នយោបាយ

ប្រមុខការទូតកម្ពុជា នឹងលើកយកបញ្ហាមួយចំនួន ជម្រាបជូន ស្នងការពាណិជ្ជកម្ម EU ដើម្បីកុំឲ្យដក EBA ពីកម្ពុជា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានថ្លែងថា លោកនឹងជម្រាបជូន ស្នងការពាណិជ្ជកម្ម សហភាពអឺរ៉ុប (EU) ពីវិធានការ ដែលរាជរដ្ឋាភិបាលបានធ្វើ ក៏ដូចជាផែនការ និងវិធានការ ដែលកម្ពុជានឹងធ្វើនៅថ្ងៃអនាគត ពាក់ព័ន្ធលំហនយោបាយ ដើម្បីឲ្យ EU បន្តប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ដល់កម្ពុជា ។

លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចស៊ែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ។ លោក ប្រាក់ សុខុន ក៏នឹងជួបពិភាក្សា ជាមួយលោកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាពអឺរ៉ុប ពាក់ព័ន្ធបញ្ហា EBA ផងដែរ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក លោក Scott Ryan ប្រធានព្រឹទ្ធសភាអូស្រ្តាលី នាព្រឹកថ្ងៃទី១៩ មករានេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា ប្រធានព្រឹទ្ធសភាអូស្រ្តាលី បានកោតសរសើរចំពោះការរៀបចំ កិច្ចប្រជុំសភាអាស៊ីប៉ាស៊ីហ្វិក (APPF) លើកទី២៧ នៅខេត្តសៀមរាប ។

លោក Scott Ryan បន្តថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តកិច្ចសហប្រតិបត្តិការរឹងមាំ និងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងទេសចរណ៍ជាដើម ។ លោកថា លោកបានលេចលឺព័ត៌មានថា កម្ពុជាអនុញ្ញាតឲ្យមាន មូលដ្ឋានយោធាបរទេស នៅលើទឹកដីខ្លួន ។

ពាក់ព័ន្ធបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើលិខិតឆ្លើយតប ទៅអនុប្រធានាធិបតីអាមេរិក លោក Mike Pence ដែលក្នុងនោះបញ្ជាក់ថា កម្ពុជាអនុវត្តន៍តាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យមាន វត្តមានទ័ពបរទេសនៅលើទឹកដីកម្ពុជា ក៏ដូចជា មិនត្រូវការវត្តមាន ឬការចូលរួមពីកងទ័ពបរទេស ដើម្បីវាយប្រហារទៅអ្នកណាមួយដែរ ។

លោក កេត សោផាន់ គូសបញ្ជាក់ថា “ទាក់ទិននឹងបញ្ហា EBA លោកឧបនាយករដ្ឋមន្ត្រី នឹងជួបពិភ្សាជាមួយ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ហើយជម្រាបជូនពីវិធានការអ្វីខ្លះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើ ក៏ដូចជាផែនការ និងវិធានការអ្វីខ្លះ ដែលកម្ពុជានឹងធ្វើនៅថ្ងៃអនាគត ពាក់ព័ន្ធនឹងលំហនយោបាយ ក៏ដូចជាសេរីភាពសារព័ត៌មាន និងកិច្ចការផ្សេងៗដូចជា សហជីពជាដើម” ។

លោកបន្ថែមថា កន្លងមកកម្ពុជា ក៏បានឆ្លើយតបចំពោះកង្វល់មួយចំនួន ដែល EU បានលើកឡើងហើយដែរ ហើយក្នុងជំនួបនាពេលខាងមុខនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងបន្តជម្រាបជូនស្នកការពាណិជ្ជកម្មបន្ថែមទៀត ។

សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធក្រោម កម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ក្រោមប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា បានរួចផុតពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។

ក្នុងករណីដែលសហភាពអឺរ៉ុប សម្រេចជាផ្លូវការដក EBA ពីកម្ពុជា គឺទីផ្សារអឺរ៉ុប នៅតែបើកចំហរ សម្រាប់កម្ពុជាដដែល ប៉ុន្តែគ្រាន់តែមានបន្ថែម តម្លៃពន្ធដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំ កសាងអភិវឌ្ឍន៍ខ្លួនឲ្យរួចផុត ពីភាពក្រីក្រដើម្បីមានកម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA គឺសម្រាប់ប្រទេសក្រីក្រ ក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សា EU ដោយមានការអនុគ្រោះពន្ធ ហើយមិនអាចផ្តល់ជូនជារៀង រហូតនោះបានឡើយ ៕

ដោយ​៖ ខា ដា

Facebook Comments

To Top