កីឡា

ណាហ្គាវើល ដ៍បេះដូងសប្បុរស រៀបចំការប្រកួតបាល់ទាត់ លើកដំបូងជាមួយ យុវជនប្រមាណ ៦០០ នាក់

កំពង់ស្ពឺ៖ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានយុវជនប្រមាណ ៦០០ នាក់ក្នុងខេត្តកំពង់ស្ពឺ បានចូលរួមក្នុងការប្រកួតបាល់ទាត់ខ្នាតតួចអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំ ដោយក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស”។បន្ទាប់ពីការប្រកួត ៤ ថ្ងៃ យើងបានរកឃើញក្រុមឈ្នះចំនួន ៦ ក្រុមដែលពួកគេទទួលបានពានរង្វាន់ និងមេដាយនៅក្នុងពិធីប្រគល់រង្វាន់នៅថ្ងៃនេះដែលមានការចូលរួមពីសំណាក់មន្ត្រីសហគមន៍ មន្ត្រីកីឡា គណៈគ្រប់គ្រងរបស់ណាហ្គាវើលដ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ការប្រកួតនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺដែលជាគំនិតផ្តួចផ្តើមរយៈពេល ២ ឆ្នាំរបស់ណាហ្គាវើល ដ៍បេះដូងសប្បុរស សហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធ យុវជនកម្ពុជា ដើម្បីជួយបណ្តុះបណ្តាល កីឡាករ-កីឡាការិនី បាល់ទាត់ជំនាន់ក្រោយ នៅតាមសហគមន៍។ ក្នុងខែវិច្ឆិកាកាលពីឆ្នាំមុន គ្រូកីឡា ១២០នាក់ មកពីអនុវិទ្យាល័យ និងវិទ្យាល័យ ៩៤ ក្នុងខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាល បច្ចេកទេស បង្ហាត់កីឡាបាល់ទាត់ អាជីពដែលផ្តល់ដោយក្លឹបបាល់ទាត់ ណាហ្គាវើលដ៍ ដែលជាជើងឯកមិត្តហ្វូនខេមបូឌាន លីគឆ្នាំ ២០១៨។

បន្ទាប់ពីការហ្វឹកហាត់រយៈពេល ២ ខែ មានក្រុមសរុប ២៨ ក្រុម (ក្រុមកុមារាមាន ១៩ ក្រុម និងកុមារីមាន ៩ ក្រុម) បានចូលរួមក្នុងការប្រកួតបាល់ទាត់ខ្នាតតូចអាយុក្រោម ១៨ ឆ្នាំដែលធ្វើឡើងនៅទីលាននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺពីថ្ងៃទី ២៨ ដល់ ៣១ ខែមករា។ ក្នុងប្រភេទកុមារា ៖ ជើងឯក បានទៅលើវិទ្យាល័យកំពង់ស្ពឺ លេខ ២ បានទៅលើវិទ្យាល័យហ៊ុន សែន ភ្នំស្រួច និងលេខ ៣ បានទៅលើវិទ្យាល័យវាលពង់។ ចំណែកប្រភេទកុមារី ៖ ជើងឯក បានទៅលើវិទ្យាល័យអន្លង់ជ្រៃ លេខ ២ បានទៅលើវិទ្យាល័យឱរ៉ាល់ និងលេខ ៣ បានទៅលើវិទ្យាល័យវាលពង់។

នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ការអភិវឌ្ឍវិស័យកីឡា គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមសំខាន់ទាំង ៤ របស់ក្រុមការងារ សង្គមណាហ្គាវើល ដ៍បេះដូងសប្បុរស។ យើងមានគោលបំណងអភិវឌ្ឍ កម្មវិធីកីឡាសម្រាប់សហគមន៍ និងលើកទឹកចិត្ត ឲ្យយុវជនចូលរួម លេងកីឡាដើម្បីបង្កើន សាមគ្គីភាពជាក្រុម មិត្តភាព និងភាពជាអ្នកដឹកនាំ។ យើងក៏មានគោលបំណងអភិវឌ្ឍកីឡាករ-កីឡាការិនីបាល់ទាត់ដ៏មានសក្តានុពល និងជួយបង្កើនសមត្ថភាព ពួកគេដើម្បីឲ្យពួកគេមានទំនុកចិត្ត ជាងមុនក្នុងការប្រកួតក្នុងទីលាន និងក្រៅទីលានផងដែរ”។

លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា “យើងគាំទ្រពេញទំហឹង ដល់គំនិតផ្តួចផ្តើម របស់ណាហ្គាវើលដ៍បេះដូង សប្បុរស ក្នុងការជួយធ្វើឲ្យ កីឡាបាល់ទាត់ នៅកម្ពុជាកាន់តែខ្លាំង។ ការបង្កើនគុណភាពនៃការបង្ហាត់នៅតាមសាលារៀន គឺជាវិធីដ៏មានប្រសិទ្ធភាព ក្នុងការបង្កើនជំនាញបាល់ទាត់ ក្នុងចំណោមកីឡាករវ័យក្មេង នៅតាមខេត្ត”។

លោក ម៉ៃ តុលា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា “កម្មវិធីនេះ នឹងជួយបង្កើនស្តង់ដារ នៃការបង្ហាត់កីឡា នៅតាមសាលារៀន ទូទាំងខេត្តកំពង់ស្ពឺ និងបង្កើតឲ្យមានកីឡាករ-កីឡាការិនី ឆ្នើមជាច្រើន ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ យើងរីករាយដែលឃើញ ការអភិវឌ្ឍបែបនេះ”។

អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលណាហ្គាវើលដ៍ និងអង្គភាពពាក់ព័ន្ធ រៀបចំកម្មវិធីដ៏ល្អនេះឡើង ក្នុងខេត្តរបស់យើង ដែលនឹងផ្តល់ផលប្រយោជន៍ ដល់សិស្សានុសិស្សអាយុ ១៤ ដល់ ១៨ ឆ្នាំប្រមាណ ១៨.៥០០ នាក់”។

លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការជាតិអប់រំយុវជន និងកីឡា ធម្មការសាសនា កិច្ចការវប្បធម៌ និងទេសចរណ៍ សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញការគាំទ្រចំពោះកម្មវិធីអភិវឌ្ឍយុវជនរបស់ណាហ្គាវើលដ៍នៅក្នុងសុន្ទរកថានៃពិធីប្រគល់រង្វាន់ថា “រដ្ឋាភិបាល ប្តេជ្ញាអភិវឌ្ឍអត្តពលិក និងលើកកម្ពស់ស្តង់ដារនៃការបង្ហាត់កីឡានៅតាមសាលារៀនដែលវានឹងអាចផលិតកីឡាករឆ្នើមសម្រាប់ក្លឹបក្នុងស្រុកក៏ដូចជាក្រុមជម្រើសជាតិ”។

គួរដឹងផងដែរថា ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍ កីឡាបាល់ទាត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ណាហ្គាវើលដ៍ បានសហការជាលក្ខណៈ យូរអង្វែងជាមួយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ហើយនឹងបន្តផ្តល់រង្វាន់ ដល់អត្តពលិកកម្ពុជា ដែលទទួលបានជ័យជម្នះ នៅក្នុងព្រឹត្តិការណ៍ កីឡាអន្តរជាតិធំៗ ដូចជាកីឡាទ្វីបអាស៊ី និងកីឡាអាស៊ីអាគ្នេយ៍ ជាដើម៕

Facebook Comments

To Top