សេដ្ឋកិច្ច & អចលនទ្រព្យ

ADB នឹងបញ្ជាក់ជាមួយ រាជរដ្ឋាភិបាលកម្ពុជាអំពីការផ្តល់ ជំនួយនិងកម្ចីសម្រាប់ឆ្នាំ ២០១៩-២០២២

ភ្នំពេញ ៖ លោកស្រី Sunniya Durrani-Jamal នាយកប្រតិបត្តិធនាគារ អភិវឌ្ឍអាស៊ីប្រចាំកម្ពុជា (ADB) បានថ្លែងថា ADB កំពុងដឹកនាំបេសកកម្មនៃកម្មវិធីឆ្នាំ២០១៩ ដើម្បីពិនិត្យឡើងវិញនិងបញ្ជាក់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អំពីការផ្តល់ជំនួយ និងប្រាក់កម្ចីសម្រាប់ឆ្នាំ២០១៩-២០២២។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកស្រី Sunniya Durrani-Jamal មានប្រសាសន៍ថា “ក្រុមបេសកកម្ម ដែលមាននិវេសដ្ឋានប្រចាំកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងដឹកនាំបេសកកម្មនៃកម្មវិធីឆ្នាំ២០១៩ ដើម្បីពិនិត្យឡើងវិញ នឹងបញ្ជាក់ជាមួយរដ្ឋាភិបាលកម្ពុជា អំពីការផ្តល់ជំនួយ និងប្រាក់កម្ចីសម្រាប់២០១៩-២០២២”។

នៅក្នុងជំនួបនេះដែរ លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ អំពីគម្រោងផ្លូវថ្នល់ដែលកំពុងអនុវត្តបន្ត ដើម្បីពង្រីកបណ្តាញផ្លូវ ថ្នល់កម្ពុជា ដោយផ្តោតជាសំខាន់លើការធ្វើឲ្យប្រសើរឡើង នូវច្រករបៀងសេដ្ឋកិច្ចរបស់មហាអនុតំបន់ទន្លេមេគង្គ និងការធ្វើសមាហរណកម្មថ្នាក់ជាតិ គម្រោងកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ ដូចជា ៖ ការដាក់ឲ្យដំណើរការកាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ,ការដាក់ឲ្យប្រើប្រាស់រថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ ,គម្រោងសាងសង់ថ្មីរោងចក្រប្រព្រឹត្តិកម្មសំណល់ទឹកកខ្វក់។

លោកបន្ដថា ការធ្វើឲ្យប្រសើរឡើងនូវ កំពង់ផែក្រុងភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែផ្លូវទឹក និងធាតុផ្សំសំខាន់ៗ នៃផែនការជាតិភស្តុភារកម្ម។

បន្ថែមពីនេះ រដ្ឋមន្ដ្រីក្រសួងសាធារណការ បានថ្លែងអំណរគុណដល់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលដើរតួនាទី យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍកម្ពុជា។រដ្ឋមន្ដ្រីក៏បានស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ីបន្តជួយ គាំទ្រដល់គម្រោងផ្លូវថ្នល់ និងជួយដល់ក្រសួងទាក់ទងនឹងកម្មវិធីត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top