អន្តរជាតិ

បារាំង ហៅអគ្គរដ្ឋទូតខ្លួនមកវិញ ក្រោយពីអនុរដ្ឋមន្រ្តីអ៊ីតាលី ជួបជាមួយមេដឹកនាំបាតុករ អាវកាក់ពណ៌លឿង

បរទេស៖ ប្រទេសបារាំងបានកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុងរ៉ូម ប្រទេស អ៊ីតាលី មកវិញ បន្ទាប់ពីជំនួបរវាង ឧបនាយករដ្ឋមន្រ្តីអ៊ីតាលី និងមេដឹកនាំក្រុមចលនាតវ៉ា អាវកាក់ពណ៌លឿងរបស់បារាំង ដែលបានអំពាវនាវ ឱ្យប្រធានាធិបតីបារាំង Emmanuel Macron លាលែងពីតំណែង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Luigi di Maio ឧបនាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី និងជាអ្នកដឹកនាំចលនាប្រឆាំងផ្កាយ 5-Star កាលពីថ្ងៃម្សិលមិញ បានជួបជាមួយមេដឹកនាំ ក្រុមបាតុករបារាំង គឺ Cristophe Chalencon និង Ingrid Levavasseur ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីការសម្រេចចិត្តនោះ ក្រសួងការបរទេសបារាំង បានចោទប្រកាន់មន្ដ្រីអ៊ីតាលីថា បានធ្វើ«សេចក្តីថ្លែងការណ៍ដ៏ឃោរឃៅ» និង«ការវាយប្រហារដោយគ្មានមូលដ្ឋាន »។

គ្រប់សកម្មភាពទាំងនោះ គឺកំពុងធ្វើឲ្យស្ថានការណ៍ កាន់តែធ្ងន់ធ្ងរ ដែលទាំងនេះបាននាំឲ្យ មានការចោទជាសំណួរ របស់គោលបំណងអ៊ីតាលី មកលើប្រទេសបារាំង។ វាបានបន្ថែមឱ្យដឹងច្បាស់ថា រដ្ឋាភិបាលទីក្រុងប៉ារីសមាន ការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយលោកឌីម៉ៃអូ និងការគាំទ្រលោក Salvini ចំពោះចលនាតវ៉ា និងផលប៉ះពាល់ដែលអាចកើតមាន។

ជម្លោះការទូតមួយត្រូវបាន បង្កើតឡើងរវាងទីក្រុងប៉ារីស និងទីក្រុងរ៉ូម ស្តីពីការគាំទ្រជាច្រើន ចំពោះការតវ៉ានៅបារាំង ដែលបណ្តាលមកពី មន្ត្រីអ៊ីតាលីកំពូលៗ។ លោក Matteo Salvini និង លោក Di Maio ដែលជាឧបនាយករដ្ឋមន្ត្រីអ៊ីតាលី បាននិយាយនៅសប្តាហ៍នេះថា ប្រជាជនបារាំង “នឹងអាចដោះលែងខ្លួនឯងពីប្រធានាធិបតី ដ៏គួរឱ្យភ័យខ្លាចមួយ” នៅក្នុងខែឧសភាបន្ទាប់ពីការ បោះឆ្នោតសភាអឺរ៉ុបបានប្រព្រឹត្តទៅ។

ឆ្លើយតបចំពោះការ សម្រេចចិត្តរបស់បារាំង ក្នុងការហៅឯកអគ្គទូតខ្លួនមកវិញនេះ លោក Salvini បានធ្វើឱ្យមានភាពតានតឹង ផ្នែកការទូតថែមទៀត ដោយនិយាយថា លោកនឹងសប្បាយចិត្តនឹង ជួបជាមួយលោកម៉ាករ៉ុន ដើម្បីពិភាក្សាអំពីភាពតានតឹង នាពេលថ្មីៗនេះហើយថា ប្រទេសអ៊ីតាលីមិនចង់មាន ទំនាស់ជាមួយបារាំងឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ប្រទេសបារាំងត្រូវតែបញ្ឈប់ ការបញ្ជូនជនអន្តោប្រវេសន៍ ត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ហើយត្រូវតែបញ្ឈប់ការ ត្រួតពិនិត្យសន្តិសុខរយៈពេលយូរ ដែលរារាំងចរាចរណ៍នៅតាមព្រំដែន ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top