ព័ត៌មានជាតិ

មូលនិធិ២៥៛ វីតាល់ ចែកស្បៀង និងថ្នាំសង្កូវ ជូនចាស់ជរាក្រីក្រ និងជនគ្មានផ្ទះសម្បែងជាង ២០០នាក់

ភ្នំពេញៈ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុន ផលិតទឹកពិសា គុណភាពខ្ពស់ និងល្បីល្បាញលើសកម្មភាព សប្បុរសធម៌ បានសហការជាមួយ នឹងក្រុមយុវជនស្មគ្រ័ចិត្តជាង ៥០នាក់ ដើរប្រមូលចាស់ជរាក្រីក្រគ្មានផ្ទះសំបែង ប្រមាណ ២០០នាក់នៅភ្នំពេញ មកទទួលយកភួយ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំសង្កូវមួយចំនួន ដើម្បីបំពេញនូវតម្រូវការ កំឡុងពេលរដូវធ្លាក់ខ្យល់ ឈានចូលមកដល់ ។

កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» បានរៀបចំនៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ ២០១៩ នៅក្នុងបរិវេនពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលផ្តល់កិត្តិយសដោយលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុនទឹកពិសាវីតាល់ ប្អូនៗអ្នកស្ម័គ្រចិត្ត និងក្រុមការងារវីតាល់ជាច្រើនអ្នក ។
បើតាមការសិក្សា ស្រាវជ្រាវរបស់យុវជនស្ម័គ្រចិត្ត បានបញ្ជាក់ថាលោកតាលោកយាយចាស់ជរា ដែលគ្មានផ្ទះសម្បែកជាង២០០នាក់នេះ ភាគច្រើនប្រកបរបររកស៊ីតូចតាច ពួកគាត់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ ពួកគាត់បានចាកចេញពីស្រុកកំណើតមកប្រកបរបរតិចតូចដើម្បីចិញ្ចឹមជីវិត អ្នកខ្លះលក់អំបោស សំលៀងកាំបិត និងកាន់ជញ្ជីង ដើរថ្លឹងគីឡូ។​ ល ។ ប្រាក់ចំណូលដែលពួកគាត់រកបាន គឺតិចតូចណាស់ដែលជាមធ្យម ក្រោម២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលធ្វើឲ្យគាត់ មិនមានលទ្ធភាពជួលផ្ទះ និងបង្ខំចិត្ត ដើរសំរានតាមសំយ៉ាបផ្ទះអ្នកដទៃ ។

ដោយសារតែមើលឃើញ ការលំបាកច្រើនសណ្ឋានបែបនេះ ស្របពេលនឹង ខែធ្លាក់ខ្យល់ នឹងឈានចូលមកដល់ មូលនិធិវីតាល់បានពាំនាំ កម្មវិធី «វីតាល់ផ្តល់ភាព កក់ក្តៅលើកទី៣» ដែលនឹងពាំនាំមកនូវអំណោយជាភួយដ៏កក់ក្តៅ អង្ករ១០គីឡូ ថ្នាំសង្កូវ និងថវិកា ជូនពួកគាត់ ដែលរំពឹងថា អាចនឹងជួយសម្រួល ដល់ជីវភាពលោកតា លោកយាយមួយគ្រា កំឡុងពេលធ្លាក់ខ្យល់។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា លោកស្រីពិតជាមានចិត្តរំភើបនិង រីករាយជាខ្លាំងដែលបានដឹកនាំក្រុមការងារវីតាល់ ឲ្យមានវត្តមាននៅទីនេះដើម្បីប្រារព្ធកម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅទី៣» ដែលជាកម្មវិធីសប្បុរសធម៌ចែកភួយ និងស្បៀង ដ៏ធំមួយប្រចាំឆ្នាំ ដើម្បីជួយដល់ចាស់ជរា ដែលមាន ជីវភាព ក្រលំបាកជាង២០០នាក់ ដែលកំពុងរស់តាមទីសាធារណៈនៅក្នុងទីក្រុងភ្នំពេញ។ លោកជំទាវបន្តថា ការប្រារព្ធកម្មវិធីនេះឡើងគឺផ្អែកលើគោលបំណងធំៗ៤គឺ ១.មានបំណងពង្រឹង វប្បធម៌ចែករំលែក ២.បង្កើនផ្តល់ភាពកក់ក្តៅ ដល់ដូនចាស់ក្នុងពេលរដូវ រំហើយចូលមកដល់ ៣.លើកទឹកចិត្តឲ្យមានការចូលរួម ពីសាធារណជន និង ៤.បំពេញបន្ថែម នូវកង្វះខាតស្បៀង និងថ្នាំសង្កូវដល់ជនចាស់ជរា ។

ឈ្លៀតក្នុងឱកាសនេះ លោកស្រីអគ្គនាយិកា បានថ្លែងអំណរគុណ ដល់ក្រុមយុវជនស្ម័គ្រចិត្តជាង ៥០នាក់ ដែលបានចូលរួមក្នុងការងារស្ម័គ្រចិត្ត នៅថ្ងៃនេះ ដែលការចូល រួមនេះគឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបង្ហាញកាន់តែច្បាស់ពីសាមគ្គីភាព របស់យុវជនក្នុងសង្គមខ្មែរយើង ។

លោកស្រី បានបញ្ជាក់ថា ទស្សនវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាព សប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្ត និងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ ។ វីតាល់ប្តេជ្ញាថា នឹងយកកញ្ចប់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីជូនផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ ។ ដូច្នេះសូមចងចាំថា គ្រាន់តែអតិថិជនវីតាល់ ជាវទឹកមួយដប គឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែក ក្នុងការជួយអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ» ៕

Facebook Comments

To Top