នយោបាយ

រាជរដ្ឋាភិបាល មិនព្រួយបារម្ភ ចំពោះសារព្រមាន អ្នកវិនិយោគចិន នៅកម្ពុជារបស់ សម រង្ស៊ី

ភ្នំពេញ ៖ បន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្ស ប្រឆាំងចេញសារព្រមាន ទៅដល់អ្នកវិនិយោគ និងជនជាតិចិន នៅកម្ពុជាអ្នកនាំពាក្យ រាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ចេញប្រតិកម្មតបទៅវិញថា សារព្រមាននេះគ្មានអ្វីព្រួយបារម្ភនោះទេ ខណៈវិនិយោគិនចិន ដែលកំពុងបណ្តាក់ទុន រកស៊ីនៅកម្ពុជា មានច្រើនលើសលប់ និងបានធ្វើឲ្យកំណើន សេដ្ឋកិច្ចកម្ពុជា កើនឡើងឥតឈប់ឈរ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងបែបនេះបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ កុម្ភៈ ថា អ្នកវិនិយោគដែលមានវត្តមាននៅកម្ពុជា ត្រូវដឹងថា ស្ថានការណ៍នយោបាយនៅកម្ពុជា នឹងកាន់តែតានតឹងឡើងៗ។ដូច្នេះ ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើងគ្រប់ពេលវេលា ក្នុងឆ្នាំ ២០១៩ ដោយសារតែប្រជារាស្ត្រខ្មែរ មានបំណងចង់ប្តូរ រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន។

ប្រតិកម្មតបសារព្រមាន របស់លោក សម រង្ស៊ីអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ថា “ មិនមានអ្វីជាការព្រួយបារម្ភនោះទេ ដោយសារតែការបណ្តាក់ទុន របស់ចិនមកកម្ពុជា ស្ថិតនៅក្នុងគោលការណ៍ យុទ្ធសាស្ដ្រ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា រាជរដ្ឋាភិបាលរៀបចំគម្រោង រួចជាសម្រេចទៅហើយក្នុងទិសដៅ ហើយនឹងមួយចំនួនទៀត បណ្តាក់ទុនរបស់ចិន ស្វាគមន៍ទៅតាមគោលការណ៍ របស់កម្ពុជា”។

សូមរំលឹកថាគិតត្រឹមឆ្នាំ២០១៨ ភ្ញៀវទេសចរចិនជិត២លាននាក់ បានមកលេងនៅកម្ពុជាខណៈអ្នកវិនិយោគចិនបានកាន់កាប់ អាជីវកម្មទេសចរណ៍ជាង២៦០កន្លែងហើយកាស៊ីណូចិន មាន១៥០កន្លែង ក្នុងខេត្តព្រះសីហនុ។ មិនតែប៉ុណ្ណោះបច្ចុប្បន្ន ពាណិជ្ជកម្មកម្ពុជា-ចិន មានទំហំប្រមាណ ៦ប៊ីលានដុល្លារ ហើយប្រទេសទាំងពីរ សង្ឃឹមថា ទំហំពាណិជ្ជកម្មនេះ នឹងឈានដល់១០ប៊ីលានដុល្លារ នៅឆ្នាំ២០២៣៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top