នយោបាយ

វិបត្តិនយោបាយ នៅវ៉េណេហ្ស៊ុយអេឡា (មានវីដេអូ)

ភ្នំពេញ​៖ មុននឹងនិយាយពី វិបត្តិនយោបាយដ៏ធ្ងន់ធ្ងរ នៅទីនោះយើងគួរតែ ស្វែងយល់ពីលោក នីកូឡា ម៉ាឌូរ៉ូ តើគាត់ជាអ្នកណា ? តើគាត់ជាជនផ្តាច់ការ ឬគាត់ជាអ្នកការពាររបប សង្គមនិយមនៅវ៉េណេហ្ស៊ុយអេឡា?

អ្នកសារព័ត៌មាន និងអ្នកតាមដានរឿងនយោបាយអន្តរជាតិ ​តែងបាននិយាយថា ​លោក​ម៉ាឌុយរ៉ូ​ជា​ជនផ្តាច់ការបន្តវេនពី អតិតប្រធានាធិបតីលោក ហ៊ុយ ហ្គូឆាវេស ហើយគាត់គឺជាមនុស្សម្នាក់គត់ ដែលស្មោះត្រង់ និងបន្តមរតកដឹកនាំពីលោក ឆាវេស ។ លោកម៉ាឌុយរ៉ូ ជាអតីតអ្នកបើករថយន្តក្រុងក្នុងវ័យ ៥៥ឆ្នាំ និងមានកំពស់ ១,៩០ ម៉ែត្រហើយជាសមាជិក នៃក្រុមសហជីពអស់រយៈពេល ដ៏យូរជាងគេ ។

មុនពេលលោកកាន់តំណែង ជាប្រធានាធិបតី លោកម៉ាឌុយរ៉ូ ជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងអាណត្តិរបស់លោកឆាវេស បន្ទាប់មកលោកត្រូវបានសន្មត់ថា ជាប្រធានាធិបតីបណ្តោះអាសន្ន ខណៈពេលដែលគ្រូបង្វឹកនយោបាយ របស់គាត់គឺលោក ឆាវេស បានទទួលមរណភាពកាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០១៣ ។

លោក នីកូឡា ម៉ាឌូរ៉ូ ត្រូវបានតែងតាំង ជាប្រធានាធិបតីតាមរយៈ ការបោះឆ្នោតនៅខែមេសា ឆ្នាំ២០១៣ ដោយសារតែអាណត្តិបន្ត មានរយៈពេលខ្លីលោក បានចូលប្រឡូកក្នុងការ បោះឆ្នោតលើកទី២ ដែលជាការបោះឆ្នោត ដ៏ចម្រូងចម្រាស់ជាមួយបក្សប្រឆាំង ។ បក្សប្រឆាំងមានឥទ្ឋិពលខ្លាំងឡើង រាប់ចាប់តាំងពីលោកបានឡើង កាន់ដំណែងបន្តពីលោកឆាវេសមកម្ល៉េះ ពួកគេបានទទួលសម្លេង​ គ្រប់គ្រងជាប្រធានរដ្ឋសភា ហើយព្យាយាមទាញទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីដំណែង បើទោះជារដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ខិតខំទាក់ទាញសមាជិកបក្សប្រឆាំង យ៉ាងណាក៏ដោយក៏នៅតែបរាជ័យ រហូតវិបត្តិកាន់តែរីករាលដាល ធំឡើងនៅទូទាំងប្រទេស ។

អ្នកវិភាគនយោបាយអន្តរជាតិ រួមនិងលោកខាងលិចបានវាយតម្លៃថា លោក ម៉ាឌូរ៉ូ ជាជនផ្តាច់ការ បានបំផ្លាញលទ្ឋិប្រជាធិបតេយ្យ និងរំលោភសិទ្ឋិមនុស្សនៅវេណេហ្ស៊ុយអេឡា ហើយបានរុញច្រានប្រទេស ឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ។ អាមេរិកបានបញ្ចេញប្រតិកម្មខ្លាំង ជាងគេតាមរយៈការចោទប្រកាន់ លោកម៉ាឌូរ៉ូថា បាននិងកំពុងដំណើរការ របបផ្តាច់ការដ៏សាហាវ ។ លោកម៉ាឌុយរ៉ូ បានប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយសារការដួលរលំនៃតម្លៃប្រេង ដែលជាចំណូលថវិកា ពីបរទេសប្រមាណជា ៩០ ភាគរយ ។ លោកបានស្តីបន្ទោសទៅលើ ពួកឥស្សរជនក្នុងស្រុក និងពួកចក្រពត្តិនិយមជាពិសេស អាមេរិកដែលរួមគ្នាដាក់ទណ្ឌកម្ម សេដ្ឋកិច្ចមកលើប្រទេសវ៉េណេហ្ស៊ុយអេឡា ។

សហភាពអឺរ៉ុប អាមេរិក និងអាមេរិកឡាទីន មិនទទួលស្គាល់រដ្ឋាភិបាលលោកម៉ាឌូរ៉ូ ម្យ៉ាងទៀតពួកគេមានមធ្យោបាយតែមួយ ដែលពួកគេគិតថា មានប្រសិទ្ឋិភាពសំរាប់ បណ្តេញលោកម៉ាឌូរ៉ូ ចេញពីអំណាចតាមរយៈការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច រាំងផ្ទប់ការលក់ប្រេង និងនយោបាយលើកទឹកចិត្ត មេដឹកនាំរដ្ឋសភាមកពី គណបក្រប្រឆាំងគឺលោក ហ្ស៊ន ហ្កៃដូ ឲ្យធ្វើការប្រឆាំងយ៉ាង ស្រួចស្រាវជាមួយលោកម៉ាឌូរ៉ូ ។

អាមេរិក និងសហភាពអឺរ៉ុប បានសម្លឹងជាយុទ្ឋសាស្ត្រ ប្រកបដោយមហិច្ឆិតាខ្ពស់ តាមរយៈរុញលោក ហ្ស៊ន ហ្កៃដូ ឲ្យប្រកាសខ្លួនជាប្រធានាធិបតី បណ្តោះអាសន្ន ហើយចោទប្រកាន់ការបន្លំសន្លឹកឆ្នោត និងប្រកាសតំណែង ប្រធានាធិបតីឲ្យនៅទំនេរ ស្របគ្នានេះដែរប្រទេសជាង ២០ បានបដិសេដមិនទទួលស្គាល់ លោកម៉ាឌូរ៉ូ ជាប្រធានាធិបតី ហើយបែរមកទទួលស្គាល់លោក ហ្ស៊ន ហ្កៃដូទៅវិញ ។

ការរៀបចំឆាកល្បែង ប្រកបដោយគ្រោះថ្នាក់ វាមិនខុសពីស្ថានភាព កន្លងមកនៅកម្ពុជានោះទេ ពួកគេចូលចិត្តលេងល្បែងនេះ ក្រោយការបោះឆ្នោត ហើយបើផែនការវាបរាជ័យ ពួកគេនឹងរៀបចំទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីលើកទឹកចិត្តកូនអុក បក្សប្រឆាំងឲ្យធ្វើការបះបោរ ។ ស្ថានភាព និងភូមិសាស្ត្រនយោបាយ របស់តំបន់និមួយៗ វាមិនដូចគ្នានោះទេ ការភ័ន្តច្រឡំយុទ្ឋសាស្ត្រដើម្បី បំបែកការជឿជាក់របស់ប្រជាពលរដ្ឋ ទៅលើអ្នកដឹកនាំប្រទេសវា នឹងនាំមកនូវសង្គ្រាមស៊ីវិល ក្នុ​ងប្រទេសដូចជាបច្ចុប្បន្ន នៅប្រទេសស៊ីរី លីប៊ី យ៉េម៉េន អ៊ីរ៉ាក់…ល ។  បន្ទាប់ពីការបណ្តេញចេញ ឬសម្លាប់ចោលអ្នកដឹកនាំ ដែលពួកគេឲ្យឈ្មោះថា អ្នកផ្តាច់ការ ឬអ្នកបំផ្លាញលទ្ឋិប្រជាធិបតេ្យ សួរថាតើបណ្តាប្រទេសអស់ទាំងនោះ បានទទួលសិទ្ឋិសេរីភាព ប្រជាធិបតេយ្យដូចការគឹតដែរឬទេ?

ងាកមក បក្សប្រឆាំងនៅវេណេហ្ស៊ុយអេឡា ដែលបានឈ្នះឆ្នោតកាន់កាប់ តំណែងប្រធានរដ្ឋសភា គាត់គឺជាមនុស្សម្នាក់ ដែលទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីអាមេរិក និងសហភាពអឺរ៉ុប បានធ្វើការប្រកាស និងស្បថចូលកាន់តំណែង ជាប្រធានាធិបតីបណ្តោះអាសន្ន នៅក្នុងស្ថានភាពលោកម៉ាឌូរ៉ូ កំពុងរងគ្រោះដោយសារវិបត្តិ សេដ្ឋកិច្ចនៅក្នុងប្រទេស ។ លោក ហ្កៃដូ ជាមនុស្សម្នាក់ដែលមានគំនុំ ជាមួយរដ្ឋាភិបាលលោកឆាវេស ដែលមិនបានឆ្លើយតប ជួយសង្គ្រោះក្រុមគ្រួសារលោក បានទាន់ពេលវេលា ខណៈក្រុមគ្រួសាររបស់លោក បានក្លាយជាជនរងគ្រោះដោយសារ ទឹកជំនន់ដ៏សាហាវកាលពីចុងឆ្នាំ១៩៩៩ ។

កត្តានេះហើយទើបជំរុញ ឲ្យរូបលោកចូលប្រឡូក ក្នុងឆាកនយោបាយប្រឆាំង យ៉ាងស្រួចស្រាវជាមួយរដ្ឋាភិបាល ។ ចំណុចដែលលេចធ្លោ ទាក់ទាញឲ្យអាមេរិកទទួលស្គាល់ លោកមួយរំពេចនោះក៏ដោយសារ លោកម៉ាឌូរ៉ូ ជាសកម្មជនប្រឆាំងនិងចក្រពត្តិ អាមេរិកយ៉ាងស្រួចស្រាវ ហើយនាពេលថ្មីៗនេះលោកម៉ាឌូរ៉ូ បានបនណ្តេញស្ថានទូតអាមេរិក ឲ្យចាកចេញពីប្រទេសក្នុងរយៈពេល ៧២ម៉ោង រួមទាំងប្រកាសផ្តាច់ទំនាក់ទំនង ការទូតជាមួយអាមេរិក ប្រការនេះបានធ្វើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការឆ្លើយតបយ៉ាងរហ័ស តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងបង្កកទុកទ្រព្យសម្បត្តិ រាប់កោដិដុល្លារអាមេរិក ដែលបានមកពីការលក់ ប្រេងរួមជាមួយអាមេរិក ។

ល្បែងនយោបាយនៅមិនទាន់ចប់ទេ អាមេរិកបាននិងកំពុងមានផែនការ ដាក់កងទ័ពមកកំទេច រដ្ឋាភិបាលលោកម៉ាឌូរ៉ូ តើវិធានការនេះវាជះឥទ្ឋិពល កំរឹតណាប្រសិនបើអាមេរិក និងសម្ព័ន្ឋមិត្តបាននិងកំពុងជជែកគ្នា ដើម្បីធ្វើយ៉ាងណាឲ្យលោកហ្កៃដូ បានកាន់តំណែងជាប្រធានាធិបតី វេណេហ្ស៊ុយអេឡា ដោយគ្មានវត្តមានកោលម៉ាឌូរ៉ូ? អាមេរិកបានសម្លឹង ពីផលប្រេងដ៏ច្រើនសន្ឋឹកសន្ឋាប់ របស់វេណេហ្ស៊ុយអេឡា ដែលនាំចេញទៅកាន់ទីផ្សារ អាមេរិកមានចំនួន ៤៥០.០០០បារ៉ែលក្នុងមួយថ្ងៃ ហើយបើគឹតជាទឹកប្រាក់មិនតិចឡើយ ដែលក្រុមហ៊ុនអាមេរិកនៅ ជំពាក់វេណេហ្ស៊ុយអេឡា តើអាមេរិកត្រូវសងប្រាក់នោះដែរឬទេ? ឥឡូវនេះអាមេរិកបានផ្អឹបទុកប្រាក់ទាំងអស់ ហើយបានប្រាប់ថា ប្រាក់នោះអាមេរិកនឹងបង្វិល ទៅឲ្យលោកហ្កៃដូសំរាប់ការ អភិវឌ្ឍប្រទេស និងជួយជនក្រីក្រ ។

ស្តាប់ទៅអាមេរិកហាក់ មានការអាណឹតអាសូរ ប្រជាពលរដ្ឋវេណេហ្ស៊ុយអេឡា ជាងអ្នកណាទាំងអស់ ហើយអាមេរិកបាននិងកំពុង រៀបចំឥវ៉ាន់ដែលគេហៅថា កញ្ចប់មនុស្សធម៌ដែលត្រូវ ធ្វើការបញ្ជូនមកកាន់វេណេហ្ស៊ុយអេឡា ក្នុងពេលដ៏ឆាប់បំផុត ។

តើមានប្រទេសមហាអំណាច គាំទ្រលោកម៉ាឌូរ៉ូដែរឬទេ នៅក្នុងពេលមានវិបត្តិន យោបាយដ៏ជ្រាលជ្រៅ ?
វេណេហ្ស៊ុយអេឡាមានសម្ព័ន្ឋមិត្ត ជាមួយប្រទេសចិន និងទួរគី តែសំរាប់ប្រទេសរុស្សីបានក្លាយជា តួឯកដ៏សំខាន់នៅក្នុងវិបត្តិនេះ ។ ទីក្រុងមូស្គូបានផ្តល់ថវិកា ជាច្រើនលើកសំរាប់ការទ្រទ្រង់វិបត្តិ សេដ្ឋកិច្ចនៅវេណេហ្ស៊ុយអេឡា អ្វីដែលសំខាន់ប្រទេសរុស្សី គឺជាអ្នកមានភាគហ៊ុនក្នុង ការបង្កើតរោងចក្រផលិតប្រេង ដែលកំពុងជាប់ក្នុងទណ្ឌកម្ម សេដ្ឋកិច្ចរបស់អាមេរិកផងដែរ តើរុស្សីត្រូវធ្វើការ ដោះស្រាយតាមវិធីណា?

វិបត្តិសេដ្ឋកិច្ច អតិផរណានិងកង្វះខាងធនធាន ជាគន្លឹះក្នុងការទម្លាក់ ប្រជាប្រិយភាពលោកម៉ាឌូរ៉ូ ឲ្យធ្លាក់ក្នុងគ្រោះកាចប្រឈម នឹងការគំរាមពីបរទេស និងដោយសារលោកគ្មាន បទពិសោធន៍ក្នុងជួរកងទ័ព ដូចនេះមេបញ្ជាការកងទ័ព ត្រូវបានកាន់កាប់ដំណែង សំខាន់ដូចជាសេវាកម្មចែកចាយ និងក្រុមហ៊ុនប្រេង និងឧស្ម័នធំៗក្នុងប្រទេស ប្រការនេះហើយទើបធ្វើឲ្យ ជួរកងទ័ពប្រព្រឹត្តអំពើ ពុករលួយយ៉ាងគ្រហើន ។

ប្រតិកម្មនានាដែលស្តែងចេញ ពីបណ្តាប្រទេសគាំទ្រលោកម៉ាឌូរ៉ូ ហាក់មិនទាន់មានសកម្មភាព ផុលផុសច្បាស់លាស់នោះទេ ប្រទេសរុស្សីបានផ្តល់ការគាំទ្រ តាមរយៈកងទ័ពអាកាស ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា គេបានដឹងថាយន្តហោះ ប្រតិកម្មទម្លាក់គ្រាប់បែកយុទ្ឋសាស្ត្រធុន ទូ ១៣០ ចំនួនពីរគ្រឿងបាន ហោះហើរដោយត្រង់ពី រុស្សីទៅកាន់វេណេហ្ស៊ុយអេឡា វាជាការចម្លែកបន្តិចត្រង់ថា ការចល័តយន្តហោះប្រតិកម្ម ទម្លាក់គ្រាប់បែកយុទ្ឋសាស្ត្រ ទៅកាន់តំបន់ដែលកំពុងប្រឈមនឹង វិបត្តិនយោបាយមានន័យថា ប្រទេសរុស្សីចង់បង្ហាញអាមេរិកឲ្យ បានដឹងជាមុនពីសញ្ញានៃ ការគាំទ្រយ៉ាងមុះមុតរបស់រុស្សី ។

សង្គ្រាមស៊ីវិលអាចជៀសមិនផុត ប្រសិនបើអាមេរិក និងសម្ព័ន្ឋមិត្តនៅតែចិញ្ចឹម ផ្លាស់ប្តូរមេដឹកនាំម៉ាឌូរ៉ូ ចេញពីអំណាចដូចដែលអាមេរិក ធ្លាប់ធ្វើនៅប្រទេសស៊ីរីដូច្នេះដែរ និន្នាការបច្ចុប្បន្នប្រទេសរុស្សី ចិន បានប្រកាន់យកតួនាទី របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ក្នុងការ ដោះស្រាយជម្លោះនានា នៅក្នុងតំបន់បើទោះជាជំរើសនោះ ជាជំរើសយោធាក៏ដោយ ។
ខណៈនេះប្រជាពលរដ្ឋ វេណេហ្ស៊ុយអេឡា កំពុងភៀសខ្លួនទៅកាន់ ប្រទេសជឹតខាងខ្លួន ពួកគេនឹងរង់ចាំស្ថានការវិលមក ប្រក្រតីវិញដែលជាក្តីសង្ឃឹម នៅឆ្ងាយដូចជើងមេឃ ឯកងទ័ពបានទទួល បទបញ្ជាយ៉ាងតឹងរឹង និងប្រុងប្រៀបទប់ទល់ចំពោះស្ថានការណ៍ ដ៏ផុយស្រួយដែលកំពុងហែកហួរ​ ប្រទេសនេះជាពីរចំណែកម្ខាងលោកម៉ាឌូរ៉ូ និងម្ខាងទៀតលោកហ្កៃដូ ។ មានកងទ័ពមួយចំនួនបានចាកចេញ ពីជួរទ័ពលោកម៉ាឌូរ៉ូ ទៅចូលរួមជាមួយបក្សប្រឆាំង ហើយធ្វើការអំពាវនាវសុំជំនួយ ពីអាមេរិកដើម្បីផ្តួលរំលំរបបម៉ាឌូរ៉ូ តែអ្វីដែលសំខាន់គឺការប្តេជ្ញាចិត្ត និងភាពឈ្លៀសវៃរបស់លោកម៉ាឌូរ៉ូ ដើម្បីកែប្រែស្ថានភាពវិបត្តិនយោបាយ កុំឲ្យបន្តហួសទៅសង្គ្រាមស៊ីវិល នៅក្នុងប្រទេស ។ យើងរង់ចាំមើលតើលោកម៉ាឌូរ៉ូសំរេចចិត្តអនុវត្តតាមសហភាពអឺរ៉ុបឲ្យមានការបោះឆ្នោតឡើងវិញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ឬលោកម៉ាឌូរ៉ូមានវិធានការ ជាក់ស្តែងណាមួយ ទៅលើលោកហ្កៃដូ? តើនេះជាបណ្តាសារ របស់ដែនដីដែលសំបូរ ភោគផលប្រេងដែរឬទេ?

ដូចនេះប្រជាពលរដ្ឋ ត្រូវមានការពិចារណាឲ្យ បានច្បាស់ថាមហាអំណាចទាំងអស់ គ្មានមហាអំណាចណាមួយ ដែលមិនគិតគូរពីផលប្រយោជន៍ របស់ប្រទេសខ្លួនក្នុងការចូលលុកលុយ ឬការពារប្រទេសនោះទេ សំខាន់ផលប្រយោជន៍នោះ វាបំរើឲ្យសេចក្តីសុខ ការរីកចំរើនលូតលាស់ដែរឬទេ?

សូមក្រឡេកមើលមជ្ឈឹមបូព៌ា ប្រទេសអារ៉ាប់បានចំណាយ ទៅលើសព្វាវុធយ៉ាងក្រាស់ក្រែល បើពិនិត្យទៅលើធនធានមនុស្ស ប្រទេសមួយនេះបានជួលមនុស្ស ពីខាងក្រៅមកបំពេញការងារ ក្នុងប្រទេសខ្លួនរាប់ទាំង វិស័យការពារជាតិផងដែរ ។ តើប្រទេសទាំងនោះរងការ គំរាមកំហែងពីអ្នកណា ទើបការចំណាយទិញសព្វាវុធ មានចំនួនរាប់រយលានដុល្លារអាមេរិក? អាវុធបញ្ជូនមកពីណា? អ្នកដែលចេញមុខការពារ តំបន់នេះមិនឲ្យមានអសន្តិសុខ និងជាអ្នកលក់ផ្តាច់មុខ សព្វាវុធមានតែអាមេរិកមួយគត់ អារ៉ាប់បានដឹង និងយល់ច្បាស់ណាស់ថា ការងាកចេញពីអាមេរិកប្រទេសខ្លួន និងប្រឈមវិបត្តិប្រេងដូច បណ្តាប្រទេសនានាក្នុងមជ្ឈឹមបូព៌ា មានដូចជាលីប៊ី យ៉េម៉េន ស៊ីរី អ៊ីរ៉ាក់ជាដើម ។ សង្គ្រាមនៅឈូងសមុទ្រ ពែក្សគឺជាសង្គ្រាមប្រេង ហើយគេមិនបានរកឃើញ​ ភស្តុតាងណាមួយដែលជាការ ចោទប្រកាន់របស់អាមេរិក ទៅលើថ្នាក់ដឹកនាំនៅទីនោះទេ គ្មានការដកកងទ័ពអាមេរិក ដូចការគឹតទុកនោះទេ បំណាច់ប្រេងនៅតែបូមបញ្ជូនចេញ ទៅកាន់អាមេរិក រាប់រយពាន់បារ៉ែលក្នុងមួយថ្ងៃ អាមេរិកនៅតែឈរជើង នៅទីនោះបើទោះជា ទាហានអាមេរិកត្រូវស្លាប់ ឬរងរបួសរាប់សិបនាក់ជារៀងរាល់ថ្ងៃ ដោយសារតែការលបឆ្មក់ វាយប្រហារពីពួកឥស្លាមនិយមជ្រុល ៕

ដោយ៖ ឃួន​ ថោងស៊ីន នាយទាហានកងទ័ពជើងអាកាស

Facebook Comments

To Top