នយោបាយ

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ដើរច្រឡំក្រឡាអុក ធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់!

សមដូចពាក្យលោក គង់ គាំ ពិពណ៌នាមែនគឺ លោក សម រង្ស៊ី ជាមនុស្ស«គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើត»។ នេះជាពាក្យបីមាត់ដ៏មហាសែនត្រឹមត្រូវ មិនថាកាលពីពេលកន្លងទៅ បច្ចុប្បន្ន និងទៅអនាគត គឺសម រង្ស៊ី មិន ដែលគិតត្រូវម្តងណាឡើយ។ ជាក់ស្តែង ពេលនេះ សម រង្ស៊ី កំពុងច្រឡំបល់ និងវាយតម្លៃស្ថានការណ៍ខុសស្រឡះ ។

ទី១៖ សម រង្ស៊ី យល់ច្រឡំថា ភ្នំព្រះសុមេរុ៍គឺជាកូនដុំទឹកកក៖ ការក្លែងបន្លំសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ហើយហ៊ានទាំងយកមកបង្ហោះ លើបណ្តាញសង្គម ផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នោះព្រោះតែ សម រង្ស៊ី គិតដោយភាន់ច្រឡំ ថាធ្វើបែបនេះ អាចបំបែកគណបក្ស ប្រជាជនកម្ពុជាបាន។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា គណបក្សប្រជាជនគឺជា គណបក្សតែមួយគត់ នៅកម្ពុជា ដែលមានភាព ចំណាស់ទាំងអាយុ ទាំងគំនិត និងទាំងនយោបាយ។ ខ្ញុំកត់សំគាល់ថា គណបក្សដ៍ធំមួយនេះ អាចស្ថិតស្ថេររឹងមាំ កាន់អំណាច បានជាង៤០ឆ្នាំមកនេះ ក៏អាស្រ័យតែបក្សនេះ មានសាមគ្គីឯកភាពផ្ទៃក្នុងដ៏រឹងមាំ​ និងវិន័យដ៏ល្អ ដែលគ្មានគណបក្សណាមួយ នៅស្រុកខ្មែរយើងអាចធ្វើដូចឡើយ។ សាមគ្គីភាព និងការឯកភាពផ្ទៃក្នុងនេះ គួបផ្សុំនឹងវិន័យនេះហើយ ដែលជាសរសរគ្រឹះដ៏រឹងមាំ ដូចភ្នំព្រះសុមេរុ៍ ដែលអាចអនុញ្ញាត ឲ្យគណបក្សនេះកាន់អំណាចជាង ៤០ ឆ្នាំមកហើយ និងនៅតែបន្តរឹងមាំ ហើយកាន់តែរឹងមាំឡើង ថែមទៀត។ ដូច្នេះ ខ្ញុំយល់ថា ម៉ាត្រឹមក្លែងការបន្លំ សេចក្តីថ្លែងការណ៍ ដែលប្រៀបបាននឹង ល្បែងកូនក្មេងនេះ មិនអាចធ្វើឲ្យគណបក្សដឹកនាំ ដោយលោក ហ៊ុន សែនរបេះរោម សូម្បីតែមួយបានឡើយ។ តាមពិតទៅ ល្បិចបំបែកលោក ហ៊ុន សែន ពីលោកជា ស៊ីម និងលោកស ខេង ត្រូវបានសម រង្ស៊ី លេងតាំងពីយូរឆ្នាំមកហើយ ប៉ុន្តែ គ្មានឡើយលទ្ធផល សូម្បីតែប៉ុនក្រចក។

ទី២៖ សម រង្ស៊ី យល់ច្រឡំថាអង្កាម មានប្រយោជន៍ជាងអង្ករ៖ នៅពេលពលរដ្ឋខ្មែរ កំពុងរស់នៅដោយសុខសាន សម្បូរសប្បាយ ហើយមានជីវភាព កាន់តែធូរធារជាងមុន ជាលំដាប់និង នៅពេលដែលគ្រប់គ្នា គិតពីការសង់ផ្ទះថ្មី ទិញម៉ូតូថ្មី ឡានថ្មី ទូរស័ព្ទដៃថ្មី និងកំពុងគិតថា ចូលឆ្នាំថ្មីឆ្នាំនេះ ទៅលេងនៅឯណា សម រង្ស៊ី បែរជាអំពាវនាវ ឲ្យពលរដ្ឋងើបឡើង បះបោរប្រឆាំងរដ្ឋាភិបាល ដូចនៅប្រទេសវ៉េណេហ្ស៊ុយអេឡា។ តើពលរដ្ឋខ្មែរណា ទៅចាក់អង្ករ ដូរយកអង្កាម តាមលោក សម រង្ស៊ី? ពួកគេច្បាស់ជាចង់រស់នៅ ក្នុងសុខសន្តិភាព ចង់ឃើញការអភិវឌ្ឍន៍ និងចង់ឃើញអនាគត កូនចៅភ្លឺស្វាង គឺច្បាស់ជាមិនចង់ប្រែក្លាយ ប្រទេសទៅជាស៊ីរី លីប៊ី ឬវ៉េណេហ្ស៊ុអេឡាទេ តាមការញុះញង់របស់ លោក សម រង្ស៊ី ឡើយ ។

ទី៣៖ សម រង្ស៊ី ដេកយល់សប្តិថា ខ្មែរចង់វិលទៅរករបបខ្មែរ ក្រហមវិញ៖ ដោយសារភាពស្រមើស្រមៃ ដោយការភាន់ច្រឡំ បែបនេះហើយបានជា សម រង្ស៊ី បានលើកគោលនយោបាយ ប៉ុល ពត មកអនុវត្ត គឺរឹបអូសដីធ្លី ទ្រព្យសម្បត្តិ ពីអ្នកមានទៅចែកអ្នកក្រ។ គោលនយោបាយដែល បង្កប់ដោយកំហឹងវណ្ណៈនេះ ត្រូវបានប៉ុល ពត អនុវត្តរួចហើយ ចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ។ ជាលទ្ធផលគឺ ត្បូងចប គល់ឬស្សី គ្មានលុយចាយ គ្មានបាយហូប ហើយទាំងអស់គ្នា ទៅធ្វើស្រែ ដើម្បីបម្រើអង្ការតាមផែនការ មហាលោតផ្លោះ មហាអស្ចារ្យ ធ្វើឲ្យខ្មែរវេទនាខ្លោចផ្សារ ស្លាប់ស្ទើរផុតពូជ។ តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ជឿ និងធ្វើតាមគោលនយោបាយ លោក សម រង្ស៊ី ដែលចម្លងចេញទាំងស្រុង ពី ប៉ុល ពត?

ទី៤៖ សម រង្ស៊ី ផឹកថ្នាំច្រឡំដេកយល់សប្តិថា គាត់ជាមេទ័ព ដែលអាចបញ្ជាទ័ពបាន៖ សម រង្ស៊ី ដែលពីមុនធ្លាប់តិះដៀល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា ជាឧបករណ៍ រំលោភសិទ្ធិមនុស្ស ដែលធ្វើឲ្យកងកម្លាំងប្រដាប់អាវុធ ខឹងសម្បារនិងបញ្ចេញប្រតិកម្មតប យ៉ាងខ្លាំងៗនោះ ឥឡូវស្រាប់តែ បែរមកធ្វើជាអំពាវនាវ ឲ្យកងកម្លាំងប្រដាប់អាវុធ ងើបបះបោរប្រឆាំង រាជរដ្ឋាភិបាល។ ប៉ុន្តែ សម រង្ស៊ី ភ្លេចគិតថា នាយទាហាន ពលទាហាន និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ កំពុងឈរយ៉ាងរឹងមាំ ដើម្បីការពារសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការពារយ៉ាងប្តូរផ្តាច់ នូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ នៅកម្ពុជា កងកម្លាំងប្រដាប់អាវុធ គឺជារបស់ជាតិ ក្រោមការបញ្ ជាដឹកនាំរបស់រាជរដ្ឋាភិបាល។ មេទ័ពធំជាងគេបំផុត គឺលោកនាយករដ្ធមន្ត្រី ហ៊ុន សែន មិនមែន សម រង្ស៊ី ទេណា។ បើតាមមិត្តភ័គ្ររបស់ខ្ញុំ ដែលនៅធ្វើការក្នុងជួរទ័ព ប៉េអឹមនិងប៉ូលីសបានខ្សឹបប្រាប់ អោយដឹងថា កងកម្លាំងប្រដាប់អាវុធទាំងអស់​ បានត្រៀមរួចហើយ គឺត្រៀមចាប់ខ្លួន សម រង្ស៊ី បញ្ជូនទៅពន្ធនាគារ។

សរុបសេចក្តីទៅ ផែនការទាំងប៉ុន្មានដែល សម រង្ស៊ី ដាក់ចេញគឺសុទ្ធតែផែនស្ករ ដែលកើតចេញពីគំនិត គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើមិនដែលកើតដូចលោក គង់ គាំ ថាមែន។

ឥឡូវនេះ សម រង្ស៊ី កំពុងលង់ខ្លួន នឹងពាក្យសន្យា ដោយបង្ខំចិត្តអំពីការវិលត្រឡប់វិញ។ កាលពីឆ្នាំ ២០១៥ សម រង្ស៊ី ធ្លាប់បាន ប្រកាសក្តែងៗថា គាត់នឹងមកកម្ពុជាវិញ ប៉ុន្តែទីបំផុត អត់ហ៊ានមកទេ។ ដើម្បីលួងចិត្តអ្នកគាំទ្រ សម រង្ស៊ី ប្រឌិតរឿងថា បានទទួលសារ ពីទូតអាមេរិកប្រចាំកម្ពុជា ដោយបញ្ជាក់ថា លោក ស ខេង មិនឲ្យមក។ រឿងនេះធ្លាប់ត្រូវបាន លោក ស ខេង បដិសេធរួចហើយ។ ចាំមើលម្តងនេះ តើសម រង្ស៊ី មានលេសអី ដើម្បីលើកមកបិទបាំងភាព កំសាករបស់ខ្លួន ខណៈដែលឱសានវាទ នៃការភ្នាល់ជាមួយ លោកហ៊ុន សែន ក៏កាន់តែខិតជិត ចូលមកដល់ រីឯការប្រកាស សន្យាជាមួយអ្នកគាំទ្រ ថាវិលចូលស្រុកវិញ ក៏បានជ្រុលមាត់ធ្វើរួចហើយដែរ។

ថ្ងៃនេះខ្ញុំបានស្តាប់ចំរៀងក្នុង YouTube ដែលនិពន្ធដោយលោក ហ៊ុន សែន ពិតជាពិរោះហើយខ្លឹមសារ ដែលលោកសរសេរនោះ ហាក់បីដូចជា ស្របទៅនឹងការភ្នាល់ក្នុងកំរឹត VVIP ដែលឧសានុវាទ នៃការសន្យារបស់គូភាគីនោះ កាន់តែខិតជិតចូលមកដល់។

ហើយបើវិភាគ លើកំណាព្យមួយបទនេះដែលថា«ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ, សង្សារបងអើយ ដល់ពេលហើយឬនៅ, ចិត្តអូនចិត្តដាច់ ចិត្តបងចិត្តខ្មៅ, ស្ពានក៏បាក់ ទឹកក៏ជ្រៅធ្វើម្តេច បានទៅតាមការសន្យា» គ្មានឡើយការលើកលែងទោស ដល់មនុស្សចិត្តខ្មៅ ហើយសម រង្ស៊ី ពេលនេះកំពុង ជួបបញ្ហាស្ពានក៏បាក់ ទឹកក៏ជ្រៅទឹកជ្រៅ មានន័យថា សម រង្ស៊ី ជាអ្នកផ្តាច់ស្ពានដោយខ្លួនឯង ជាមួយលោក ហ៊ុន សែន រីឯទឹកក៏ជ្រៅគឺគ្មានអ្នកណា ជួយគាំទ្រគាត់ឲ្យបាន វិលវិញដោយសុវត្ថិភាព តាមការសន្យា របស់គាត់បានឡើយ ។ ហើយខ្ញុំយល់ថាបើ សម រង្ស៊ី មក គឺមានតែខ្នោះ និងគុករង់ចាំតែប៉ុណ្ណោះ។

នេះហើយជាគ្រោះថ្នាក់របស់មនុស្ស ដែលមិនចេះលេងអុក ដើរកូនអុកច្រឡំក្រឡា ព្រោះតែការវាយតំលៃ សភាពការណ៍មិនត្រូវ៕
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ

Facebook Comments

To Top