នយោបាយ

កម្ពុជា ស្នើអុីតាលី ៣ចំណុចដើម្បី ពង្រឹងទំនាក់ទំនង ទ្វេភាគី ខណ:អុីតាលីជាមេខ្លោង ស្នើ EU យកពន្ធអង្ករពីកម្ពុជា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានដាក់សំណើ ៣ចំណុចសំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនង ទ្វេភាគីឡើងវិញ ជាពិសេសស្នើឲ្យមាន កិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ ដែលអាចជាយន្តការក្នុង ការពិគ្រោះយោបល់ រវាងក្រសួង ការបរទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ខណៈរដ្ឋាភិបាលអុីតាលី ដែលមានការគាំទ្រដោយ បណ្ដារដ្ឋជាសមាជិកមួយចំនួនទៀត ស្នើឲ្យសហគមន៍អឺរ៉ុប យកពន្ធអង្ករពីប្រទេសកម្ពុជា។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប(EU) កាលពីថ្ងៃ១៦ មករា បានប្រកាសថា ចាប់ពីថ្ងៃទី១៨ មករា ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់សហភាពអឺរ៉ុប គិតពន្ធព្រោះការនាំចូលអង្ករ របស់ប្រទេសទាំងពីរ បានធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប។ ការសម្រេចគិតពន្ធនេះ ធ្វើឡើងតាមសំណើរបស់ រដ្ឋាភិបាលអុីតាលី ដែលគាំទ្រដោយបណ្ដារដ្ឋ ជាសមាជិកកំពុងដាំដុះស្រូវ នៅសហភាពអឺរ៉ុបផ្សេង ទៀតរួមមាន៖ អេស្ប៉ាញ , បារាំង , ព័រទុយហ្គាល , ក្រិក , ហុងគ្រី , រូម៉ានី និងប៊ុលហ្គារី ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន និងលោក Lorenzo Galanti ឯកអគ្គរដ្ឋទូតអុីតាលីថ្មី ប្រចាំកម្ពុជានៅរសៀល ថ្ងៃទី១១ កុម្ភៈនេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា លោកឯកអគ្គរដ្ឋទូតអុីតាលី បញ្ជាក់ថា ជាការពិតចំណងទំនាក់ទំនង ការទូត កម្ពុជា-អុីតាលី មានរយៈយូរអង្វែង និងកំពុងតែកើនឡើង ។ លោកថា លោកបានទទួលព័ត៌មាន ពីមនុស្សដែលលោកបានជួប ហើយឥឡូវបានមកឃើញផ្ទាល់ភ្នែក នូវការរីកចម្រើនយ៉ាងខ្លាំងក្លា នៅប្រទេសកម្ពុជា ជាពិសេសហេដ្ឋារចនសម្ព័ន្ធ សំណង់ កំណើនលើប្រាក់បៀរវត្សន៍ កម្មករជាដើម ជារួមគឺសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន យ៉ាងខ្លាំង ដែលធ្វើឲ្យលោកអបអរសាទរ ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ថ្លែងថា ជាការពិតកំណើនសេដ្ឋកិច្ចជាង ៧% នៅកម្ពុជានេះ គឺមានជាង ២៥ឆ្នាំហើយ ដែលសបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើគោលនយោបាយត្រឹមត្រូវ ដើម្បីគាំពារដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។

លោក កេត សោផាន់ បញ្ជាក់ថា “ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ដែលកំពុងតែកើនឡើង លោកឧបនាយករដ្ឋមន្ត្រី បានលើកសំណើរមួយចំនួន ទៅកាន់ភាគីអុីតាលី ដោយក្នុងនោះ ទី១-ស្នើឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ អាចជាយន្តការក្នុងការពិគ្រោះយោបល់ ផ្នែកនយោបាយ រវាងក្រសួងការបរទេសទាំងពីរ ។ ទី២-ប្រទេសទាំងពីរគួររៀបចំ ឲ្យមានវេទិកា ឬគណៈប្រតិភូធុរកិច្ច ប្រទេសទាំងពីរឲ្យបានញឹកញាប់ ។ ទី៣-ទំនាក់ទំនងរវាងប្រជាជន ត្រូវធ្វើឲ្យប្រជាជនមានទំនាក់ទំនង កាន់តែស្អិតរមួតថែមទៀត” ។

លោកបន្តថា “ជាយន្តការនយោបាយ យើងអាចនឹងជួបពិភក្សាគ្នា ជាទៀងទាត់យើងអាចកំណត់ បញ្ហាអ្វីដែលប្រទេសទាំងពីរមាន ឧទាហរណ៍កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប បានអនុម័តនូវវិធានការ គាំពារការនាំអង្ករចូលពីកម្ពុជា ជាដើមនោះ ចឹងបើសិនជាយើងមានយន្តការ នៃការពិគ្រោះយោបល់គ្នាជាទៀត ទាត់នោះ យើងក៏អាចមានការពិភាក្សា និងពន្យល់គ្នាដើម្បីរកដំណោះស្រាយបានផងដែរ ។ ដូចការនាំអង្ករពីកម្ពុជា ទៅអឺរ៉ុប ជាង ៥០% ជាប្រភេទអង្ករផ្កាម្លិះ មិនមែនជាប្រភេទអង្ករ Indica Rice ដូចនៅអុីតាលី ឬអេស្ប៉ាញទេ ចឹងអង្កររបស់យើងមិនមែនជាការប្រកួតប្រជែងជាមួយអង្ករគាត់ទេ” ។

ទាក់ទិននឹងបញ្ហានេះដែរ លោកឯកអគ្គរដ្ឋទូត បានស្វាគមន៍ និងទទួលយកសំណើទាំងនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ អ៊ីតាលី ជាពិសេសលោក នឹងជំរុញសមាគមធុរកិច្ចអុីតាលី នៅកម្ពុជា ដើម្បីឲ្យមានការផ្លាស់ប្ដូរបទពិសោធន៍ និងភាពរីកចម្រើនទៅវិញទៅមក ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីបញ្ហា EBA នៅក្នុងក្របខណ្ឌអឺរ៉ុប ក្រោយការបោះឆ្នោតថ្នាក់ជាតិ ប្រកបដោយសេរីត្រឹមត្រូវ និងខិតខំអនុវត្តន៍នូវវិធានការជាច្រើន ដូចជាលំហនោយបាយ ប៉ុន្តែសហគមន៍ និងបណ្ដាប្រទេសមួយចំនួន នៅតែចោទប្រកាន់ថា កម្ពុជា រឹតត្បឹតលំហនយោបាយ សម្រាប់អតីតបក្សប្រឆាំង ។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ប្រសិនបើសហគមន៍អឺរ៉ុប យល់ពីវិធានការរបស់កម្ពុជា ប្រហែលជាសហគមន៍អឺរ៉ុប នឹងមិនដាក់ទណ្ឌកម្ម EBA លើប្រទេសកម្ពុជានោះទេ ។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា ក្រោយពីសហគមន៍អឺរ៉ុប (EU) ចាប់ផ្តើមគិតពន្ធលើការនាំចូលអង្កររបស់កម្ពុជា នឹងធ្វើឲ្យកម្ពុជាខាតបង់ថវិកា ប្រមាណ ៥០លានដុល្លារ ក្នុងមួយឆ្នាំៗ ៕ ដោយ៖ ខា ដា

Facebook Comments

To Top