អន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិបារាំង ធ្វើដំណើរទៅដល់អ៊ីរ៉ាក់ ដើម្បីពិភាក្សា ទំនាក់ទំនងទ្វេភាគី

បាដាដ:ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍ទី៩ ខែកុម្ភៈនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិបារាំង លោក Florence Parly បានអញ្ជើញមកដល់ រដ្ឋធានីបាដាដ កាលពីថ្ងៃសុក្រ នៅក្នុងដំណើរទស្សនកិច្ច គួរឱ្យភ្ញាក់ផ្អើលមួយ ដែលមិនបានប្រកាសជាមុន ដើម្បីពិភាក្សាអំពីចំណង ទាក់ទងទ្វេភាគី និងការបង្កើនសមត្ថភាព យោធារបស់អ៊ីរ៉ាក់។

លោក Parly ត្រូវបានស្វាគមន៍ផ្ទាល់ ដោយប្រធានាធិបតីអ៊ីរ៉ាក់ Barham Salih នៅវិមានសន្តិភាព។ សេចក្តីថ្លែងការណ៍ បានដកស្រង់សម្តី របស់លោក Salih ដែលបាននិយាយថា អ៊ីរ៉ាក់ចង់បង្កើតទំនាក់ទំនង ដ៏ទូលំទូលាយ និងពង្រីកទំនាក់ទំនង ជាមួយបារាំង ក្នុងវិស័យផ្សេងៗគ្នា។ យើងជឿជាក់យ៉ាងមុតមាំថា ប្រទេសទាំងពីរ អាចដើរតួនាទីដ៏សំខាន់ និងមានឥទ្ធិពល នៅក្នុងបញ្ហាតំបន់ និងអន្តរជាតិជាច្រើនទៀត។

លើសពីនេះផងដែរ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃការរួមចំណែក របស់បារាំង ក្នុងការពង្រឹងសមត្ថភាពយោធាអ៊ីរ៉ាក់ នៅកម្រិតនៃការបំពាក់អាវុធ និងការបណ្តុះបណ្តាល ដោយសរសើរតួនាទីដ៏សំខាន់ របស់បារាំង នៅក្នុងសម្ព័ន្ធមិត្ត អន្តរជាតិ ប្រឆាំងភេរវកម្ម និងការគាំទ្ររបស់ខ្លួន ចំពោះអ៊ីរ៉ាក់ ក្នុងការកម្ចាត់ពួកភេរវជន និងការរំដោះទីក្រុងទាំងអស់ របស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top