ព័ត៌មានជាតិ

លោក​ឡាយ​ វណ្ណៈ​ ស្បថឱ្យវត្ថុស័ក្តិសិទ្ធិ​ បរាមុខ ប្រពន្ធកូនស្លាប់ តៃហោង ​បើបានសម្លាប់សង្សារមែន ​ខណៈតុលាការ លើកពេលសវនាការ

ភ្នំពេញ​ ៖ នៅ​ថ្ងៃទី​២៣​ ខែ​មករា​ នេះ​ ក្នុង​សវនាការ​ ជនជាប់ចោទ​​ ឡាយ​ វណ្ណៈ​ អតីត​អភិបាល​ខេត្ត​តាកែវ​ បដិសេធ​ថា​ ពុំ​បាន​សម្លាប់​ស្រី​កំណាន់​ នាង​ ចេវ​ សុវឌ្ឍនា​ ទេ​ ដោយ​សុំ​ឱ្យ​តុលាការ​រក​យុត្តិធម៌​ ។

ទោះបី​យ៉ាងណា​ ក្រោយ​បញ្ចប់​សវនាការ​ តុលាការ​បាន​លើក​ពេល​បន្ត​ធ្វើ​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ ដោយ​មិន​កំណត់​ពេល​ ព្រោះ​ទើប​ស្តាប់​សក្ខីកម្ម​ ជនជាប់ចោទ​ ឡាយ​ វណ្ណៈ​ បាន​ម្នាក់​ប៉ុណ្ណោះ​ ។

ជា​ការ​កត់សម្គាល់​ ជនជាប់ចោទ​ ឡាយ​ វណ្ណៈ​ ហ៊ាន​ស្បថ​ ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជំនុំជម្រះថា “បើខ្ញុំបានសម្លាប់សង្សារមែន សូមឱ្យវត្ថុស័ក្តិសិទ្ធិ​បរាមុខខ្ញុំ​ ឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង​ និង​ ធ្លាក់នរក៩ជាន់ អត់ចាប់ជាតិទៅចុះ” ។

សូម​បញ្ជាក់​ថា​ លោក​ ឡាយ​ វណ្ណៈ​ ,​ លោក​ ឡាយ​ ណារិទ្ធ​ អតីត​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ ត្រូវ​ជា​បងប្រុស​បង្កើត​លោក​ឡាយ​ វណ្ណៈ​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
បទ​ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។

ដោយ​ឡែក​ឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ​ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
បទល្មើស​នេះ​ កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១ឆ្នាំ​ទៅ​៣ឆ្នាំ​ ៕គិរី​

Facebook Comments

To Top