ភ្នំពេញ៖ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ដែលទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថានៅចុងខែមីនា ឆ្នាំ២០១៩ ខាងមុខ នាវាកងទ័ពជើងទឹកឥណ្ឌា មានគម្រោងចូលចតនៅកំពង់ផែ អន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច និងផ្លាស់ប្តូរបទពិសោធន៍ រវាងកងទ័ពជើងទឹក និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ។នេះបើយោងតាម ផេករដ្ឋបាលខេត្តព្រះសីហនុ ។

លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជំនួបជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពី សក្តានុពលខេត្តព្រះសីហនុ សំរាប់គោលដៅវិនិយោគ និងទេសចរណ៍ ។
លោកស្រីបានបន្តថា ឥណ្ឌា និងកម្ពុជាមាន កិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ ដោយផ្តោតលើ កិច្ចសហប្រតិបត្តិការអាស៊ាន លើគម្រោងអភិវឌ្ឍមេគង្គ វិស័យអប់រំ បណ្តុះបណ្តាល ធនធានមនុស្ស ដោយក្នុងមួយឆ្នាំៗ ឥណ្ឌាជួយបណ្តុះបណ្តាលធនធានមនុស្សចំនួន ១៥០នាក់ ហើយឆ្នាំ២០១៩នេះ បន្ថែម ២៩នាក់ទៀត ក្នុងនោះក៍មាន វិស័យការពារជាតិ បណ្តុះបណ្តាលធនធានមនុស្ស ផ្នែកកងទ័ពជើងទឹក លើបច្ចេកទេសដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។
ជាការឆ្លើយតបលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍លោកស្រី អគ្គរដ្ឋទូតឥណ្ឌាចំពោះស្នើរសុំ ការចូលចតនាវា កងទ័ពជើងទឹកឥណ្ឌា នៅចុងខែមីនា ខាងមុខនេះ។
លោក យន្ត មីន គូសបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា មានទំនាក់ទំនង់ល្អ ជាមួយគ្នាដូចជាបងប្អូន នឹងគ្នាតាំងពីដើមមក។គ្រាដែលកម្ពុជាមានសង្គ្រាមផ្ទៃក្នុង ប្រទេសឥណ្ឌា បានចូលរួមក្នុងការ សម្របសម្រួល ជាអន្តរជាតិ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព សេរីភាព ពេញបរិបូរណ៍ លើផ្ទៃប្រទេស ។
លោក យន្ត មីន បានសំណូមពរដល់លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគគិនឥណ្ឌា មកធ្វើការវិនិយោគ នៅខេត្តព្រះសីហនុ។
តាមរយៈជំនួបនេះដែរ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា នឹងជំរុញអ្នកវិនិយោគ និងទេសចរឥណ្ឌា ឲ្យសំលឹងមើលខេត្ត ព្រះសីហនុ សំរាប់គោលដៅវិនិយោគនាថ្ងៃខាងមុខ។សម្រាប់ឆ្នាំ២០១៧ មានអ្នកទេសចរឥណ្ឌា មកកម្សាន្តខេត្តព្រះសីហនុ ចំនួន ១.០២៥នាក់ ឆ្នាំ២០១៨ មានចំនួន ២.៥៧៨នាក់៕

ដោយ៖បាន ធារ៉ូ
Facebook Comments
