នយោបាយ

សម្តេចតេជោ អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសចិន នៅព្រឹកនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ ប្រជាមានិតចិន មានរយៈពេលចំនួន៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩។

ក្នុងកំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនឹងជួបសម្តែង ការគួរសមជាមួយ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លីចាន់ស៊ូ (LiZhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សា នយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយ និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិនផងដែរ។

ការជួបពិភាក្សានឹងផ្តោតទៅលើ ការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ។

ក្រៅពីជំនួបខាងលើ នាយករដ្ឋមន្រ្តី នឹងទទួលការចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា ជាមួយលោករដ្ឋមន្ត្រី សុង តាវ ប្រធានមន្ទីរទំនាក់ទំនងអន្តរជាតិ របស់ គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តចិន និងលោកស្រី គូ សៀវលៀន ប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងថ្នាក់ដឹកនាំធុរៈកិច្ច ចំនួន៤រូបទៀតពី ធនាគារចិន សាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន និងក្រុមហ៊ុនហួណេងគ្រុប។

សម្តេចតេជោ ក៏នឹងអញ្ជើញទៅទស្សនាការតាំងពិព័រណ៍ ខួបអនុស្សាវរីយ៍លើកទី៤០ នៃ «កំណែទម្រង់ និងការបើកទូលាយ» ប្រទេសចិន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន ឆ្នាំ២០១៩ និងជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅប្រទេសចិនផងដែរ៕

Facebook Comments

To Top