នយោបាយ

កម្ពុជា ប្រាប់អូស្ត្រាលីថា កម្ពុជាមិនត្រូវការវត្តមាន ឬការចូលរួមពីទ័ពបរទេស ដើម្បីវាយប្រហារទៅអ្នកណាមួយឡើយ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានបញ្ជាក់ប្រាប់ប្រធានព្រឹទ្ធសភាអូស្រ្តាលីថា កម្ពុជាមិនអនុញ្ញាតឲ្យមាន មូលដ្ឋានយោធាបរទេស នៅលើទឹកដីឡើយ ជាពិសេសក៏មិនត្រូវការការចូលរួម ពីយោធាបរទេស ដើម្បីវាយប្រហារទៅអ្នកណាមួយដែរ ។

កាលពីពេលកន្លងទៅ សារព័ត៌មានបរទេសឈ្មោះ Asia Times បានផ្សព្វផ្សាយថា អនុប្រធានាធិបតីអាមេរិក លោក Mike Pence បារម្ភអំពីបញ្ហាមូលដ្ឋាន កងទ័ពជើងទឹកចិន ដែលកំពុងរីកចម្រើន នៅកម្ពុជា ដែលអាចដាក់រាជធានីភ្នំពេញ ជាបេះដូងនៃការកើនឡើង នៃភាពតានតឹងរវាង មហាអំណាចពិភពលោក ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក លោក Scott Ryan ប្រធានព្រឹទ្ធសភាអូស្រ្តាលី នាព្រឹកថ្ងៃទី១៩ មករានេះ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា លោក Scott Ryan ថា លោកបានលេចលឺព័ត៌មានថា កម្ពុជាអនុញ្ញាតឲ្យមាន មូលដ្ឋានយោធាបរទេស នៅលើទឹកដីខ្លួន ។

ពាក់ព័ន្ធបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា “សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើលិខិតឆ្លើយតប ទៅអនុប្រធានាធិបតីអាមេរិក លោក Mike Pinec ដែលក្នុងនោះបញ្ជាក់ថា កម្ពុជាអនុវត្តន៍តាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យមាន វត្តមានទ័ពបរទេសនៅលើទឹកដីកម្ពុជា ក៏ដូចជា មិនត្រូវការវត្តមាន ឬការចូលរួមពីកងទ័ពបរទេស ដើម្បីវាយប្រហារទៅអ្នកណាមួយដែរ” ។

ក្នុងឱកាសបើកពិធីបុណ្យ សមុទ្រលើកទី៧ នៅខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការហួសចិត្តចំពោះលោក Mike Pence អនុប្រធានាធិបតីអាមេរិក ដែលចោទកម្ពុជាអនុញ្ញាតឲ្យមាន មូលដ្ឋានយោធាបរទេសខណៈដែលសម្ដេច ក៏បានបញ្ជាក់ច្បាស់ៗថា កម្ពុជាដាច់ខាតមិន អនុញ្ញាតឲ្យមានមូលដ្ឋាន យោធាបរទេសនោះទេ ។

សម្ដេចតេជោមានប្រសាសន៍ថា ”សូមអស់លោកកុំធ្វើបាបកម្ពុជាបន្តទៀត អស់លោកមិនមកជួយធ្វើការ អភិវឌ្ឍន៍ហើយច្រណែន គេមកអភិវឌ្ឍន៍ អស់លោកចោទថាកម្ពុជា មានមូលដ្ឋាន កងទ័ពបរទេស។ ខ្ញុំមិនយល់ពីអនុប្រធានាតិបតីអាមេរិកដែល សរសេរលិខិតមក ខ្ញុំយ៉ាងដូច្នោះ ។ កម្ពុជាគ្មានតម្រូវយោធា បរទេស ខ្ញុំមិនអនុញ្ញាតឲ្យទិញ នាវាមុជទឹកមកដាក់ នៅកម្ពុជានោះទេ” ៕

ដោយ៖ ខា ដា

Facebook Comments

To Top