ព័ត៌មានជាតិ

តោះ​ស្វែងយល់​ពី​ សក្តា​នុ​ពល ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​

​ភ្នំពេញ​៖​ ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​បាន​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ ​ដោយសារ​កត្តា​សំ​ខាន់​ៗ​ជាច្រើន​ ​ទាក់ទង​នឹង​ទីតាំង​ភូមិ​សាស្រ្ត​ ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​។​

លោក​ ​សោម​ ​កែវ​ម៉ាលី​ដា​ ​(​Andy​)​ ​អនុប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​ក្រុង​បាវិត​បច្ច​ប្បុ​ន្ន​មាន​សភាព​ដូចគ្នា​ ​នឹង​ក្រុង​ព្រះសីហនុ​កាលពី៣ឆ្នាំមុន​ ​ដោយសារ​កាលពី៣ឆ្នាំមុន​ក្រុង​ព្រះសីហនុ​ ​មិនសូវ​មាន​អ្នក​វិនិយោគ​ចូល​ទៅ​វិនិយោគ​ច្រើន​នៅឡើយ​ ​ប៉ុន្តែ​ពេលនេះ​ក្រុង​ព្រះសីហនុ​ ​មានការ​អភិវឌ្ឍ​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ​។​

​លោក​បន្ត​ថា​ ​ក្រុង​បាវិត​ដូច​ក្រុង​ព្រះសីហនុ​កាលពីមុន​ ​តែ​ពេលនេះ​ចរន្ត​នៃ​ការ​អភិវឌ្ឍ​បាន​ចាប់ផ្តើម​ហើយ​ ​ជាមួយ​ក្រុង​រណប​ចំនួន២​ ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជិត​ ​១០កន្លែង​ ​ដែល​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ៥ម៉ឺន​នាក់​។​
​លោក​បន្ត​ថា​ ​“​ខ្ញុំ​ជឿ​ថា​ក្រុង​បាវិត​នឹង​មានការ​រីកចម្រើន​ឆាប់រហ័ស​ ​និង​មាន​សក្តា​នុ​ពល​មិនចាញ់​ក្រុង​ព្រះសីហនុ​ ​និង​ក្រុង​ប៉ោយប៉ែត​នោះ​ទេ​”​។​

​ចរន្ត​នៃ​ការ​អភិវឌ្ឍ​នៅ​ក្រុង​បាវិត​បាន​និង​កំពុង​ចាប់ផ្តើម​ ​ខណៈ​គំរោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​ត្រូវ​បាន​ក្រុមហ៊ុន​របស់​ចិន​ប្រកាស​សាងសង់​ផ្លូវ​នេះ​ ​នា​ពេល​ខាងមុខនេះ​។​

​ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​តំណា​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន​ ​និង​ថ្នល់​ចិន​ ​(​China​ ​Road​ ​and​ ​Bridge​ ​Corporation​ ​CRBC​)​ ​បាន​មានប្រសាសន៍​ជំរាប​ជូន​សម្តេច​ថា​ ​ក្រុមហ៊ុន​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា​ ​វៀតណាម​បាវិត​ ​ការស្ថាបនា​ផ្លូវ​លេខ​ ​១៥​-​៥១​ ​ដែល​តភ្ជាប់​ខេត្តកោះកុង​ ​ពោធិ​សាត់​ ​និង​ខេត្តបាត់ដំបង​ផង​ដែរ​។​

​ជាមួយគ្នា​នេះ​តំណាង​ក្រុមហ៊ុន​ ​China​ ​Road​ ​and​ ​Bridge​ ​Corporation​ ​CRBC​ ​បាន​រាយការណ៍​ជូន​សម្តេច​នាយក​រដ្ឋមន្រ្តី​ ​អំពី​បច្ចុប្បន្នភាព​នៃ​គម្រោង​វិនិយោគ​របស់​ខ្លួន​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ផែនការ​សម្រាប់​អនុវត្តន៍​នៅពេល​ខាងមុខ​ ​ដែល​កន្លងមក​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន​ ​និង​ថ្នល់​ចិន​ ​បាន​រួមចំណែក​សាងសង់​ផ្លូវ​ ​និង​ស្ពាន​ ​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​សម្រាប់​ពេល​ខាងមុខ​ ​ក្រុមហ៊ុន​និង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ ​ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។​

អគ្គនាយក​ក្រុមហ៊ុន​ ​Empire​ ​World​ ​លោក​ ​Eric​ ​Luu​ ​ដែល​បាន​និង​កំពុង​សាងសង់​ទីក្រុង​រណប​លើ​ផ្ទៃដី​ជាង​ ​១១៥០ហិ​ក​តា​ ​នៅ​ក្រុង​បាវិត​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​លោក​បាន​សិក្សា​នៅ​តាម​បណ្តា​ទីតាំង​ភូមិ​សាស្រ្ត​ជាច្រើន​នៅ​កម្ពុជា​ ​ហើយ​ចុងក្រោយ​ក្រុមហ៊ុន​លោក​បានសម្រេច​ជ្រើសរើស​ក្រុង​បាវិត​ ​សម្រាប់​ជាទី​តាំង​វិនិយោគ​គំរោង Empire​ ​World​ ​City​ ​ដោយសារ​ក្រុង​បាវិត​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កណ្តាល​តភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ​ ​និង​ក្រុង​ហូ​ជី​ម៉ិញ​ប្រទេស​វៀតណាម​ ​ហើយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ក្រុង​បាវិត​ជា​តំបន់​សេដ្ឋកិច្ច​ ​និង​ឧស្សាហកម្ម​ពិសេស​មួយ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​។​

​លោក​បន្ត​ថា​ ​“​កត្តា​ទីតាំង​ភូមិ​សាស្រ្ត​បែបនេះ​ ​ពិតជា​មាន​ភាព​អំណោយផល​ដល់​ការ​វិនិយោគ​ ​ពិសេស​គំរោង​ផ្លូវ​ល្បឿន​លឿន​ ​និង​ផ្លូវ​នៃ​គំរោង​ខ្សែ​ក្រ​វ៉ាត់១​ ​ផ្លូវ១នឹង​តភ្ជាប់​នៅ​តំបន់​នេះ​”​។​លោក​បន្ត​ថា​ ​“​ហេតុនេះ​ទើប​យើង​វិនិយោគ​គំរោង​ ​OBC​ ​ឡើង​ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​កំនើ​នប្រើ​ប្រាស់​ការិយាល័យ​ ​សេវាកម្ម​ស្នាក់នៅ​ ​កាស៊ីណូ​ ​និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ ​ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ ​Game​ ​Online​ ​នៅ​កម្ពុជា​”​។​

​លោក​ ​Eric​ ​Luu​ ​បាន​បន្ត​ថា​ ​រហូត​មកទល់​ពេលនេះ​ ​យើង​មាន​ក្រុមហ៊ុន​ជា​ដៃគូ​ប្រមាណ ១០០ក្រុមហ៊ុន​ ​ដើម្បី​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​ទីក្រុង​រណប​នេះ​ដំណើរការ​ ​និង​សាងសង់​ទាន់ពេល​វេលា​ ​ព្រោះ​រដ្ឋាភិបាល​បាន​អ​នុញ្ញា​ត្តិ​ ​ពេលវេលា​ឲ្យ​យើង​តែ២ឆ្នាំ​ប៉ុណ្ណោះ​ ​ដើម្បី​បញ្ចប់​គំរោង​ដំណាក់កាល​ទី១​ ​ដែល​មានផ្ទៃ​ដី៥២ហិ​ក​តា​។​លោក​បន្ត​ថា​ ​ការសាងសង់​ទី​ក្រង​រណប​នេះ​ ​នឹង​ចូល​រូ​ម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ ​ពិសេស​ជួយ​គ្រប់គ្រង​ ​Game​ ​Online​ ​ដែល​កំពុង​មានការ​កើនឡើង​នៅ​កម្ពុជា​៕​​

​ដោយ​ ​គង់​ ​សូ​រិយា​ (www.propertyarea.asia)

Facebook Comments

To Top