ផ្ទុយពី ប្រជាជនខ្មែរទៅវិញ ដោយវាយតម្លៃថា នៅកម្ពុជាអត់មានសេរី ។ពាក្យថាអត់មានសេរីនោះ មិនដឹងចង់និយាយ សំដៅលើសេរីអីទេ។ បើសេរីក្បាលវ៉ាល់ អត់គោរពច្បាប់ អត់គោរពសិទ្ធិអ្នកដទៃ អត់គោរពលទ្ធិប្រជាធិបតេយ្យ មិនអាចបណ្តែតបណ្តោយបានជាដាច់ខាត ទុកឲ្យសេរីក្បាលវ៉ាល់ នៅក្នុងប្រទេសរបស់អ្នកថានោះចុះ៕

ដោយ៖ធី លីថូ

Facebook Comments

To Top