Uncategorized

ប្រមុខការទូតខ្មែរសោកស្តាយក្រោយ EU គិតពន្ធការនាំអង្ករកម្ពុជា នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសអាស៊ាន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី ១៧-១៨ ខែមករា ឆ្នាំ២០១៩ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិខ្មែរ បានបង្ហាញក្តីកង្វល់ សោកស្តាយ ចំពោះសហគមន៍អឺរ៉ុប (EU) បានកាត់ពន្ធកម្ពុជាលើការនាំចូលទីផ្សារ សហគមន៍អឺរ៉ុប។

គណៈកម្មាធិការអឺរ៉ុប បានប្រកាសកាលពីថ្ងៃទី១៦ មករា ថាចាប់ផ្តើមកាត់ពន្ធ នៅថ្ងៃទី១៨ មករានេះ តាម សំណើរបស់ រដ្ឋាភិបាល អ៊ីតាលី ដែលគាំទ្រ ដោយបណ្ដារដ្ឋជាសមាជិកកំពុងដាំដុះស្រូវ នៅសហភាពអឺរ៉ុបផ្សេងទៀត។

គណៈកម្មការអឺរ៉ុប (EU) បានប្រកាសថា ការនាំចូល អង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់សហភាពអឺរ៉ុប នឹងគិតពន្ធ ព្រោះ ការនាំចូលអង្ករ របស់ប្រទេសទាំងពីរ បានធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប ហើយ EU នឹង ចាប់ផ្តើមយកពន្ធ នៅឆ្នាំទី១ ចំនួន ២០០,៧៣ដុល្លារ ក្នុង១តោន ហើយពន្ធនឹង ទម្លាក់ ចុះនៅឆ្នាំបន្តបន្ទាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ថ្ងៃទី ១៧-១៨ មករា នៅឈៀងម៉ៃ លោក ប្រាក់ សុខុន បានបង្ហាញការសោកស្ដាយទៅលើការសម្រេចចិត្ដរបស់គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ ចំពោះការដាក់ចេញនូវវិធានការណ៍ការពារចំពោះការនាំចូលអង្ករ ពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

កិច្ចប្រជុំក៏បានកត់សម្គាល់អំពីការព្រួយបារម្ភ ចំពោះការបិទមិនឲ្យប្រេងដូងរបស់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ទៅកាន់ទីផ្សារអឺរ៉ុប។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាផងដែរ ពីការពង្រឹងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងការត្រៀមចូល​រួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងព្រុចសែល ប្រទេស ប៊ែលហ្សិក ដើម្បីពិនិត្យមើល​ការរីកចម្រើននៃទំនាក់ទំនងដៃ​គូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ​និងទិសដៅអនាគត ព្រមទាំង ផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមសម្រាប់តំបន់ទាំងពីរ និងពិភពលោកទាំងមូល។ ​

រដ្ឋមន្រ្ដីការបរទេសអាស៊ាន ក៏បានឯកភាពជាគោលការណ៍ ចំពោះការលើកតម្លើង ពីភាពជាដៃគូទូលំទូលាយ អាស៊ាន-សហភាពអឺរ៉ុប ទៅជាកម្រិតដៃគូយុទ្ធសាស្រ្ដ ក្រោមការបន្តចរចាលើចំណុចលម្អិត និងកាលបរិច្ឆេទច្បាស់លាស់។

ឧបនាយករដ្ឋមន្រ្ដី ក៏បានសង្កត់ធ្ងន់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត កម្ពុជាបានឆ្លងកាត់ភាពលំបាក ពីអតីតកាលរួចហើយ ៕

Facebook Comments

To Top