នយោបាយ

លោក សម រង្ស៊ីដាក់ ៥ចំណុចថា សម្តេចតេជោ ទាល់ច្រកដោះស្រាយនយោបាយ

ភ្នំពេញ៖ អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ីបានដាក់៥ចំណុចថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាប់គាំងក្នុងការដោះស្រាយ ស្ថានការណ៍នយោបាយកម្ពុជា។

យ៉ាងណាក្តីការលើកឡើងនេះ ត្រូវបានអ្នកនាំបក្សប្រជាជនកម្ពុជា បានអះអាងថាលោក សម រង្ស៊ី បានធ្វើនយោបាយ ដើម្បីបំផ្លាញខ្មែរនិងខ្មែរតែប៉ុណ្ណោះ។

លោក សម រង្ស៊ី បានលើកឡើងលើបណ្តាញសង្គម យ៉ាងដូច្នេះថា សម្តេចតេជោ ហ៊ុន សែន ទាល់ច្រកក្នុងការរកដំណោះស្រាយ ករណីលោក កឹម សុខា ពីព្រោះ ៖
១- ដោះលែង លោក កឹម សុខា ក៏មិនបាន ពីព្រោះខ្លាច លោក កឹម សុខា ទៅដឹកនាំគណបក្សសង្គ្រោះជាតិវិញ ជាមួយលោក សម រង្ស៊ី ហើយធ្វើឲ្យគណបក្សនេះ ផុសផុលឡើងវិញ ដូចកាលពីមុនឆ្នាំ ២០១៧។ ចង់បំបែក លោក កឹម សុខា ពី លោក សម រង្ស៊ី ក៏បំបែកមិនបាន ពីព្រោះទាំងប្រជារាស្ត្រ ទាំងលោក សម រង្ស៊ី និងទាំងលោក កឹម សុខា ខ្លួន នៅតែរក្សាគោលជំហរ “សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ”។
២- មិនដោះលែង លោក កឹម សុខា ក៏មិនបានពីព្រោះខ្លាចទទួលទណ្ឌកម្ម ពីអន្តរជាតិ ដែលទាមទារការដោះលែង លោក កឹម សុខា នេះជាលក្ខខណ្ឌទី ១របស់គេ។
៣- កាត់ទោស លោក កឹម សុខា ក៏មិនបាន ពីព្រោះរកភស្តុតាងចោទប្រកាន់មិនបាន។
៤-មិនកាត់ទោស លោក កឹម សុខា ក៏មិនបានពីព្រោះ បើមិនកាត់ទោសទេ តាមផ្លូវច្បាប់ ត្រូវតែដោះលែងលោក កឹម សុខា មុនថ្ងៃ ៣ មីនា ២០១៩។
៥-ស្នើព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស ឲ្យលោក កឹម សុខា ក៏មិនបាន ពីព្រោះគ្មានទោសអ្វី ឲ្យលើកលែងផង។

ចំពោះការលើកឡើង របស់លោក សម រង្ស៊ី នេះ ត្រូវបានលោក សុខ ឥសាន អះអាងថាតាំងពីដើមមក ទណ្ឌិត សម រង្ស៊ីតែងតែប្រើដៃរបស់អ្នកដទៃ ដើម្បីផលប្រយោជន៍ខ្លួន ។ ជាក់ស្តែង ទណ្ឌិតសម រង្ស៊ីតែងតែញុះញង់ និងបោកបញ្ឆោតអ្នកដទៃ ឲ្យចូលរួមធ្វើបាតុកម្មផ្សេងៗ តែពេលដល់ថ្ងៃធ្វើបាតុកម្ម គេមិនដែលឃើញមុខ របស់ទណ្ឌិតសម រង្ស៊ីទាល់តែសោះ ។

លោកបញ្ជាក់ថា “នេះជាវិធីបោកប្រាស់ និងប្រើបាតដៃអ្នកដទៃ ដើម្បីផលប្រយោជន៏ខ្លួនឯង។ នៅពេលមានផលវិបាក គឺអ្នកដទៃទទួល តែបើមានផលចំណេញគឺសម រង្ស៊ី ជាអ្នកទទួល។ ឥឡូវនេះ នៅសហរដ្ឋអាមេរិក សម រង្ស៊ី កំពុងបំផុស និងញុះញង់កៀង គរនិងប្រមែប្រមូល បងប្អូនខ្មែរនៅក្រៅប្រទេស ឲ្យមកធ្វើបាតុកម្មប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា និងអំពាវនាវ ឲ្យបរទេសបង្កើនដាក់គំនាបថែម មកលើរាជរដ្ឋាភិបាលកម្ពុជា”៕ ដោយ ស សំណាង

Facebook Comments

To Top