តារា

កញ្ញា​ ស៊ឹម​ ស្រីនិច​ ៖​ រឿង “កញ្ញាជើងខ្លាំង”​ មានរសជាតិច្រើន បង្កប់ក្នុងសាច់រឿង

ភ្នំពេញ៖ ភាពយន្តភាគខ្មែររឿង​ “កញ្ញាជើងខ្លាំង”​ ដែលផលិតដោយស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៥នោះ​ បានបញ្ចប់ការផលិតដោយជោគជ័យ​ ក្រោយពីកិច្ចសហការយ៉ាងស្អិតរមួត និងសម្រិតសម្រាំង របស់សិល្បករ និងផលិតករអស់រយៈពេល ៥ខែ ។ ពិធីជប់លៀងបញ្ចប់ការផលិតនេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានទន្លេបាសាក់ ក្រោមវត្តមានសិល្បករ និងក្រុមការងារផលិត ជាច្រើនរូបចូលរួម។

តួឯកស្រីក្នុងភាពយន្ត ភាគខាងលើកញ្ញាស៊ឹម ស្រីនិច បានបញ្ជាក់ថា នាងទទួលបាននូវរសជាតិនៃ ការសម្តែងថ្មីមួយប្លែក មិនធ្លាប់មានពីមុនមក។ នាងថាភាពយន្តនេះទាមទារ ឲ្យនាងបត់បែនច្រើន​ ជាមួយនឹងអត្តចរិកក្នុងការ សម្តែងទាំងសុភាព កម្សត់ ឡិឡក់ ឈ្លើយឌឺដងជាដើម។

តារាស្រីរូបនេះបញ្ជាក់ថា​ បើទោះបីនេះគឺជាភាពយន្តសម្តែងដំបូង សម្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ៥មែន ប៉ុន្តែនាងហាក់មានភាពស្និទ្ធស្នាល យោគយល់គ្នាដូចគ្រួសារតែមួយ និងរួមសហការគ្នាបានរលូន ដូចដែលទទួលបាន ជោគជ័យនៅពេលនេះ។ កញ្ញាថាទោះជួបគ្នាលើកដំបូង ប៉ុន្តែហាក់ស៊ីសង្វាក់រួមគ្នាបានល្អ ដែលនាងរំពឹងថា នឹងទទួលបានការគាំទ្រ បានច្រើនពីទស្សនិកជន។

តួឯកប្រុសសម្តែងជាតួកូនចៅកាត់ចិន​ ក្នុងរឿងនេះលោក សាន់នី បានបានចាត់ទុកថា នេះគឺជាឱកាសមួយដ៏ល្អដែលបាន សហការផលិតរួមគ្នាជាមួយសិល្បករ និងផលិតករ។ បើទោះបីជាលើកទី១ សម្រាប់សម្តែងរួមគ្នាពិតមែន ប៉ុន្តែខាងក្រៅលោក និងតួឯកស្រីបានស្គាល់គ្នា ស្និទ្ធស្នាលរួចមកហើយ អញ្ចឹង ការសម្តែងរួមគ្នាពិតជាស៊ីសង្វាក់គ្នាច្រើន ដែលទទួលបានការ សរសើរខ្លាំងពីសិល្បករ និងផលិតករ។

លោក ប៉ុនតាំ ម៉ារ៉ុត អ្នកដឹកនាំផលិតភាពយន្តរឿង “កញ្ញាជើងខ្លាំង” នេះបានបញ្ជាក់ថា លោកសប្បាយចិត្តជាខ្លាំងក្រោយ ពីភាពយន្តនេះបញ្ចប់ការផលិត ដោយស្នាមញញឹមទាំងអស់គ្នា។ វាជោគជ័យក្រោមការចូលរួម សហការផលិតរវាងផលិតករ និងសិល្បករយ៉ាងចិត្តទុកដាក់។

ទោះជាយ៉ាងណាលោកបញ្ជាក់ថា​ ការផលិតក៏ប្រឈម នឹងការលំបាកមួយចំនួនព្រោះតែ ត្រូវជួបស្ថានភាពបត់បែននៃ ការផលិតពិសេសការផ្លាស់ប្តូឈុតឆាកច្រើន ព្រោះតែភាពយន្តនេះនឹងឆ្លុះបញ្ចាំង ពីស្ថានភាពរស់នៅរបស់មនុស្ស ជាច្រើនក្រុមដែលចាប់តាំងពី ក្នុងជីវភាពកម្រិតក្រោម រហូតដល់ថ្នាក់អភិជន។

ភាពយន្តនេះនឹងចាប់ផ្តើម ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ហើយលោករំពឹងថា នឹងទទួលបានការគាំទ្រ ច្រើនពីទស្សនិកជន ពិសេសពួកគាត់នឹងទទួលបាន រសជាតិថ្មីពីភាពយន្តដែលឆ្លុះបញ្ចាំង ពីជីវិតរស់នៅរបស់មនុស្សគ្រប់ ស្រទាប់វណ្ណៈក្នុងពេលបច្ចុប្បន្ន ៕

Facebook Comments

To Top