ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងសាធារណការ ៖ សព្វថ្ងៃពលរដ្ឋជាង១ម៉ឺននាក់ ប្រើប្រាស់ App ក្រសួងរាយការណ៍បញ្ហាអសកម្ម

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង១ម៉ឺននាក់ បានប្រើប្រាស់កម្មវិធីថែទាំផ្លូវ ROAD CARE mobile app របស់ក្រសួង ក្រោយពីបានដាក់ដំណើរការ នាពេលថ្មីៗនេះ។

កាលពីថ្ងៃទី ១៣ ធ្នូ កម្មវិធីថែទាំផ្លូវ ROAD CARE mobile app ត្រូវបានដាក់ឲ្យប្រើប្រាស់ យកដោយឥតគិតថ្លៃ នៅលើ App Store និង Play Store ក្នុងទូរសព្ទដៃ។

ក្នុងពិធីបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា “សព្វថ្ងៃនេះ ខ្ញុំសូមរាយការណ៍ជូនសម្ដេចថា ជនរួមជាតិយើងជាង១ម៉ឺននាក់ហើយ បានទាញយកទាំងក្នុង Apple Store និង Google Play ចូលក្នុង Smart Phone របស់គាត់ដើម្បីផ្ដល់ព័ត៌មានមកឲ្យយើង”។

កម្មវិធីថែទាំផ្លូវ ROAD CARE mobile app អាចឲ្យប្រជាពលរដ្ឋ រាយការណ៍ដោយផ្ទាល់ ពីស្ថានភាពជង្ហុកសំបុកមាន់ ឬផ្លូវខូចទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការជួសជុលបានទាន់ពេលវេលា។ ព័ត៌មានទាំងអស់អំពីជង្ហុកសំបុកមាន់ និងផ្លូវខូចដែលត្រូវបានរាយការណ៍ ដោយប្រជាពលរដ្ឋ តាមរយៈការបង្ហោះ ជារូបថត និងវីដេអូនៅ នឹងត្រូវបានបញ្ជូនទៅកាន់ក្រុមការងារ ទទួលបន្ទុករបស់មន្ទីរសាធារណការទាំង២៥ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការជួសជុល។

កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពផ្លូវ ដែលទាមទារឲ្យមានការជួសជុល និងថែទាំទូទាំងប្រទេស តាមរយៈការរាយការណ៍ពីស្ថានភាពជង្ហុក សំបុកមាន់ និងផ្លូវខូចដោយអ្នកប្រើប្រាស់៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top