ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា ពង្រីកវិសាលភាព នៃប្រតិបត្តិការ ទាំងក្នុងប្រទេស និងលើសកលលោក តាមរយៈ JCB debit card

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (Acleda Bank Plc) ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត​ និងក្រុមហ៊ុន JCB Internatoinal Co., Ltd (JCBI) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ JCB Co., Ltd បានប្រកាសជាសាធារណៈ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នៅកម្ពុជា ដ៏ដូចជាផ្តល់ភាពងាយស្រួល ដល់អតិថិជនរបស់ខ្លួន អាចប្រត្តិបត្តិការ ចាយវាយជំនួសឲ្យសាច់ប្រាក់សុទ្ធក្នុងដៃ នៅលើបណ្តាលប្រទេសផ្សេងៗទៀតផងដែល ។

យោងតាមការប្រកាស នូវក្នុងសន្និសីទកាសែត ស្តីពីពិធីដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ ប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នៅប្រទេសកម្ពុជា នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ដែលមានការចូលរួម ពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងលោក Kimihisa Imada អគ្គនាយក និងជាប្រធាន នាយកប្រតិបត្តិការរបស់ JCBI បានឲ្យដឹងថា ប័ណ្ណឥណពន្ធ អេស៊ីលីដា JCB នឹងផ្តល់ជូនអតិថិជន នូវមុខងារ ឌីជីថលជាច្រើន ដែលអាចឲ្យអតិថិជន មានជម្រើស ក្នុងការទូទាត់ប្រាក់ដុល្លារ និងប្រាក់រៀល អាស្រ័យលើប្រភេទប័ណ្ណ ។

តាមការផ្តល់ព័ត៌មាន ដ៏ជាក់លាក់ពីភ្នាក់ងារ របស់ធនាគារ អេស៊ីលីដា បានឲ្យដឹងថា អតិថិជនជាម្ចាស់ប័ណ្ណឥណពន្ធ អេស៊ីលីដា JCB មិនត្រឹមតែអាចប្រើប្រាស់ ប័ណ្ណនៅតាម បណ្តាញភ្នាក់ងារទូទាត់ JCB ប្រមាណ ៣០លានទីតាំង​ ទូទាំងសកលលោកនោះទេ ថែមទាំងអាចធ្វើប្រតិបត្តិការ ដែល JCB បានផ្តល់សិទ្ធិ និងការបញ្ចុះតម្លៃ នៅតាមភោជនីយដ្ឋាន និងបណ្តាហាងទំនិញនានា នៅក្នុងសកលលោកទៀតផង ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលក្រុមហ៊ុន JCBI លំដាប់ពិភពលោក ខាងផ្នែកសេវាកម្ម ទូទាត់មានគុណភាពខ្ពស់ លំដាប់អន្តរជាតិ មានទីតាំងនៅប្រទេសជប៉ុន បានជ្រើសរើសយក ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូយុទ្ធសាស្ត្រ ក្នុងការធ្វើសហប្រតិបត្តិការ បម្រើសេវាកម្មទូទាត់ ។ តាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជន ក៏ដូចជាសមាជិកប័ណ្ណ និងភ្នាក់ងារទូទាត់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI អាចពង្រីកប្រតិបត្តិការទូទាត់ ជាសកល នៅតាមបណ្តាញធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ជាង ៣០លានទីតាំង សម្រាប់ការធ្វើប្រតិបត្តិការ ដកប្រាក់បុរេប្រទាន ជាង១លានកន្លែង នៅក្នុងសកលលោក ។

លោកបណ្ឌិត បានបន្តថា “ចំណុចសំខាន់ នៃកិច្ចព្រមព្រៀងនេះ គឺសមាជិកប័ណ្ណអេធីអឹម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចទទួលបានប័ណ្ណ សហនិមិត្តសញ្ញារវាង ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ JCBI តាមការស្នើសុំ ម្យ៉ាងប័ណ្ណនេះ មិនត្រឹមតែជួយសម្រួល ដល់ការធ្វើប្រតិបត្តិការទូទាត់ នៅក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងជួយសម្រួល ដល់សមាជិកប័ណ្ណ និងភ្នាក់ងារទូទាត់ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុងការប្រតិបត្តិការទូទាត់ យ៉ាងសម្បូរបែប ធ្វើប្រតិបត្តិការទូទាត់ នៅលើសកលលោក នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមតម្រូវការ” ។

ជាមួយគ្នានោះ លោក គីមីហ៊ីសា អ៊ីម៉ាដា អគ្គនាយក និងជាប្រធាននាយកប្រតិបត្តិការ របស់ JCBI បានឲ្យដឹងដែលថា “ក្រុមហ៊ុន JCB International Co., Ltd (JCBI) ក៏មានសេចក្តីសោមនស្សរីករាយ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារឈានមុខធំបំផុត ក្នុងប្រទេសកម្ពុជា បានក្លាយជា ដៃគូពាណិជ្ជកម្ម ជាមួយ JCB ក្នុងការបម្រើសេវា ប័ណ្ណឥណពន្ធ ដល់អតិថិជន របស់ស្ថាប័នទាំងពីរ និងសាធារណជន ទូទាំងពិភពលោក” ។

លោកថែមទាំងបានជឿជាក់ថា ភាពជាដៃគូនេះ នឹងផ្តល់ឱកាសជាច្រើនបន្ថែមទៀត ដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង JCBI ក្នុងការពង្រីកពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជា ដែលនេះ ជាការបញ្ហា ពីសក្តានុពលខ្ពស់ នាថ្ងៃអនាគត ខណៈសេដ្ឋកិច្ច កំពុងបោះជំហាន លូតលាត់យ៉ាងរលូន៕ ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top