នយោបាយ

អ្នកវិភាគ ជែម សុខ៖ EU យកពន្ធអង្ករកម្ពុជា គឺជារឿងវិជ្ជមានផង និងអវិជ្ជមានផង

ភ្នំពេញ៖ លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកវិភាគស្ថានការណ៍នយោបាយ បានលើកឡងថា សហភាពភាពអឺរ៉ុប (EU) សម្រេចយកពន្ធអង្ករកម្ពុជា គឺជារឿងវិជ្ជមានផង និងជារឿងអវិជ្ជមានផង ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប (EU) កាលពីថ្ងៃ១៦ មករា បានប្រកាសថា ចាប់ពីថ្ងៃទី១៨ មករា ការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ទៅកាន់សហភាពអឺរ៉ុប នឹងគិតពន្ធព្រោះការនាំចូលអង្ករ របស់ប្រទេសទាំងពីរ បានធ្វើឲ្យខូចខាត ដល់សេដ្ឋកិច្ចអ្នកផលិតអឺរ៉ុប។ ការសម្រេចគិតពន្ធនេះ ធ្វើឡើងតាមសំណើរបស់ រដ្ឋាភិបាលអ៊ីតាលី ដែលគាំទ្រដោយបណ្ដារដ្ឋ ជាសមាជិកកំពុងដាំដុះស្រូវ នៅសហភាពអឺរ៉ុបផ្សេងទៀតរួមមាន៖ អេស្ប៉ាញ , បារាំង , ព័រទុយហ្គាល , ក្រិក , ហុងគ្រី , រូម៉ានី និងប៊ុលហ្គារី ។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៩ មករានេះ លោក ជែម សុខ បានបញ្ជាក់ថា “ទស្សនៈរបស់ខ្ញុំបាទលើរឿង EU យកពន្ធលើអង្ករកម្ពុជា គឺជារឿងវិជ្ជមានផង និងអវិជ្ជមានផង ។ វិជ្ជមានគឺកម្ពុជា នឹងប្រឹងប្រែងស្វែងរក ទីផ្សារលក់អង្ករខ្លាំងក្លាជាងមុន។ អវិជ្ជមានគឺកម្ពុជាលំបាកជាមួយទីផ្សារ EU ។ ភាពវិជ្ជមានវាច្រើនជាងអវិជ្ជមាន នេះបើគិតតាមន័យ capitalism ។ ព្រោះថាទីណាមានការលំបាក ទីនោះមានការខិតខំ។ កម្ពុជាមិនខ្វះទីផ្សារលក់អង្ករទេ ឲ្យតែរាជការនិងគណៈពាណិជ្ជកម្ម ពួតដៃគ្នាប្រឹងប្រែង។ ដូច្នេះជាមេរៀនល្អទៅវិញទេ។ ខ្ញុំបាទមិនមើលឃើញបញ្ហាអ្វីធំដុំទេ” ។

បើតាមមន្រ្តីជាន់ខ្ពស់ របស់ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បានអះអាងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវិធានការការពារទីផ្សារ ដោយសារសហភាពអឺរ៉ុប (EU) កាត់ពន្ធលើការនាំអង្ករនៅកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ថា ក្រោយពីសហគមន៍អឺរ៉ុប (EU) ចាប់ផ្តើមគិតពន្ធលើការ នាំចូលអង្កររបស់កម្ពុជា នឹងធ្វើឲ្យកម្ពុជាខាតបង់ថវិកា ប្រមាណ ៥០លានដុល្លារ ក្នុងមួយឆ្នាំៗ ៕

Facebook Comments

To Top