អន្តរជាតិ

រុស្សី ព្រមានអាមេរិក ប្រសិនបើហ៊ានប្រើប្រាស់ កម្លាំងទ័ពនៅវេណេស៊ុយអេឡា

មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី៨ ខែកុម្ភៈ នេះបានឲ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានព្រមាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយនឹងសហរដ្ឋអាមេរិក ក្នុងការប្រឆាំង ទៅនឹងការប្រើប្រាស់កម្លាំងទ័ព ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ របស់វេណេហ្ស៊ុយអេឡា។

លោក Ryabkov ដែលបានថ្លែងប្រាប់ ទៅកាន់ក្រុមអ្នកសន្និសីទសារព័ត៌មាន មួយថាវាគឺជាកំហុសដ៏ធំមួយ របស់សហរដ្ឋអាមេរិក ដោយបន្ថែមថាការប្រើកម្លាំង នឹងនាំឱ្យមានការកើនឡើង នូវការបង្ហូរឈាម និងផលវិបាក ដែលនឹងមានផលវិបាក នៅខាងក្រៅវេណេស៊ុយអេឡាជាមិនខាន។

យោងតាមអ្នកការទូតជាន់ខ្ពស់ ប្រទេសរុស្ស៊ីរូបនេះ បានបញ្ជាក់បន្ថែមអំពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់ចំពោះជំហរថា ការជ្រៀតជ្រែកពីខាងក្រៅ ដែលបំផ្លិចបំផ្លាញ ជាពិសេសអន្តរាគមន៍ ប្រដាប់អាវុធ នៅវេណេស៊ុយអេឡា គឺជាសេណារីយ៉ូ ដែលអាក្រក់បំផុត។

ប្រទេសរុស្ស៊ី កំពុងពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរនៅទីក្រុងការ៉ាកាស ហើយវាកំពុងប្រើគ្រប់បណ្តាញទាំងអស់ ដើម្បីធានាថាជំហររបស់ខ្លួន ត្រូវបានទាក់ទងជាពិសេស ទៅនឹងសហភាពអឺរ៉ុប ដែលព្យាយាមដើរតួនាទីយ៉ាងសកម្ម ក្នុងដំណោះស្រាយ នៃវិបត្តិវេណេហ្សុយអេឡា៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top