អន្តរជាតិ

អាកាសយានដ្ឋានមួយ របស់ស៊ុយអ៊ែត រងការគម្រាមកំហែង ដោយគ្រាប់បែក

Stockholm: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រទី៨ខែកុម្ភៈនេះ បានឲ្យដឹងថាការគំរាម បំផ្ទុះគ្រាប់បែកមួយ បានបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរ ដែលនឹងត្រូវធ្វើដំណើរ ក្នុងផ្លូវពីទីក្រុងStockholm ទៅកាន់ទីក្រុងNice ប្រទេសបារាំង ត្រូវបង្ខំចិត្តត្រឡប់មកកាន់ អាកាសយានដ្ឋានវិញ នៅព្រឹកថ្ងៃព្រហស្បតិ៍។

ទោះបីជាយ៉ាងណាក្តីអ្នកដំណើរសរុប ទាំង១៦៩នាក់ នៅលើយន្តហោះ ត្រូវបានជម្លៀសចេញ ដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះបានសម្រេចចិត្ត ហោះត្រឡប់ទៅអាកាសយានដ្ឋាន Arlanda រដ្ឋធានី Stockholm វិញ ហើយមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មាន នៃអ្នករងរបួសទេ។

យោងតាមមជ្ឈមណ្ឌល ជួយសង្គ្រោះយន្តហោះ និងក្រុមការងាររដ្ឋបាល ដែលទទួលខុសត្រូវ ចំពោះការជួយសង្គ្រោះ យន្ដហោះ បានទទួលដំណឹងពេលយន្តហោះ បានធ្វើដំណើរមកដល់ ចំណុចកណ្តាល តាមរយៈការត្រួតពិនិត្យចរាចរណ៍ ផ្លូវអាកាស នៅក្នុងទីក្រុង Malmo ។ ការជូនដំណឹងនេះ ត្រូវបានគេទទួល នៅម៉ោង១០និង៤០នាទីព្រឹក បន្ទាប់ពីយន្តហោះបានចាកចេញ ពីរដ្ឋធានី Stockholm បានជាងកន្លះម៉ោងមកនោះ។

ប៉ូលីសកំពុងស្ថិតតាមតំបន់ការពារ ទាំងឡាយ របស់អាកាសយានដ្ឋាន Arlanda ដើម្បីស៊ើបអង្កេត។ យោងតាមកាសែត SVT News ប៉ូលីសព្រំដែនស៊ុយអ៊ែត ក្រុមការងារថ្នាក់ជាតិ និងកងកម្លាំងភេរវកម្មអន្តរជាតិ ត្រូវបានចុះទៅដល់កន្លែង ដើម្បីធ្វើការងារផងដែរ ខណៈដែលប្រភព នៃការរាយការណ៍ អំពីគ្រាប់បែកនោះ នៅមិនទាន់បានប្រកាស ជាផ្លូវការនៅឡើយ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top