សន្តិសុខ និង សង្គម

មន្ដ្រី និងកីឡាករ វិសាខា ចូលរួមបរិច្ចាគឈាម នៅព្រៃវែង

ភ្នំពេញ៖ ទោះបីមមាញឹកជាមួយរដូវកាល Pre-Season ដើម្បីត្រៀមរដូវកាលថ្មីយ៉ាងណា ប៉ុន្ដែក្លឹបកីឡាបាល់ទាត់វិសាខា នៅតែឆ្លៀតពេលចូលរួមការងារសង្គម ជាក់ស្ដែងកាលពីម្សិលមិញ គេឃើញថ្នាក់ដឹកនាំ និងកីឡាកររបស់ក្លឹបលេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះ បានចូលរួមបរិច្ចាគឈាមមួយ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។

កម្មវិធីនេះ គឺដឹកនាំដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ។ ប៉ុន្ដែក្រៅពីវត្តមានមន្ដ្រី និងកីឡាករក្លឹបកីឡាបាល់ទាត់វិសាខា ក៏មានវត្តមានប្រជាពលរដ្ឋ ក្រុមការងារឃុំ ស្រុក និងយុវជនប្រមាណជាង ១,០០០នាក់ចូលរួមបរិច្ចាគឈាម ក្រោមប្រធានបទ “គ្រាប់ឈាម នៃសេចក្ដីស្រលាញ់” នេះផងដែរ ។

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លឹបវិសាខា បានលើកឡើងថា នេះមិនមែនជាលើកទី១ នោះទេ ដែលវិសាខា ដឹកនាំកីឡាករចូលរួមការងារសង្គម ពោលគឺក្រោមការដឹកនាំរបស់លោកជំទាវ កែ សួនសុភី ប្រធានក្លឹបវិសាខា តែងតែជំរុញក្រុមការងារ និងកីឡាករចូលរួមការងារសង្គមជានិច្ច ដើម្បីផ្សាភ្ជាប់សកម្មភាពភាពកីឡា និងសង្គម ជាក់ស្ដែងកាលពីម្សិលមិញ កីឡាករម្នាក់ៗ សុទ្ធតែបានសម្ដែងនូវការសប្បាយចិត្តគ្រប់ៗគ្នា ក្នុងការចូលរួមកម្មវិធីបរិច្ចាគឈាមខាងលើ ៕

 

 

 

 

 

Facebook Comments

To Top