ព័ត៌មានជាតិ

កូរ៉េ គ្រោងបង្កើត ប្រព័ន្ធព័ត៌មាន គ្រប់គ្រងផ្ទៃដីកសិកម្ម នៅកម្ពុជា

ភ្នំពេញ៖ ដោយមើលឃើញ អំពីការរីកចម្រើន លើវិស័យកសិកម្ម នៅកម្ពុជា លោក Choi Hui Jae អ្នកគ្រប់គ្រងទូទៅ នៃនាយកដ្ឋានគ្រប់គ្រងការអនុវត្ត សាជីវកម្មព័ត៌មានវិទ្យាដីធ្លី និងភូមិសាស្ត្រកូរ៉េ បានលើកយកគម្រោង ប្រព័ន្ធព័ត៌មានការគ្រប់គ្រងផ្ទៃដីកសិកម្ម នៅកម្ពុជាដើម្បីអនុវត្តជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅពេលអនាគត ដ៏ខ្លីខាងមុខ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងឱកាសជំនួបរាយការណ៍ អំពីវឌ្ឍនភាព នៃការរៀបចំគម្រោង ស្តីពីគម្រោងប្រព័ន្ធព័ត៌មាន ការគ្រប់គ្រងផ្ទៃដីកសិកម្ម នៅកម្ពុជាជូនលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក Choi Hui Jae បានបញ្ជាក់ថា តាមរយៈគម្រោងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងធនធានដី គ្រប់គ្រងការប្រើប្រាស់ទឹក ការធ្វើផែនការ ដំណាំ និងកំនត់តំបន់ដាំដុះ ការទស្សន៍ទាយ នៃផលិតផលកសិកម្ម ការគ្រប់គ្រងនូវគ្រោះមហន្តរាយ និងការការពារ ការរាតត្បាត នៃការបំផ្លាញដំណាំ របស់សមាភាពសត្វចង្រៃ និងការរៀបចំផែនការអភិវឌ្ឍន៍ កសិកម្មផ្សេងៗទៀត ដោយប្រើប្រាស់នូវប្រព័ន្ធ ព៌ត័មានផ្កាយរណប នៃគម្រោងនេះ ។

ជាការឆ្លើយតប លោក វេង សាខុន បានសម្តែងនូវការស្វាគមន៍ ប្រកបដោយសេចក្តីរីករាយ យ៉ាងខ្លាំង ដែលបានឃើញភាគី កូរ៉េបានរៀបចំ គម្រោងនេះឡើង ស្របតាម អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានវិទ្យា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គនាយកដ្ឋាន គ្រប់គ្រងធនធានដី នៃសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០១៦ កន្លងមក។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថាគម្រោងនេះ គឺឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំពុងតែធ្វើទំនើបកម្ម លើវិស័យកសិកម្ម ដើម្បីរួមចំណែកជួយបង្កើន ផលិតភាពកសិកម្ម ពិពិធភាវូបណីកម្ម និងពាណិជ្ជូបណីកម្ម ស្របតាម គោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍ វិស័យកសិកម្ម២០១៨-២០២៣។
លោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង និងជំរុញអោយនាយកដ្ឋាន ពាក់ពន្ធ័បន្តនូវកិច្ចសហប្រតិបត្តិការល្អដើម្បីអោយការរៀបចំគម្រោងនេះសម្រេចបានជោគជ័យ និងទទួលបានថវិកា មកអនុវត្តអោយបានឆាប់ នៅពេលខាងមុខ៕

ដោយ៖បាន ធារ៉ូ

Facebook Comments

To Top