នយោបាយ

អាថ៌កំបាំង ក្នុងការនាំឲ្យអ៊ីរ៉ង និងអ៊ីស្រាអែល ពីមិត្តដ៏ជិតស្និទ្ធ ប្រែក្លាយទៅជាសត្រូវ ប្រចាំសត្សវត្តរ៍ (មានវីដេអូ)


នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសចូលរួម កិច្ចប្រជុំមហាស្និបាត អង្គការសហប្រជាជាតិ លើកទី៧៣ នៅ New York ស្រាប់តែលោក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានធ្វើការថ្កោលទោស យ៉ាងខ្លាំងក្លា ដោយចោទប្រកាន់មកលើអ៊ីរ៉ង់ ថា បានភូតភរ កុហក់ ព្រោះបច្ចុប្បន្ននេះ អ៊ីរ៉ង់មានមូលដ្ឋានកសាងនុយក្លេអ៊ែរ មួយសម្ងាត់ នៅចំកណ្តាលរដ្ឋធានី Tehran ! ដែលព័ត៌មានសម្ងាត់ទាំងនេះ ភាគីអ៊ីស្រាអែលបានចែករំលែកជាមួយ និងអង្គការ IAEA និងស្ថាប័ន ស៊ើបការណ៍សម្ងាត់ទាំងឡាយហើយ! ហើយសហរដ្ឋអាមេរិក ក៏បានគាំទ្រ ទៅនឹងព័ត៌មាន ដែល អ៊ីស្រាអែល បានលើកបង្ហាញចែករំលែក នាឱកាសកិច្ចប្រចុំ អ.ស.ប នេះ! ។

          រឿងរ៉ាវក្រោយវាំងននដែលគេពុំបានដឹងអំពីទំនាក់ទំនង រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អស់រយៈកាលមួយដ៏យូរ !

ប្រទេសទាំងពីរនេះ ធ្លាប់មាននិងរក្សាទំនាក់ទំនង ដ៏ល្អជាមួយគ្នា អស់រយៈកាលជាង៣០ឆ្នាំ ក៏ប៉ុន្តែក្រោយមកដោយកត្តា នយោបាយនិងផលប្រយោជន៍ដែរ ក្នុងនោះក៏មានបច្ច័យជំនឿ សាសនា មួយផង! បានធ្វើឲ្យអ៊ីរ៉ង់និងអ៊ីស្រាអែល ក្លាយទៅជាគូរបដិបក្ខ សត្រូវប្រចាំសត្សវត្តន៍ ដែល ទោះបីជាប្រទេសទាំងពីរនេះ ពុំមានព្រំដែនជាប់គ្នា និងពុំមានការទំនាស់វិវាទអំពីបូរណភាព ទឹកដី ជាមួយគ្នាឡើយក៏ដោយនោះ ! ។

បន្ទាប់ពីរដ្ឋអ៊ីស្រាអែល ចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៤៨ មក ទំនាក់ទំនង និងកិច្ចសហ ប្រត្តិបត្តិការ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ មានភាពល្អប្រើសើរ ហើយ សូម្បីតែក្រោយ ពីមានបដិវត្តន៍ ឥស្លាមឆ្នាំ១៩៧៩ ដែលពេលនោះ អ៊ីរ៉ង់បានផ្តាច់ទំនាក់ទំនងការទូតជា ឯកតោភាគី ជាមួយអ៊ីស្រាអែល ក៏ដោយ! ក៏កិច្ចសហប្រតិបត្តិការ លើផ្នែកយោធា រវាងអ៊ីរ៉ង និងអ៊ីស្រាអែល នៅតែត្រូវបានរក្សាដដែល រហូតដល់ប៉ុន្មានឆ្នាំក្រោយ ទើបប្រទេសទាំងពីរនេះ បានកាត់ផ្តាច់ ទំនាក់ទំនងទាំងស្រុង! មូលបតសំខា​ន់ដោយពេលនោះ ក្រុង Tehran ត្រូវការអ៊ីស្រាអែល ក្នុងការផ្គត់ផ្គង់អាវុធ និងសំភារៈ សឹក ដើម្បីបំរើអោយសង្គ្រាម ដ៏សាហាវឃោរឃៅ ជាមួយនិងប្រទេសភូមិផង គឺ Iraq នោះ! ។

រហូតដល់បច្ចុប្បន្ននេះ នៅពេលដែលសភាពការណ៍ តានតឹងបំផុត ពោពេញទៅដោយ ភាពគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ក្នុងការប្រឈមមុខដាក់គ្នាយ៉ាងណាក៏ដោយ ! ក៏អ្នកនយោ បាយទាំងឡាយ នៅតែជឿជាក់ថា ប្រទេសទាំងពីរនេះ អ៊ីរ៉ង់ និងអ៊ីស្រាអែល គ្មានមូលហេតុអ្វី ក្នុងការប្រែក្លាយប្រទេសខ្លួនឲ្យទៅជាសត្រូវសួរពូជ (archenemy) និងគ្នាឡើយ! ។ ព្រោះប្រទេសទាំងពីរនេះ ពុំមានព្រំដែនជាប់គ្នា និងពុំមានទំនាស់ វិវាទណាមួយ អំពីបូរណភាពទឹកដី ជាមួយគ្នានោះទេ ! ម្យ៉ាងវិញទៀត ក្នុងបុរេប្រវត្តិសាស្ត្រ ជនជាតិអ៊ីស្រាអែល ធ្លាប់បានរស់នៅក្នុងតំបន់ Prussia (អាណាចក្រចាស់ក្នុងប្រវត្តិសាស្ត្រ ដែលបច្ចុប្បន្នជាទឹកដីអ៊ីរ៉ង់) ក្នុងចន្លោះ ២៧០០ឆ្នាំមុន គ្រឹស្ថសករាជ្យ ដែលជនជាតិអ៊ីស្រាអែល ទាំងឡាយបានមើលឃើញថា ដែនដី Prussiaនេះ ធ្លាប់បានផ្តល់សេចក្តីសុខ ប្រកបទៅដោយសុវត្តិភាព មកលើពួកអ៊ីស្រាអែល ! ជាពិសេសគឺក្នុងសម័យកាលក្រោមការត្រួតត្រា គ្រប់គ្រងរបស់ ព្រះចៅអធិរាជ្យ Cyprus នាសត្សវត្តរ៍ទី៦ មុនគ្រឹស្ថសករាជ្យនោះ! ។

          ទំនាក់ទំនងក្នុងភាពជាមិត្តភក្តិ និងជាដៃគូក្នុងការជួញដូរអាវុធ និងប្រេងកាត!

ក្រោយពីអ៊ីស្រាអែល ប្រកាសជាឯកតោភាគីនូវឯករាជ្យភាពនាឆ្នាំ១៩៤៨ មក និងស្របពេលដែលអ៊ីរ៉ាក់ បាននិងកំពុងធ្វើការ បោសសំអាតនិងបង្ក្រាបមកលើពលរដ្ឋអ៊ីស្រាអែល ដែលរស់នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយដែលមានប្រជាពលរដ្ឋអ៊ីស្រាអែលជាច្រើន បានរត់គេចខ្លួនទៅរស់នៅជ្រកកោននៅអ៊ីស្រាអែលនោះ! គឺពេលនោះហើយប្រទេសអ៊ីរ៉ង់ បានដើរតួរមួយយ៉ាងសំខាន់ ក្នុងការសម្របសំរួលនិងអនុញ្ញតិ អោយពលរដ្ឋអ៊ីស្រាអែល ដែលរត់ភៀសខ្លួន ពីការធ្វើបាប របស់អ៊ីរ៉ាក់ អោយបានរស់នៅជ្រកកោន ក្នុងប្រទេសអ៊ីរ៉ង់! ហើយហេតុការជួយសំរួលនេះ ក្រោយមកត្រូវអាជ្ញាធរអ៊ីស្រាអ៊ែល សងគុណកំរ៉ៃមួយយ៉ាងខ្ពស់ ចំពោះកាយវិការនេះដល់អ៊ីរ៉ង់យ៉ាងគាប់ចិត្តបំផុតផងដែរ! ។

នៅលើទិដ្ឋភាពផ្លូវការ អ៊ីរ៉ង់បានបោះឆ្នោត ប្រឆាំងទំនាស់ទៅនឹងផែនការ បែងចែក តំបន់សម្រាប់ Palestine នៅឆ្នាំ១៩៤៧ របស់អង្គការសហប្រជាជាតិ នៅមុននិងក្រោយ បន្ទាប់ពីរដ្ឋអ៊ីស្រាអែល ត្រូវបានបង្កើតឡើង! ទន្ទឹមនេះ ក្រុងTehran ក៏បានប្រឆាំងទៅនឹង ការទទួលស្គាល់ អ៊ីស្រាអែល ជារដ្ឋនៃសមាជិករបស់អង្គការសហប្រជាជាតិផងដែរ! ។ ក៏ប៉ុន្តែ នៅឆ្នាំ១៩៥០ អ៊ីរ៉ង់ ជារដ្ឋឥស្លាមទីពីរ បន្ទាប់ពី Turkey លើពិភពលោក ដែលបានប្រកាស ទទួលស្គាល់ រដ្ឋអ៊ីស្រាអែលជាផ្លូវការ! ។

នៅក្នុងប្រទេសនីមួយៗសុទ្ធតែមានមូលហេតុនិងផលប្រយោជន៍សួនតួរ ដោយឡែករបស់ខ្លួន ក្នុងការទទួលស្គាល់ ប្រទេសមួយផ្សេងទៀត។ ចំពោះអ៊ីរ៉ង់វិញ អ៊ីស្រាអែល ត្រូវបានចាត់ទុកថាជាមធ្យោបាយ ដោយឆ្លង តាមរយៈសហគមន៍អ៊ីស្រាអែល អាមេរិក ដើម្បីដណ្តើមការគាំទ្រ ជាហិរញ្ញប្បទានពីសហរដ្ឋអាមេរិក ដែលពេលនោះ  សហរដ្ឋអាមេរិក ក៏ជាមហាអំណាចមួយ បាននិងកំពុងស្វែងរកសម្ព័ន្ធមិត្ត ក្នុងសង្គ្រាមត្រជាក់ ដើម្បីប្រកួតប្រជែងដណ្តើមឧត្តមភាព ក្នុងការគ្រប់ គ្រង ត្រួតត្រាតំបន់ និងពិភពលោក ជាមួយ សហភាពសូវៀតនោះ! ។

ក្នុងសម័យការនៃសង្គ្រាមត្រជាក់នេះ អ៊ីរ៉ង់ជាប្រភពផ្គត់ផ្គង់ប្រេងមួយដ៏ធំនិងយ៉ាងសំខាន់ ព្រមទាំងភូមិសាស្ត្រអ៊ីរ៉ង់ ក៏មានមុខងារក្នុង ការត្រួតពិនិត្យ ឃ្លាំមើលមកលើនាវាចរណ៍ទាំងឡាយ នៅក្នុងតំបន់ ឈូងសមុទ្រ Persique ផងដែរ ! ទើបក្នុងភូមិសាស្ត្រយុទ្ធសាស្ត្រ អ៊ីរ៉ងបានប្រែក្លាយទៅជាសម្ព័ន្ធ មិត្តមួយ ដ៏រឹងមាំនិងសំខាន់របស់អាមេរិក ! ហើយនៅលើចំណុចយុទ្ធសាស្ត្រមួយនេះ ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល សុទ្ធតែមានទស្សនៈនយោបាយរួមដូចគ្នា! ។

​ យ៉ាងនេះក៏ដោយ តែនៅក្នុងទិដ្ឋភាពផ្ទៃក្នុងអ៊ីរ៉ង់វិញ ពួកនិកាយឥស្លាមប្រកាន់ភាពតឹង​រឹង​ មានការយល់ខុសពីនេះ ដូចជាបុគ្គលមេសាសនា Ayotollahr Khomeini បានចាត់ទុកថា អ៊ីរ៉ង់ ត្រូវតែចូលរួមទៅក្នុងប្លុកអារ៉ាប់ ប្រឆាំងទំនាស់ ទៅនឹងនយោបាយ Sionist របស់ពួកអ៊ីស្រាអែល ជាដាច់ខាត! ។ តែទោះបីជាមានការបំផុតគំនិត អោយស្អប់ពួក អ៊ីស្រាអែលយ៉ាងនេះ ក៏ដោយ! ក៏កម្លាំងរបស់ពួកឥស្លាមនិយមជ្រុលរបស់ ក្រុម Khomeini ពុំអាចយកឈ្នះមកលើក្រុម Mohammad Reza Pahlani ដែលមាននិន្នាការ ស្និទ្ធជាមួយ អាមេរិក បានឡើយ! ក្រុម Pahlani ឡើងកាន់អំណាចដោយការរដ្ឋប្រហារនាឆ្នាំ១៩៥៣ ដែលមានការគាំទ្រ ពីសហរដ្ឋអាមេរិកនោះ! ។

អនុលោមទៅតាមទស្សនៈនេះ របស់អ៊ីស្រាអែល គឺអ៊ីរ៉ង់មានភាពសមស្របទៅនឹង គោល នយោបាយការបរទេស របស់អ៊ីស្រាអែល ដែលក្រោមការត្រួសត្រាយចង្អុលបង្ហាញ ទៅដោយនាយករដ្ឋមន្ត្រី David Ben Gurion! ខ្លឹមសារ នៃនយោបាយនេះ គឺអ៊ីស្រាអែល ត្រូវខិតខំបង្កើនទំនាក់ទំនង ជាមួយពួកអមិត្តនៅក្នុងប្លុកអារ៉ាប់ ដូចជាប្រទេស Iran, Turkey និង Ethiopia ក៏ដូចជាក្រុម អារ៉ាប់តែកាន់សាសនា កាតូលិក នៅLiban និងពួក Kurd នៅ Iraq ជាដើមនោះ! ។

ផ្អែកមកលើទំនាក់ទំនងដ៏ល្អមួយនេះ អ៊ីរ៉ង់បានលក់ប្រេងមកឲ្យអ៊ីស្រាអែល ខុសនិងពួកប្រទេសអារ៉ាប់ នៅក្នុងតំបន់ផ្សេងទៀត ដែលពុំមានការទាក់ទងលក់ដូររកស៊ីជាមួយ អ៊ីស្រាអែលនោះឡើយ! ។ ក្រោយពីនេះ អ៊ីរ៉ង់ ក៏បានក្លាយទៅជាដៃគូរកស៊ីពាណិជ្ជកម្ម មួយយ៉ាងសំខាន់ជាមួយអ៊ីស្រាអែល ក្នុងការនាំចូលនូវទំនិញសំភារៈដ៏ច្រើន ដូចជាគ្រឿងយន្តកសិកម្ម ឧបករណ៍ សំភារៈពេទ្យ សំណង់ហេដ្ឋារចនាសម្ព័ន្ធ ល.ល ! ទន្ទឹនេះ អ៊ីស្រាអែល ក៏បានជួយ បណ្តុះបណ្តាលកម្លាំងប្រដាប់អាវុធ និងប៉ូលិសទៅអោយអ៊ីរ៉ង់ទៀតផង! ។

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជាអ្នកដែលបានបញ្ជុះបញ្ចូល សហរដ្ឋអេមរិក អោយដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លែអែរជាមួយអ៊ីរ៉ង់ នាឆ្នាំ២០១៥! តែជាការពិត ពីរឆ្នាំមុនពេលដែលមានបដិវត្តន៍ឥស្លាម១៩៧៩ គឺទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ ធ្លាប់បានសហការគ្នា ក្នុងផែនការរួមមួយ ដើម្បីផលិតកាំជ្រួច ដែលអាចបំពាក់បានទៅដោយក្បាល គ្រាប់នុយក្លែអែលទៀតផង ! ។

នៅក្នុងបណ្តាឆ្នាំ១៩៦០ និង១៩៧០ អ៊ីរ៉ង់ក៏ធ្លាប់បានអនុញ្ញតិសំរួលឲ្យក្រុមពួកអ្នកម៉ៅការសំណង់ក៏ដូចជាពួកទីប្រឹក្សាជាតិអ៊ីស្រាអ៊ែល អោយស្នាក់អាស្រ័យប្រកបអាជីពរស់នៅ Tehran យ៉ាងច្រើន! រហូតដល់ពួកនេះ មានទាំងសាលា បង្រៀនជាភាសា Hebrew សម្រាប់ពួកកុមាអ៊ីស្រាអែលទៀតផង! ។ ដោយឡែក ក្រុមហ៊ុនយន្តហោះ EL AL ក៏ធ្លាប់មានជើងហោះហើរ ជាអចិន្ត្រៃយ៍ ហោះទៅមក រវាងក្រុងTeL Avis ជាមួយ Tehran ទៀតផង! ។

          បដិវត្ដន៍ឥស្លាមនៅអ៊ីរ៉ង់ គ្រោះរំជួយព្រះធរណី នយោបាយ នៅក្នុងពិភពអារ៉ាប់!

ទំនាក់ទំនងដ៏ល្អ ប្រសើររវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវចប់ ដោយមានការផ្លាស់ប្តូរ ប្រែប្រួលទៅដោយភូមិសាស្ត្រ នយោបាយមួយ ដ៏ធំគឺបន្ទាប់ពីមានករណីមរណភាពរបស់ឥស្សរជន ដែលមាននិន្នាការនយោបាយស្និទ្ធជាមួយអ៊ីស្រាអែល ដូចជា Nasser នៅក្នុងបណ្តា ឆ្នាំ១៩៧០ និងការស្លាប់ របស់ Anwar Sadat នាឆ្នាំ១៩៨០ បាននាំដល់ការធ្វើឲ្យទំនាក់ទំនងនិងកិច្ច សហប្រតិបត្តិការរវាងអ៊ីរ៉ង់ ជាមួយពិភពអារ៉ាប់ មានការរស់ឡើងវិញនិងល្អឡើងវិញជាប្រក្រតី! ។

ក្រៅពីនេះ ក៏មានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយរវាង អ៊ីរ៉ង់ និងអ៊ីរ៉ាក់ នាឆ្នាំ១៩៧៥ ដែលក្នុងនោះ អ៊ីរ៉ង់ បានឯកភាព ឈប់បំពាក់អាវុធ ទៅអោយពួកបំបែកខ្លួន ជនជាតិ Kurd នៅអ៊ីរ៉ាក់ ដែលជាបច្ច័យមួយយ៉ាងវិជ្ជមានក្នុងការនាំឲ្យ​មានភាពអមិត្តដ៏ជូរចត់រវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់មានការថយចុះបន្ថយទៅ ដែលជាហេតុផល មួយក្នុងការធ្វើអោយតម្លៃយុទ្ធសាស្ត្រ របស់អ៊ីស្រាអែល ចំពោះអ៊ីរ៉ង់ មានភាពប៉ះពាល់ និងអស់ប្រសិទ្ធិភាព! ដែលក្នុងពេលនោះ ពួកអាចារ្យ ឥស្លាមនៅអ៊ីរ៉ង់ នៅតែបន្តចញ្ចឹមចិត្ត ប្រឆាំងទៅនឹងពួកអ៊ីស្រាអែលដដែល! ។ ដូច្នេះនៅពេលដែលរបបរាជានិយមរបស់ Pahlani ត្រូវផ្តួលរំលំនាឆ្នាំ១៩៧៩ ដោយ Ayatollah R. Khoneini នោះ គឺទំនាក់ទំនងអ៊ីរ៉ង់ និង អ៊ីស្រាអែល ត្រូវបានកាត់ផ្តាច់អាក្រក់ទៅ! ។

មេសាសនាឥស្លាម Ayatollah R. Khoneini រូបនេះ រស់នៅជាជ​ននិរទេសខ្លួន នៅស្រុក បារាំង ហើយបានវិលមក Tehran វិញបន្ទាប់ពីមានបដិវត្តន៍ឥស្លាម នៅថ្ងៃទី១ កុម្ភៈឆ្នាំ១៩៧៩ ។ ក្រោយពីបដិវត្តន៍ឥស្លាមចប់ មិនដល់៣សប្តាហ៍ផង មេសាសនា Khoneini រូបនេះ បានប្រកាសកាត់ផ្តាច់ទំនាក់ទំនង ការទូតជាមួយ អ៊ីស្រាលអែលភ្លាម ។ អំពើរមួយដ៏អាក្រក់ និងអស្រូវបំផុតនោះ គឺមេសាសនា Khoneini នេះ បានយកស្ថានឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រែក្លាយអោយទៅជាការិយាល័យ របស់អង្គការរំដោះជាតិ Palestine!

ពិតមែនតែសភាពការណ៍មានការវិវត្តន៍ដ៏អាក្រក់យ៉ាងនេះ ក៏ដោយក៏ទំនាក់ទំនងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានអូសបន្លាយរហូត ដល់ពាក់កណ្តាលឆ្នាំ១៩៨០ទើបចប់ជាស្ថាពរ ។ បញ្ហាសំខាន់របស់អ៊ីរ៉ង់នោះ គឺក្នុងសម័យ កាល ដឹកនាំរបស់មេសសនា Khoneini គឺអ៊ីរ៉ង់បានជាប់ផុងយ៉ាងខ្លាំង ទៅក្នុងការវិវាទប្រដាប់អាវុធជាមួយអ៊ីរ៉ាក់ ក្រោមការដឹកនាំរបស់ Saddam Hussein ។ ហើយពិតមែនតែពុំពេញចិត្តចំពោះ អំពើររបស់អ៊ីរ៉ង់ក៏ដោយ តែនេះជាឱកាសមាស ប្រាក់ ក្នុងការផ្គត់ផ្គង់អាវុធយុទ្ធភ័ណ្ឌ ទៅអោយអ៊ីរ៉ង់ នៅក្នុងសង្គ្រាម អ៊ីរ៉ង់-អ៊ីរ៉ាក់ គឺជាអត្ថប្រយោជន៍ យុទ្ធសាស្ត្រ ដែលអ៊ីស្រាអែល ត្រូវតែអនុវត្តន៍ អោយបាន ក្នុងការបំបាក់ បន្សាបឥទ្ធិពលឥស្លាមទាំងពីរនេះ​នៅក្នុងតំបន់ នេះអោយបាន ! ។ ពីបណ្តាឆ្នាំ១៩៨១ ដល់១៩៨៣ អ៊ីស្រាអែល បានលក់អាវុធ អោយអ៊ីរ៉ង់ ក្នុងទឹកប្រាក់ ប្រមាណ ៨០០លានដុល្លារ ដែលការសង់លុយអាវុធទាំងនេះ ត្រូវបានទូទាត់ ដោយ ការសងជាប្រេង ! ។

ឧទារណ៍មួយដ៍ជាក់ស្តែង និងអាក្រក់បំផុតនោះ គឺកិច្ចព្រមព្រៀង Iran-Contra នៅពាក់ កណ្តាលឆ្នាំ១៩៨០ ដែលកិច្ចព្រមព្រៀងបីសាចនេះ គឺជាការលក់អាវុធចាស់ ផលិតដោយ អាមេរិក បញ្ជូនទៅអោយអ៊ីរ៉ង់ ដោយពួកអ៊ីស្រាអែល ! ហើយលុយដែលបានមកពីការលក់អាវុធទាំងនេះ ត្រូវបានប្រគល់អោយពួកឧទ្ទាមដែលបា​ននិងកំពុងប្រយុទ្ធ ប្រឆាំងទៅនិងបដិវត្តន៍សង្គមនិយមនៅ Nicarague ទៅវិញដែលទោះបីជាសភារបស់អាមេរិកបានចេញបញ្ញតិក្នុងការហាមប្រាម មិនអោយមានការផ្តល់ជំនួយជាយោធា ទៅឲ្យពួកContra ទាំងនេះក៏ដោយ! ។

ពីសង្គ្រាមពាក្យសំដី ឆ្ពោះទៅកាន់ការប្រើប្រាស់កម្លាំងបាយដើម្បីដោះស្រាយ​បញ្ហា !

បន្ទាប់ពីការផ្តួលរំលំ របស់សហភាពសូវៀត និងការទទួលបរាជ័យ របស់របប Saddam Hussein ក្នុងសង្គ្រាមឈូងសមុទ្រ Persique នាឆ្នាំ១៩៩១ មក! គឺគ្រោះគំរាមកំហែង ដោយ ផ្ទាល់មកលើអ៊ីរ៉ង់ បានលេចចេញជារូបរាង​ដោយអនុភាពរបស់ចក្រព័ត្តអាមេរិក បន្ទាប់មកគឺអ្នកកាន់អំណាចអ៊ីស្រាអែលតែម្តង ។

នៅក្នុងបណ្តាឆ្នាំ១៩៩០ សង្គ្រាមពាក្យសំដីរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល កាន់តែមានសភាព អាក្រក់ឡើងៗរួមទាំងមានការគំរាមកំហែង ទៅវិញទៅមកទៀតផង!។ក្រោយពីអ៊ីរ៉ាក់ចុះខ្សោយ​ ដោយសង្គ្រាមឈូងសមុទ្រ Persique មកស្រាប់តែអ៊ីរ៉ង់បានប្រែក្លាយទៅជាសត្រូវ យុទ្ធសាស្ត្រ របស់អ៊ីស្រាអែលម្តងវិញ ។ ជារួមអ៊ីរ៉ង់បានដើរតួរយ៉ាងសំខាន់ ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់ពួក Hamas នៅ Gaza ពួក Hezboah នៅ Liban និងពួកឧទ្ធាមឥស្លាម ជាច្រើនទៀត នៅក្នុងតំបន់ ! ដែលពួកនេះ សុទ្ធតែមានមុខងារនិងភារកិច្ច ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង របបនយោ បាយSionist របស់អ៊ីស្រាអែល និងជនជាតិ Jews នៅលើពិភពលោកនោះ!

ផែនការផលិតនុយក្លែអែររបស់អ៊ីរ៉ង់បានក្លាយទៅជាការចាប់អារម្មណ៍មួយយ៉ាងសំខាន់ ក្នុងយុទ្ធសាស្ត្រយោធា មិនត្រឹមតែសំរាប់គោល ដៅអ៊ីស្រាអែលមួយទេ! តែសំរាប់របៀបរបបអន្តរជាតិថ្មីមួយ បន្ទាប់ពីការផ្តួលរំលំ របស់សហភាពសូវៀតមក! ។

នៅឆ្នាំ១៩៨៧ លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Rabin ធ្លាប់បានហៅ អ៊ីរ៉ង់ ជាមិត្ត ដ៏ល្អរបស់អ៊ីស្រាអែល ក៏ប៉ុន្តែក្នុងប៉ុន្មានឆ្នាំក្រោយមក លោកបានហៅអ៊ីរ៉ង់ថា ជារបបនយោបាយ បីសាចដែលបានកាប់សម្លាប់មនុស្សយ៉ាងខ្មៅងងិតបំផុត ហើយនៅឆ្នាំ១៩៩៦ លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Simon Perez ធ្លាប់បានថ្កោទោសមេដឹកនាំអ៊ីរ៉ង់ ដោយចោទក្រុមអ៊ីរ៉ង់ថា មានចរិកគ្រោះថ្នាក់ជាង Hitler ទៅទៀត ! ។

សង្គ្រាមពាក្យសំដី រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ឈានដល់កំរិតមួយខ្ពស់ ក្នុងសម័យកាល ដឹកនាំរបស់លោកប្រធានាធិបតី Mahmoud Ahmadinejad ក្នុងពីរអាណត្តិ ២០០៥-២០១៣ ដែលលោក Mahmoud នេះ បានធ្វើការអំពាវនាវ ឲ្យមានការកំទេចចោល រដ្ឋអ៊ីស្រាអែលចេញពីផែនទីពិភពលោក ព្រមទាំងបានធ្វើការបដិសេធថា ពុំមានការប្រល័យពូជសាសន៍ណាមួយ មកលើជនជាតិ Jews របស់ពួកហ្វាសស៊ីស អាល្លឺម៉ង់ ក្នុងសម័យកាលសង្គ្រាមលោកលើកទី២សោះឡើង ។

អរិភាពទាំងអស់នេះ បានដើរហួសពីសង្គ្រាមពាក្យសំដី នោះ គឺភាពអាថ៌កំបាំងមួយ នៅមុនពេលដែលមានកិច្ចព្រមព្រៀង នុយក្លែអែរ អ៊ីរ៉ង់ P5+1 ដែលបានចុះហត្ថលេខា នាឆ្នាំ២០១៥ ! គឺ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Netanyahu បានបង្ខំ អោយសហរដ្ឋអាមេរិក វាយប្រហារ ដោយការទម្លាក់គ្រាប់បែក មកលើទីតាំងទាំងឡាយ របស់អ៊ីរ៉ង់ ដែលមាន ការពាក់ព័ន្ធដល់កម្មវិធី ផលិតនុយក្លែអ៊ែរនោះ! ក្រៅពីនេះ អ៊ីស្រាអែល ក៏ធ្លាប់បើកការវាយ ប្រហារពីអាកាសមក លើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់ ជាច្រើនដងកន្លងមកផងដែរ  !

បច្ចុប្បុន្ននេះ ការពាក់ព័ន្ធរបស់អ៊ីស្រាអែល ចូលមកក្នុងការវិវាទ នៅ Syria គឺក្នុង គោលបំណងតែមួយ គឺដើម្បីរារាំងទប់ស្កាត់ នៅឥទ្ធិពលរបស់អ៊ីរ៉ង់នៅលើទឹកដី Syria តែប៉ុណ្ណោះ! ដែលគេឃើញយន្តហោះចម្បាំងរបស់អ៊ីស្រាអែល ហោះដោយសេរីចូលមក ដែនអាកាស របស់ Syria បាញ់ផ្លោងនិងទម្លាក់គ្រាប់បែក អោយតែពួកអ៊ីស្រាអែល សង្ស័យថា ទីកន្លែងទាំងនោះ មានស្រមោលរបស់អ៊ីរ៉ង់! ដោយប្រែក្លាយ Syria ទៅជាទីលានប្រយុទ្ធ រវាងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ និងក្នុងតំបន់ពិភពអារ៉ាប់ទាំងមូល! ៕

          ស្រាវជ្រាវ ដោយ ហើស សិរីធន អតីតឯកអគ្គរាជទូតហ្វីលីពីន និងឡាវ

Facebook Comments

To Top