នយោបាយ

មន្រ្តីរាជរដ្ឋាភិបាល ចាត់ទុកសារព្រមាន របស់សម រង្ស៊ី ចំពោះវិនិយោគិនចិន នៅកម្ពុជាជាការបោកប្រាស់ និងកាន់តែឡប់សតិ

ភ្នំពេញ៖ មន្រ្តីរាជរដ្ឋាភិបាលបាន ចាត់ទុកសារព្រមាន របស់លោកសម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ចំពោះ វិនិយោគិនដែលកំពុងបណ្ដាក់ទុករកស៊ីនៅកម្ពុជា គឺជាការបោកប្រាស់ និងកាន់តែឡប់សតិ

មន្រ្តីរាជរដ្ឋាភិបាលបានលើកឡើងបែបនេះ ក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង នៅថ្ងៃទី១១កុម្ភៈនេះបានចេញសេចក្តីព្រមាន ដល់អ្នកវិនិយោគគិនចិន នៅកម្ពុជា។

លោក សម រង្ស៊ីបានបញ្ចេញសារព្រមាន មួយដល់អ្នកវិនិយោគ និងជនជាតិចិន ដែលមានវត្តមាន នៅស្រុកខ្មែរថា ស្ថានការណ៍នយោបាយ នៅប្រទេសកម្ពុជា នឹងកាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះទៅ។ ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើង គ្រប់ពេលវេលា ក្នុងឆ្នាំ ២០១៩ នេះ ដោយសារតែប្រជារាស្ត្រខ្មែរ មានបំណងចង់ប្តូររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ចេញ។

លោក សម រង្ស៊ី បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុកថាផលប្រយោជន៍របស់អ្នកវិនិយោគ និងជនជាតិចិនខ្លួនឯង តម្រូវឲ្យពួកគេពិនិត្យឡើងវិញ រាល់សកម្មភាព និងគម្រោងទាំងឡាយ របស់ពួកគេ ហើយក៏តម្រូវឲ្យពួកគេ ដោះស្រាយបញ្ហាទាំងឡាយ ដែលពួកគេបាន បង្កឲ្យពលរដ្ឋខ្មែរ ជាអ្នករងគ្រោះ ដោយសារពួកគេ។ ជាពិសេស ពួកគេត្រូវតែប្រគល់ សងឲ្យម្ចាស់ដើមវិញ នូវដីធ្លី ដែលពួកគេបាន ឃុបឃិតជាមួយអាជ្ញាធរផ្តាច់ការ និងពុករលួយ នៅពេលមករឹបអូសដីធ្លីទាំងនោះពីពលរដ្ឋខ្មែរ។

ពួកគេត្រូវតែបិទបន ល្បែងស៊ីសង (កាស៊ីណូ) ដែលពួកគេបានបើកព្រោងព្រាត នៅស្រុកយើង ហើយពួកគេត្រូវតែយកចេញពីស្រុកខ្មែរ នូវក្រុមចោរម៉ាហ្វៀរ (Mafia) និងបនជនពាល កាប់ចាក់ ដែលពួកគេ បាននាំមកជាមួយ “វិនិយោគ” និងសកម្មភាពផ្សេងៗ របស់ពួកគេ។ ជនជាតិចិនទាំងនោះ ត្រូវដឹងថា ពួកគេបានធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរទាំងមូល មានការក្តៅក្រហាយចំពោះពួកគេ។ ដូច្នេះ ជាការប្រុងប្រយ័ត្ន ដ៏ត្រឹមត្រូវ បើពួកគេឈប់បំពាន មកលើជនជាតិខ្មែរ ឈប់ព្រហើន ហើយចេះសម្តែង ការគោរពខ្លះ ចំពោះជនជាតិខ្មែរ ដែលជាម្ចាស់ស្រុក។ បើមិនយ៉ាងដូច្នោះទេ ពួកជនជាតិចិនទាំងនោះ អាចប្រឈមមុខ ពីការផ្ទុះកំហឹង ពីសំណាក់ជនជាតិខ្មែរជាម្ចាស់ស្រុក នៅពេលដែលព្រឹត្តិការណ៍ នយោបាយថ្មី នឹងកើតមានឡើងក្នុងឆ្នាំ ២០១៩ នេះ។

ប្រតិកម្មតបនឹង ការលើកឡើង ខាងលើរបស់ លោក​សម រង្ស៊ី មន្រ្តីរាជរដ្ឋាភិបាលបានច្រានចោល ហើយចាត់ទុកថា ជាការលើកឡើងបោកប្រាស់ សុទ្ធសាធគ្មានមូលដ្ឋានច្បាស់លាស់ និងកាន់តែឡប់សតិឡើងៗ៕

Facebook Comments

To Top