នយោបាយ

សម្ដេចតេជោ៖​ អនុស្សារណៈ​ និងកិច្ចព្រមព្រៀងមួយចំនួន បានពង្រាងរួច​ សម្រាប់ចុះហត្ថលេខាជាមួយ​ ភាគីចិន

ភ្នំពេញ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងថា​ អនុស្សារណៈ​ និងកិច្ចព្រមព្រៀងមួយចំនួន ត្រូវបានពង្រាងរួចរាល់​ សម្រាប់ចុះហត្ថលេខាជាមួយភាគីចិន​ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ ៣ថ្ងៃ​ ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុក​ នៅថ្ងៃទី១៩​ មករានេះថា​ នៅថ្ងៃអាទិត្យទី២០ ខែមករា ស្អែកនេះ សម្ដេចនឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនរយៈពេល៣ថ្ងៃ (២០-២៣ មករា ២០១៩) ។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ សម្ដេចមានគម្រោងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

សម្ដេចតេជោ​ បញ្ជាក់ថា​ “នៅក្នុងឱកាសនោះ យើងនឹងមានកិច្ចពិភាក្សាលើ ការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគផងដែរ។ អនុស្សារណៈនិងកិច្ចព្រមព្រៀងមួយចំនួន ត្រូវបានពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខា ជាមួយភាគីមិត្តចិន។ មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើង យ៉ាងច្រើនចាប់តាំងពីជំនាន់ សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ” ។

សម្ដេចក៏បានជូនពរបងប្អូនជនរួមជាតិ​ សប្បាយរីករាយថ្ងៃសម្រាកចុងសប្តាហ៍ និងជួបតែសេចក្តីសុខចម្រុងចម្រើនគ្រប់ៗគ្នា៕

Facebook Comments

To Top