Uncategorized

ពាន KW Cambodia League 2019 បង្កើនប្រាក់រង្វាន់ទ្វេដង

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ ពាក់កណ្ដាលអាជីព Keller Williams Cambodia League ឬពាន KW Cambodia League 2019 ដែលប្ដូរឈ្មោះមកពីពាន Khmer Real Estate League ត្រូវបានកំណត់កាលបរិច្ឆេទរៀបចំ ការប្រកួតរដូវកាលថ្មីហើយ ដោយគ្រោងបើកការប្រកួតផ្លូវការ នាថ្ងៃទី២៤ ខែកុម្ភៈខាងមុខ ជាមួយនឹងការបង្កើនប្រាក់ រង្វាន់ទ្វេដងឯណោះ ។

លោកបណ្ឌិត គីម ហ៊ាង ស្ថានិកពាន KW Cambodia League បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រថា ឆ្នាំនេះពានរបស់ខ្លួនមានលក្ខណៈពិសេស ចំនួនពីរ បើធៀបនឹងឆ្នាំ២០១៨ រួមមានការបង្កើនប្រាក់រង្វាន់ និងការកំណត់ ក្រុមចូលរួមត្រឹម ១៦ក្រុមប៉ុណ្ណោះ ។ ចំពោះប្រាក់រង្វាន់ជើងឯក សម្រាប់លីគ ត្រូវបានបង្កើនដល់ ២៤លានរៀល ខណៈ ជើងឯកខាប់ (Cup) នឹងទទួលបាន ១២លានរៀល ។

ដោយឡែកក្រុមចូលរួមឆ្នាំនេះ តិចជាងឆ្នាំមុន ៤ក្រុម តែចម្រាញ់សុទ្ធតែក្រុមខ្លាំង ។ ឯរូបមន្ដប្រកួតរក្សានៅដដែល ដោយប្រកួតសន្សំពិន្ទុ ១ជើង ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយលើកពាន KW Cambodia League 2019 ខណៈក្រុមឈរលេខ២ ដល់លេខ៥ ត្រូវប្រកួតខ្វែងគ្នា ដើម្បីស្វែងរកក្រុមជើងឯកពាន KW Cambodia Cup 2019 ។ ការប្រកួតនឹងធ្វើលើទីលានចំនួនពីរ គឺទីលាន KMH Park និងកីឡដ្ឋានវេស្ទើន ។

តាមរយៈការបង្កើនប្រាក់រង្វាន់ ក៏ដូចជាការចម្រាញ់យកតែក្រុមខ្លាំងៗមកចូលរួមប្រកួតពានរង្វាន់ KW Cambodia League 2019 លោកបណ្ឌិត គីម ហ៊ាង រំពឹងថា នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីក្លាយជាផ្នែកមួយ ក្នុងការរួមចំណែក លើកស្ទួយ និងអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា ។ មិនតែប៉ុណ្ណោះ លោកក៏នឹងប្រើមន្ដ្រីរៀបចំការប្រកួត និងអាជ្ញាកណ្ដាល មានជំនាញ ពិតប្រាកដ មកដឹកនាំការប្រកួតទៀតផង ។

ទន្ទឹមជាមួយគ្នា លោកបណ្ឌិត ភូ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុន KW Cambodia បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការរៀបចំពានកម្រិត ពាក់កណ្ដាលអាជីពនេះ ដើម្បីបំផុសចលនាលេងកីឡា និងរួមចំណែកកាត់បន្ថយភាព អសកម្មក្នុងសង្គមផងដែរ ដូចជាការអូសទាញយុវជនមកលេងកីឡា ហើយចៀសឆ្ងាយពីការប្រព្រឹត្ត អំពើអបាយ មុខផ្សេងៗជាដើម ។ ក្នុងនាមក្រុមហ៊ុន លោកបានគាំទ្រឲ្យមានការរៀបចំពានេះជារៀងរាល់ឆ្នាំ ។

ដោយឡែកលក្ខខណ្ឌចូលរួម ក្រុមនីមួយៗ អាចមានកីឡាករ ៣០នាក់ ក្នុងនោះកីឡាករលេង ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៨ រួមទាំងកីឡាករបរទេស ត្រូវបានគណៈកម្មការអនុញ្ញាតឲ្យលេងដោយសេរី លើកលែងតែកីឡាករលេងក្រប ខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យក្នុងមួយក្រុមប្រើប្រាស់បាន ៣នាក់ ។ រីឯរង្វាន់ជ័យលាភី ក្រៅពីរង្វាន់ក្រុមជើងឯកខាងលើ រួមមានក្រុមជើងឯករងពាន KW Cambodia Cup 2019 ទទួលបាន ៨លានរៀល, លេខ៣ ទទួលបាន ៦លានរៀល, ក្រុម Fair Play ទទួលបាន ២លានរៀល និងពានឯកត្តជនមួយចំនួនទៀត ៕

Facebook Comments

To Top