នយោបាយ

សម្ដេចតេជោបន្តប្ដេជ្ញា ការពារសន្តិភាព ឲ្យរឹងមាំដើម្បីប្រទេសជាតិ កាន់តែរីកចម្រើន (វីដេអូ)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តប្ដេជ្ញា ក្នុងការថែរក្សារការពារ សន្តិភាពឲ្យបានរឹងមាំល្អ ដើម្បីធ្វើឲ្យប្រទេសជាតិ កាន់តែមានភាពរីកចម្រើន ដើម្បីអនាគត យុវជនជំនាន់ក្រោយ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា សង្រ្គាមដែលបានកើតឡើង កន្លងមក គឺបណ្តាលមកពីការអុជអាល , ញុះញុង , អូសទាញ , លាបពណ៌ ជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួន ដែលបានរុញប្រទេសជាតិ ធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍។

សម្ដេចបន្តថា ជីវិតយុវវ័យរបស់សម្ដេចផ្ទាល់ គឺគ្មានស្គាល់អ្វីដែលហៅថា សេចក្តីសុខ និងសប្បាយ សូម្បីតែការសិក្សា ក៏មិនបានពេញលេញដែរ។ នាយករដ្ឋមន្រ្តីឲ្យដឹងថា បានចូលធ្វើទាហាន តាំងពីអាយុ១៨ឆ្នាំ ដើម្បីវាយពួកប៉ុលពត ត្រូវរបួសពេញខ្លួន និងពិការភ្នែកម្ខាង មកទល់សព្វថ្ងៃ ដូច្នេះសម្ដេចឆ្អែត ហើយសង្រ្គាម និងការនិរាសព្រាត់ប្រាស់។ ពេលនេះកម្ពុជាជ្រើសរើស “សន្តិភាព” ជាធំលើសអ្វីៗទាំងអស់ ព្រោះជាដង្ហើមនៃជីវិត។

សម្ដេចបន្តថា “យើងនាំគ្នាថែរក្សា និងការពារសន្តិភាពឲ្យបានរឹងមាំល្អ ដើម្បីប្រទេសជាតិ កាន់តែរីកចម្រើន ហើយអនាគតកូនក្មួយយុវជន យុវនារី ក៏កាន់តែមានឱកាសល្អៗ ឆ្ពោះទៅរកជីវិតរុងរឿង ក្នុងសម័យសន្តិភាព”៕ ដោយ៖ធី លីថូ

Facebook Comments

To Top