កីឡា

បញ្ជីក្រុម U22 កម្ពុជា ត្រៀមប្រកួតពាន AFF ត្រូវបង្ហាញ តែគ្មានកីឡាករណាហ្គាវើល សូម្បីម្នាក់!

ភ្នំពេញ៖ បញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិ យុវជនក្រោមអាយុ ២២ឆ្នាំ(U22) ដើម្បីត្រៀមការប្រកួត ពានរង្វាន់ AFF U22 Championship 2019 ត្រូវបាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញជាផ្លូវការហើយ ប៉ុន្ដែពុំមានវត្តមាន កីឡាករក្រុមជើងឯក​ លីគកំពូលកម្ពុជា ឆ្នាំ២០១៨ គឺក្រុមណាហ្គាវើល សូម្បីតែម្នាក់ឡើយ ។

សម្រាប់បញ្ជីឈ្មោះ កីឡាករខាងលើ គឺមានកីឡាករសរុប ២៧នាក់ ដែលជ្រើសរើសមកពី ៧ក្លឹប និងកីឡាករ​មកពីមជ្ឈមណ្ឌល សាលាបាល់ទាត់ជាតិ បាទីម្នាក់ គឺកីឡាករ សៀង ចន្ធា ។ ចំណែក ២៦នាក់ទៀត រួមមានកីឡាករ ក្លឹបវិសាខា ១១នាក់, ភ្នំពេញក្រោន ៦នាក់, បឹងកេត ៤នាក់, អង្គរថាយហ្គឺរ ២នាក់, ក្រសួងការពារជាតិ, ព្រះខ័នរាជស្វាយរៀង និងអាស៊ីអឺរ៉ុប មានកីឡាករម្នាក់ៗ ត្រូវបានកោះហៅ ប្រមូលផ្ដុំដូចគ្នា ។

ប៉ុន្ដែទន្ទឹមនឹងការបង្ហាញសមាសភាព កីឡាករត្រៀមប្រកួត ពានប្រចាំតំបន់នេះ អ្នកគាំទ្រ បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ព្រោះក្នុងបញ្ជីឈ្មោះកីឡាករ ២៧នាក់ គ្មានកីឡាករក្រុមណាហ្គាវើល ដែលជាក្រុមជើងឯកលីគកំពូលកម្ពុជា សូម្បីតែម្នាក់ ត្បិតកាលពីធ្វើតេស្ដសមត្ថភាព ដំណាក់កាលទី១ ក៏មានកីឡាករវ័យក្មេងៗ របស់ណាហ្គាវើលចំនួន ៧នាក់ ត្រូវបានកោះហៅ ចូលរួមប្រមូលផ្ដុំហ្វឹកហាត់ វគ្គបឋមផងដែរ តែជាលទ្ធផលពុំមាន កីឡាករណាហ្គាវើលណាម្នាក់ ស្ថិតក្នុងបញ្ជីកីឡាករ ២៧នាក់ ចុងក្រោយនោះទេ ។

យ៉ាងណាមិញក្រោយបង្ហាញ បញ្ជីឈ្មោះខាងលើ ក្រុមជម្រើសជាតិយុវជន U22 កម្ពុជា នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅថ្ងៃទី០៨ ខែកុម្ភៈនេះ ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតពានរង្វាន់ AFF U22 Championship 2019 ដោយក្រុម U22 កម្ពុជា ស្ថិតក្នុងពូល B ជាមួយមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ខណៈពូល A មានថៃ វៀតណាម ហ្វីលីពីន និងទីម័រខាងកើត ។ ចំពោះកម្មវិធីប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី១៧-២៦ ខែកុម្ភៈ នៅលើទីលានពហុកីឡដ្ឋានជាតិ តែមួយគត់៕

Facebook Comments

To Top