កីឡា

អ្នកចូលរួមរត់ Angkor Ultra-Trail ឆ្នាំនេះ កើនឡើង ៣៥%

ភ្នំពេញ៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ 4th Angkor Ultra-Trail 2019 នៅតំបន់អង្គរ ខេត្តសៀមរាប បានចាប់ផ្ដើមដំណើរការហើយ ដោយមានអ្នកចូលរួមសរុបជាង ១,០០០នាក់មកពី ៤២ប្រទេសលើពិភពលោក ខណៈគណៈកម្មការរៀបចំបានអះអាងថា មានកំណើនប្រមាណ ៣៥% ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ កាលពីឆ្នាំ២០១៨ មានអ្នកចូលរួមប្រមាណ ៦០០នាក់ប៉ុណ្ណោះ តែឆ្នាំនេះ បានកើនដល់ជាង ១,០០០នាក់ ឬស្មើនឹងកំណើនប្រមាណ ៣៥% ។ លោកថា ការកើនឡើងដ៏ច្រើនហួសពីការរំពឹងនេះ ដោយសារប្រជាពលកម្ពុជា មានសុខសន្ដិភាព និងស្ថេរភាពនយោបានពេញលេញ ដើម្បីផ្ដល់ភាពកក់ក្ដៅ ក្នុងការអូសទាញកីឡាករកម្រិតពាក់កណ្ដាលអាជីព និងអាជីពទូទាំងពិភពលោកចូលរួម ។

លោកថា «នេះគឺជាឆ្នាំទី៤ ហើយ ដែលក្រសួងទេសចរណ៍ សហការជាមួយ NOCC, ក្រុមហ៊ុន Phoenix Voyages អាជ្ញាធរអប្សរា និងអាជ្ញាធរខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីពង្រីកផែនការពិពិតកម្មកីឡាទេសចរណ៍ និងផ្ដល់នូវជម្រើសថ្មីៗ សម្រាប់ភ្ញៀវទេសចរណ៍ ក្រោយទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ។ ហើយយើងសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកបង្កើនបន្ថែមប្រាក់ចំណូលដល់ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ ពិសេសជួយដល់ប្រព័ន្ធមីក្រូសេដ្ឋកិច្ចជាតិ» ។

គួរបញ្ជាក់ថា ចំពោះវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ដែលចេញដំណើរកាលពីព្រឹកមិញ នឹងបញ្ចប់នាព្រឹកថ្ងៃទី២០ ខែមករាស្អែក ។ ចំណែកវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និងរត់ចម្ងាយ ១៦គីឡូម៉ែត្រ ដែលចេញដំណើរកាលពីព្រឹកមិញ នឹងបញ្ចប់នៅរសៀលថ្ងៃដដែលនេះ ហើយនឹងរៀបចំពិធីបំពាក់មេដាយជ័យលាភីភ្លាមៗតែម្ដង លើកលែងតែវិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រប៉ុណ្ណោះ ដែលត្រូវបរៀបចំពិធីប្រគល់ជ័យលាភីស្អែក ៕

Facebook Comments

To Top