ព័ត៌មានជាតិ

និស្សិតសាកលវិទ្យាល័យ AUPP ទទួលបានជ័យលាភីជើងឯក ពីការប្រកួតស្រាវជ្រាវហិរញ្ញវត្ថុ CFA

ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) មួយក្រុមទទួលបានជ័យលាភី ជាជើងឯកពីការប្រកួត ខាងផ្នែកស្រាវជ្រាវហិរញ្ញវត្ថុ CFA អន្តរជាតិ និងក្លាយជាអ្នកតំណាងកម្ពុជា ក្នុងការចូលរួមការប្រកួតស្រាវជ្រាវ ហិរញ្ញវត្ថុ CFA ថ្នាក់តំបន់នៅប្រទេសអូស្រ្តាលី ដែលមានការចូលរួមប្រកួត ពីបណ្តានិស្សិតមកពីជាង ២៧ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីភិក។

យោងតាមសេចក្តីប្រកាសព័តមាន កាលពីថ្ងៃទី១១ ខែកុម្ភៈ បានឱ្យដឹងថា និស្សិតសាកលវិទ្យាល័យ AUPP ចំនួន ៥ នាក់ បានទទួលជ័យជំនះ ជាជើងឯកនៅកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ ការប្រកួតដ៏ស្វិតស្វាញជាមួយ ក្រុមនិស្សិតមកពី CamEd Business School សាកលវិទ្យាល័យហ្សាម៉ាន់ និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជា។

“នេះជាលើកទី១ហើយ ដែលកម្ពុជាបានចូលរួម ក្នុងការប្រកួតស្រាវជ្រាវហិរញ្ញវត្ថុ CFA អន្តរជាតិនេះ។ ការប្រកួតនេះតម្រូវ ឱ្យនិស្សិតតំណាង សាកលវិទ្យាល័យនីមួយៗ បង្កើតរបាយការណ៍ស្រាវជ្រាវ និងធ្វើបទបង្ហាញ ស្តីអំពីរបាយការណ៍ នៃការវិភាគហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PPAP។” នេះបើយោងទៅតាម សេចក្តីប្រកាសព័ត៌មាន ក្នុងពិធីបិទការប្រកួត ដែលត្រូវបានធ្វើឡើង ដោយសហគមន៍វិនិយោគិនកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា។

និស្សិតជ័យលាភី មកពីសាកលវិទ្យាល័យ AUPP នឹងទៅចូលរួម ការប្រកួតថ្នាក់តំបន់ក្នុងទីក្រុងស៊ីដនី ប្រទេស អូស្រ្តាលី ជាមួយនឹងក្រុមនិស្សិត មកពីបណ្តាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីភិក នៅបំណាច់ខែមីនា។

ការប្រកួតស្រាវជ្រាវ នៃអ្នកជំនាញវិភាគហិរញ្ញវត្ថុ (CFA Institute Research Challenge) នេះជាការប្រកួតអន្តរជាតិមួយ ដែលត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថាន នៃអ្នកជំនាញវិភាគហិរញ្ញវត្ថុ (CFA Institute)។ ការប្រកួតនេះមានការចូលរួម ពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។

សាកលវិទ្យាល័យ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ និងតែមួយគត់នៅកម្ពុជា ដែលបណ្តុះបណ្តាល ជំនាញបរិញ្ញាបត្រពីរ (Dual Degree Program) ដែលមានការទទួលស្គាល់ជាសកល៕
ដោយៈ ពេជ្រ វីរៈ

Facebook Comments

To Top