នយោបាយ

សម្ដេចតេជោ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ដល់ប្រទេសចិន ដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព នៅម៉ោងប្រមាណជា ១៣៖២០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។

វត្តមាននៃការអញ្ជើញ មកទទួលគារវកិច្ច សម្តេចតេជោ រួមមានថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិន សំខាន់ៗជាច្រើនរូប និងមន្ត្រីទូតរបស់កម្ពុជា ប្រចាំនៅចិនផងដែរ។

ក្នុងកំឡុងទស្សនកិច្ចនេះ សម្តេចតេជោ នឹងជួបពិភាក្សាការងារជាមួយ ប្រមុខដឹកនាំសំខាន់ៗ របស់ប្រទេសចិនរួមមាន លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លី ចាន់ស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សា នយោបាយចិន និងជួបពិភាក្សាទ្វេភាគី ជាមួយ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន និងប្រមុខដឹកនាំ និងធុរកិច្ចជន ចិនជាច្រើនរូបទៀត។

ការជួបពិភាក្សានឹងផ្តោត ទៅលើការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍ នៃប្រជាជាតិទាំងពីរ៕

Facebook Comments

To Top